​មិន​ទាន់​មាន​អ្នក​ខ្លាំង​ស្នង​តំណែងទេ ក្រោយ​នាង​ចូល​និវត្តន៍


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ នៅ​ក្នុង​សហព័ន្ធ​កីឡា​ចំបាប់​មិន​ទាន់​មាន​កីឡាករ ឬ​កីឡាការិនី​រូប​ណា ឈោង​ចាប់​បាន​នូវ​ភាព​ល្បីល្បាញ​ឱ្យ​ស្មើនឹង​កីឡាការិនី ចូ​វ សុធា​រ៉ា នៅឡើយ​ទេ ចាប់តាំងពី​នាង​សម្រេចចិត្ត​ចូល​និវត្តន៍​ឈប់​ទទួលយក​ការ​ប្រកួត ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ពិតជា​ប្រឈម​នឹង​ការ​ពិបាក​ស្វែងរក​ជើង​ខ្លាំង​មក​ជំនួស ចូ​វ សុធា​រ៉ា ប៉ុន្តែ​លោក​ថា សហ​ព័ន្ធ​បាន​ប្រឹងប្រែង​បណ្ដុះ​កីឡាករ និង​កីឡាការិនី​ល្អ ដើម្បី​កុំឱ្យ​សហព័ន្ធ​ទាំងមូល​បាត់​បង់​​កេរ្តិ៍ឈ្មោះ និង​ភាព​ល្បីល្បាញ​ដែល​ធ្លាប់​មាន ។ លោក​ថា បច្ចុប្បន្ន​សហព័ន្ធ​ហាក់​ពិបាក​រក​អ្នក​ស្នង​តំណែង​កីឡាការិនី​ឆ្នើម ចូ​វ សុធា​រ៉ា យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​មាន​ស្នាដៃ ក្នុង​ការ​ដណ្ដើម​យក​មេដាយ​ធ្វើ​ឱ្យ​កីឡា​ចំបាប់​កម្ពុជា​ខ្ទរខ្ទារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។

លោក​ថា តាំងពី ចូ​វ សុធា​រ៉ា ប្រកាស​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០១៤ សហព័ន្ធ​ពិតជា​ស្ងាត់​សកម្មភាព និង​ស្នាដៃ​ក្នុង​ការ​ដណ្ដើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ ។ ការ​លើក​ឡើង​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​ស្របគ្នា​ដែល​ខាង​សហព័ន្ធ​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​៥​នាក់​ទៅ​ប្រកួត​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នា​ខែសីហា ខាង​មុខ ដោយ​ក្នុង​នោះ​មាន​កីឡាការិនី​៣​រូប​ផង​ដែរ ប៉ុន្តែ​លោក​ថា​អាច​នឹង​ពិបាក​រកបាន​អ្នក​ខ្លាំង​ឱ្យ​ស្មើនឹង ចូ​វ សុធា​រ៉ា ដែល​ឱ្យ​តែ​ចេញ​ទៅ​គឺ​ដណ្ដើម​បាន​មេ​ដាយ​ជូន​ជាតិ​ត្រឡប់​មកវិញ ។

អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ​បាន​បញ្ជាក់​ថា ទោះបី​កីឡា​ចំបាប់​ទទួល​បានការ​យក​ចិត្តទុកដាក់​ដូច​កីឡា​ដទៃ ពិសេស​ផ្នែក​កីឡាការិនី​ក្ដី ប៉ុន្ដែ​ការ​ស្វែងរក​កីឡាការិនី​ឆ្នើម ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល​អតីត​កីឡាការិនី ជម្រើសជាតិ ចូ​វ សុធា​រ៉ា គឺជា​រឿង​មិន​ងាយ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​ខាង​សហព័ន្ធ​ត្រូវការ​ដណ្ដើម​ឱ្យ​បាន​មេដាយ​ដូច​ចូ​វ សុធា​រ៉ា ដើម្បី​ឱ្យ​កេរ្តិ៍ឈ្មោះ​សហព័ន្ធ​ឈាន​ឡើង ។ ការ​អះអាង​នេះ ដោយ​សារ​លោក​ពិនិត្យ​ទៅ​លើ​សមត្ថភាព និង​ការ​ព្យាយាម​ខិតខំ​ប្រឹងប្រែង​របស់​កីឡា​ការិនី​ម្នាក់​ៗ បើ​ប្រៀបធៀប​នឹង​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​មជា​ច្រើន​ជំនាន់ ចូ​វ សុធា​រ៉ា គឺ​នៅ​តែ​ពិបាក​ប្រដូច​គ្នា ។

