ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរុក​អ៊ុត​កៅស៊ូ​ពង្រីក​ផ្លូវ​ត​ភ្ជាប់​ស្ពាន​អាកាស​ឱ្យ​រួចរាល់​មុន​សម្ពោធ​ថ្ងៃ​ទី​២៤ មិថុនា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៤ មិថុនា ២០១០ ខាង​មុខ គឺជា​ថ្ងៃ​កំណត់​សម្ពោធបើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​ អាកាសក្បាលថ្នល់​ដែល​តាម​គំរោង គឺ​ប្រព្រឹត្ដ​ធ្វើក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ។ មុន​ថ្ងៃ​សម្ពោធ​ឈាន​ចូលមក​ដល់ សាលា​រាជធានី​ភ្នំពេញ​រួម​ជាមួយក្រុមហ៊ុន​ស្ថាបនាបាន​និង​កំពុង​សំរុក​ យ៉ាងមមាញឹក​ទាំង​យប់​ទាំង​ថ្ងៃ​បង្ហើយ​ការងារដែល​សេសសល់​មួយ​ចំនួន ជា​ពិសេស​ការពង្រីក​មហាវិថី​ព្រះ​មុនី​វង្ស​ផ្នែក​ខាងក្រោមស្ពាន​ឱ្យ​បាន​ធំ ​ទូលាយ ការ​ដាក់​ភ្លើងស្ដុប ព្រមទាំង​ការងារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២០ មិថុនា ក្រុមហ៊ុន​ឯក ជន​មួយ​ឈ្មោះ T.C.M បាន​ទទួល​បន្ដ​ពីសាលា​រាជធានី​ភ្នំពេញ​ក្នុង​ ការ​អ៊ុត​ពង្រីក​ផ្លូវជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃសម្ពោធ​ទី ​២៤ មិថុនា ហើយ​ការងារ​នេះ​មានការ​ចូលរួម​ចុះ​ជួយ​សំរួល​ជា​ប្រចាំ​ពី​ អាជ្ញាធរខណ្ឌចំការមន ដឹកនាំ​ដោយ​លោក​ឡូ យុយ អភិបាល​ខណ្ឌ ។

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៤ មិថុនា ២០១០ ខាង​មុខ គឺជា​ថ្ងៃ​កំណត់​សម្ពោធបើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាសក្បាលថ្នល់​ដែល​តាម​គំរោង គឺ​ប្រព្រឹត្ដ​ធ្វើក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ។ មុន​ថ្ងៃ​សម្ពោធ​ឈាន​ចូលមក​ដល់ សាលា​រាជធានី​ភ្នំពេញ​រួម​ជាមួយក្រុមហ៊ុន​ស្ថាបនាបាន​និង​កំពុង​សំរុក​យ៉ាងមមាញឹក​ទាំង​យប់​ទាំង​ថ្ងៃ​បង្ហើយ​ការងារដែល​សេសសល់​មួយ​ចំនួន ជា​ពិសេស​ការពង្រីក​មហាវិថី​ព្រះ​មុនី​វង្ស​ផ្នែក​ខាងក្រោមស្ពាន​ឱ្យ​បាន​ធំ​ទូលាយ ការ​ដាក់​ភ្លើងស្ដុប ព្រមទាំង​ការងារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២០ មិថុនា ក្រុមហ៊ុន​ឯក ជន​មួយ​ឈ្មោះ T.C.M បាន​ទទួល​បន្ដ​ពីសាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​អ៊ុត​ពង្រីក​ផ្លូវជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃសម្ពោធ​ទី​២៤ មិថុនា ហើយ​ការងារ​នេះ​មានការ​ចូលរួម​ចុះ​ជួយ​សំរួល​ជា​ប្រចាំ​ពី​អាជ្ញាធរខណ្ឌចំការមន ដឹកនាំ​ដោយ​លោក​ឡូ យុយ អភិបាល​ខណ្ឌ ។

លោកមា សំ តំណាង​ក្រុមហ៊ុន​អ៊ុត​ផ្លូវ​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា តាម​ការ​ណែនាំ​របស់លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​របស់​លោក​បាន​និង​កំពុង​សំរុក​ធ្វើការ​ពង្រីក​ផ្លូវ និង​ចាក់​អ៊ុត​កៅស៊ូ​ឱ្យ​រួចរាល់មុន​ថ្ងៃ​សម្ពោធ ដែល​ការ​ពង្រីក​គឺ​ចាប់ពី​ស្ពានអាកាស​ក្បាលថ្នល់​រហូត​ដល់​ស្ថានីយ​ប្រេងឥន្ធនៈ​ច្រមុះជ្រូក​ក្នុង​ប្រវែង​២៥០​ម៉ែត្រ ។ ការ​ពង្រីក​កំណាត់​ផ្លូវ​នេះ​គឺ​ឱ្យ​បាន​ទទឹង​១២ម៉ែត្រ​កន្លះ​ម្ខាង​គិត​ពី​អ័ក្ស​ផ្លូវ ដើម្បី​ឱ្យ​បានធំ​ទូលាយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កាត់​បន្ថយ​ការ​កកស្ទះ​ច​រាចរណ៍ ។

