ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​មនុស្ស​និយាយ​ចាក់បណ្តោយ

5 ឆ្នាំ មុន

យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​មនុស្ស​ខ្លះ​ដែល​និយាយ​ចាក់បណ្តោយ ហី​អើ​តាម​ជា​និច្ច ព្រោះ​អ្នក​និយាយ​ចាក់បណ្តោយ​ខ្លះ​គេ​មិន​មានគំនិត​ចង់​ឲ្យ​យើង​ចម្រើន​នោះ​ទេ គេ​មាន​តែ​ត្រេកអរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុន​ដា រង​ទុក្ខវេទនា​។ ចំពោះ​មិត្ត​ប្លម​គេ​មានចិត្ត​ប្រឡងប្រណាំង​ជាមួយ​យើង​ជា​និច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​ចម្រើន គេ​មិន​ចោល​យើង​ទេ គេ​តែង​ពឹងពាក់​យើង​ឱបដៃឱបជើង…

យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​មនុស្ស​ខ្លះ​ដែល​និយាយ​ចាក់បណ្តោយ ហី​អើ​តាម​ជា​និច្ច ព្រោះ​អ្នក​និយាយ​ចាក់បណ្តោយ​ខ្លះ​គេ​មិន​មានគំនិត​ចង់​ឲ្យ​យើង​ចម្រើន​នោះ​ទេ គេ​មាន​តែ​ត្រេកអរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុន​ដា រង​ទុក្ខវេទនា​។

ចំពោះ​មិត្ត​ប្លម​គេ​មានចិត្ត​ប្រឡងប្រណាំង​ជាមួយ​យើង​ជា​និច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​ចម្រើន គេ​មិន​ចោល​យើង​ទេ គេ​តែង​ពឹងពាក់​យើង​ឱបដៃឱបជើង តែ​នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ ឬ​មាន​សេចក្តី​ប្រមាទ​ភ្លាំងភ្លាត់​នៅ​ក្នុង​ការងារ​ភ្លាម គេ​ក៏​ជួយ​ច្រាន​យើង​ដោយ​ពាក្យ​សរសើរ ដោយ​សម្តី​បញ្ជោរ​ក្នុង​បំណង​កុំ​ឲ្យ​យើង​មើលឃើញ​នូវ​ការ​ប្រហែសធ្វេស​របស់​យើង​។

លុះដល់​កំហុស​នោះ​កាន់តែ​ច្រើន គេ​ក៏​ដើរ​ខ្សឹប ដើរ​និយាយ​ប្រាប់​អ្នក​ដទៃ​នូវ​អ្វី​ៗ​ដែល​ជា​កំហុស​របស់​យើង ថែម​ទាំង​ប្រឌិត​រឿងអាស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ថែម​ទៀត គឺ​ដល់​ពេល​ដែល​ធាក់​យើង​ឲ្យ​ខ្ទាត​ចេញ ដើម្បី​គេ​ស៊ីដាច់​កន្លែង​នោះ​តែ​ម្តង ព្រោះ​គេ​ឃ្លាន​ជា​យូរ​មក​ហើយ ។

មាន​កល្យាណ​បុគ្គល​ខ្លះ​មិន​ហ៊ាន​ហាមឃាត់​យើង​ដែល​ធ្វើ​នូវ​អំពើ​ឆ្គាំឆ្គង​ទេ មក​អំពី​គេ​ខ្លាច​យើង​ខឹង ខ្លាច​យើង​ស្អប់​គេ បានជា​គេ​មិន​ហ៊ាន​ឃាត់ តែ​គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន បើ​គេ​មាន​សន្តាន​ចិត្តល្អ ព្យាយាម​ដឹកនាំ​ឲ្យ​យើង​ស្តាប់ធម៌ រៀន​ធម៌ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោលបំណង​ឲ្យ​យើង​មាននូវ​ស្មារតី​វៀរចាក​អំពើ​សៅហ្មង​ដោយ​ខ្លួនឯង និង​ប្រាប់​ឱ្យ​យើង​ដឹង​នូវ​កំហុសឆ្គង​ទាន់​ពេលវេលា​។

ពិត​មែនហើយ​មនុស្ស​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ការ​ជ្រើសរើស​មិត្ត​មិនមែន​ជា​ការ​ផ្សងព្រេង​ដូច​ចាក់​ឆ្នោត​ទេ គឺ​ត្រូវ​តែ​សិក្សា​អំពី​លក្ខណៈ​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់លាស់​។ តាម​ពិត​ព្រះពុទ្ធ​ជា​កល្យាណមិត្ត​មួយ​ព្រះ​អង្គ​ដ៏​កំពូល​ជាមួយនឹង​ពុទ្ធបរិស័ទ​ទូទៅ ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​រហូត​បាន​សម្រេច​ទាំងមូល ដោយ​អាស្រ័យ​ព្រះ​អង្គជា​កល្យាណមិត្ត តាមដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់ថ្ងៃ ខុស​ឬ​ត្រូវ​យ៉ាងណា​ៗ ព្រះ​អង្គ​ហ៊ាន​ជួយ​ថា ជួយ​ប្រាប់ និង​ជួយ​បង្ហាញ​ផ្លូវត្រូវ​ឱ្យ​ដើរ​ទៀត​ផង ។

មនុស្ស​ល្អ​កម្រ​រកបាន​ណាស់ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើបាប​បាន​ដោយ​ងាយ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​អំពើ​អបាយ​នោះ​ទៀត​ផង ។