យ៉ាងណាមិញ លោក​ថា កីឡាករ​កីឡាការិនី​ដែល​បាន​បញ្ជូន​ទៅ ក៏​មាន​សមត្ថ​ភាពល្អ​ៗ​ផង​ដែរ តែ​អាច​បណ្ដាល​មក​ពី​ពួក​គេ​នៅ​មិន​ទាន់​មានសំណាង​ដណ្ដើម​បាន​មេ​ដាយ​មាស​ពី​ស៊ី​ហ្គេ​ម​ប៉ុណ្ណោះ ទើប​មិន​ទាន់​ល្បី​។

លោក ធិ​ន វិចិត្រ បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថា លោក​ពិតជា​ពិបាក​ប្រៀបធៀប​រវាង​កីឡាករ​ថ្មី និង​ចូ​វ សុធា​រ៉ា តែបើ​និយាយ​ឲ្យ​ត្រង់ កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា យើង​ពិបាក​រក​អ្នក​ទី​២​ឱ្យ​ប្រហាក់ប្រហែល​នឹង​នាង​ណាស់ ។ ប៉ុន្ដែ​ដោយសារ​ប្រភេទ​ទម្ងន់​ខុស​គ្នា គឺ​ចូ​វ សុធា​រ៉ា គាត់​លេង​តែ​២​ប្រភេទ​ទម្ងន់​ទេ ដូច​ជា​ការ​ឈ្នះ​មេដាយ​មា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០០៩ នៅ​ឡាវ គាត់​លេង​ទម្ងន់​៤៨​គីឡូក្រាម និង​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៣ នៅ​មី​យ៉ា​ន់​ម៉ា គាត់​លេង​ទម្ងន់​៤៤​គីឡូក្រាម​។

អ៊ីចឹង​សម្រាប់​កីឡាការិនី​ត្រៀម Asian Games លើក​នេះ ២​រូប​គឺជា​កីឡាការិនី​ថ្មី ទើប​ចេញ​ពី​ថ្នាល ហើយ​ពួក​គេ​នឹង​មាន​ពេលវេលា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​»​។  លោក​ថា ក្ដី​សង្ឃឹម​របស់​កីឡាការិនី​ថ្មី​ៗដែល​បាន​បញ្ជូន​ឱ្យទៅ​ដណ្ដើម​មេដាយ​គឺ​តែងតែ​មាន ប៉ុន្តែ​បើ​ឱ្យ​ជឿជាក់​ដូច​គ្នា​ការ​បញ្ជូន ចូ​វ សុធា​រ៉ា ទៅ​វិញ​គឺ​មិន​ទាន់​ប្រាកដ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា កីឡាការិនី ចូ​វ សុធា​រ៉ា គឺជា​អ្នក​ចំបាប់​ដ៏​មានបទពិសោធន៍ និង​ធ្លាប់​ដណ្ដើម​​បាន​មេដាយ​ជា​ច្រើន ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ហើយ​ក៏​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ព្រឹត្តិការណ៍ Asian Games កាលពី​ឆ្នាំ​២០១០ នៅ​ប្រទេស​ចិន​ផង ក្នុង​ចំណោម​ការ​បង្ហាញ​វត្តមាន​៣​ដង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​៤​ឆ្នាំ​ម្ដងនេះ​។

តែបើ​ធៀប​នឹង​កីឡាការិនី ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា Asian Games ឆ្នាំ​២០១៨ នៅ​ឥណ្ឌូ​ណេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា ខាង​មុខ សុទ្ធតែ​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​ពួក​គេ រួម​មាន​កីឡាការិនី ជ័យ ច័ន្ទ​រស្មី ប្រកួត​ទម្ងន់ ៥៣​គីឡូក្រាម​, កីឡាក​រិ​នី ឌិ​ត សំណាង ប្រកួត​ទម្ងន់​៥០​គីឡូក្រាម និង​កីឡាការិនី ឌ​ន ស្រស់ ប្រកួត​ទម្ងន់​៥៧​គីឡូក្រាម​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