លោក​ជា ពិសិដ្ឋ មន្ដ្រី​ជំនាញ​សាលា​រាជ ធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ជា​រួមការ​ស្ថាបនាស្ពាន​អាកាស​ក្បាលថ្នល់​នេះ គឺ​ជិត​រួចរាល់១០០%​ហើយ ហើយ​ពេល​នេះ​ក្រុមការងារកំពុង​សំរុក​ពង្រីក​ផ្លូវ​ឱ្យ​បាន​ធំ​ទូលាយ​ជាមួយនឹង​ការងារ​ដាក់​ភ្លើងស្ដុប និង​ស្ថាបនា​សួនក្រោម​ស្ពាន ។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ក៏​មានការងារ​មួយ​ចំនួន​តូច​នៅ​សេសសល់​ចៀស​មិន
ផុត ជាក់ស្ដែង​សួនច្បារ​ខាងក្រោម​ស្ពាន​អាចនៅ​សល់​តិចតួច គឺ​ទាល់តែ​បើក​ឱ្យ​ប្រើប្រាស់ស្ពាន ហើយ​បិទ​ចរាចរណ៍​មួយ​ផ្នែក​ណាមួយ ដើម្បី​ស្ថាបនា​សួន​បញ្ចប់ និង​កំណាត់​ផ្លូវ​ដែលនៅ​សល់​ប្រមាណ​៥០​ម៉ែត្រ​ពី​ច្រមុះជ្រូកស្ថានីយប្រេងឥន្ធនៈ​ដែល​ត្រូវ​ស្ថាបនា​តាមក្រោយ តែ​ការងារ​សំខាន់​ៗ​បាន​រួចរាល់​ទាំងស្រុង​ហើយ ។

គួរ​រំលឹក​ថា ស្ពាន​អាកាស​ក្បាលថ្នល់នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ ឧសភា ២០០៩ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ដ៏​ធំ​មួយ គឺ​ក្រុមហ៊ុន O.C.I.C ដែលមាន​លោក​ឧកញ៉ា​ពុង ឃាវ​សែ ជា​ប្រធាន ដោយ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិន​គិត​ពី​ស្ពានព្រះ​មុនី​វង្ស​ថ្មី​ដែល​ទឹកប្រាក់​ស្ថាបនា​បាន​មក​ពី​ការ​ជួល​ដី​កោះ​ពេជ្រ​ឱ្យ​ក្រុមហ៊ុន​វិនិយោគរយៈពេល​៩៩​ឆ្នាំ ។ ស្ពាន​អាកាស​ក្បាលថ្នល់នេះ​បាន​បើក​ការដ្ឋាន​ស្របគ្នា​នឹង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្រោម អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ស្ពាន​នេះ មាន​បណ្ដោយ​ប្រវែង​៣០៨​ម៉ែត្រ លាតសន្ធឹង​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​អតីត មន្ទីរពេទ្យ​ការងារ រហូត​ដល់​មុខ​អគ្គស្នងការដ្ឋា​ន​នគរបាល​ជាតិ មហាវិថី​ព្រះ​នរោត្ដម មាន ទទឹង​១៤,២​ម៉ែត្រ កំពស់​ត្រង់​ចំណុចកណ្ដាល៨​ម៉ែត្រ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​សាលារាជធានី​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​សម្ពោធ ស្ពាន​អាកាស​ក្បាលថ្នល់​ដែល​ជា​សមិទ្ធផល​ជាប្រវត្ដិសាស្ដ្រ​ស្ថិត​ក្នុង​ព្រំប្រទល់​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ដើម្បី​ឱ្យ​ការ​រៀបចំ​ពិធី​ដ៏អធិកអធម​ខាងលើ​ប្រកបដោយ​ជោគជ័យមាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ សាលារាជធានី​នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ធ្វើ​ចរាចរ​របស់​យានយន្ដ​គ្រប់​ប្រភេទ​លើ​កំណាត់មហាវិថី​ព្រះ​នរោត្ដម ចាប់ពី​រង្វង់​មូល​ក្បាលថ្នល់​ដល់​មុខក្រសួង​មហាផ្ទៃ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១០ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ ២០១០ ។ ផុតកំណត់​រយៈពេល​នេះការ​ធ្វើចរាចរណ៍​នឹង​ដំណើរការ​ប្រក្រតី​ឡើង​វិញ ដោយ​រួម​ទាំង​ការ​អនុញាត​ឱ្យធ្វើ​ចរាចរណ៍លើ​ស្ពាន​អាកាស​ក្បាលថ្នល់​សំរាប់​ទិស​ដៅចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​ផងដែរ ៕