ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​៧​ចំណុច​នេះ​រួច​នឹង​ដឹង​ថា Ronaldo ជា​មនុស្ស​យ៉ាង​មិច

5 ឆ្នាំ មុន

តារា​ឆ្នើម Cristiano Ronaldo ដែល​ទើប​ផ្លាស់​ពី​ក្លិប Real Madrid ទៅ​រក​ទ្រនំ​ថ្មី Juventus មិន​ត្រឹមតែ​ជា​អត្ត​ព​លិ​ករក​ចំណូល​ប្រចាំឆ្នាំ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កីឡាករ​ចូល​ចិត្ត​ធ្វើ…

តារា​ឆ្នើម Cristiano Ronaldo ដែល​ទើប​ផ្លាស់​ពី​ក្លិប Real Madrid ទៅ​រក​ទ្រនំ​ថ្មី Juventus មិន​ត្រឹមតែ​ជា​អត្ត​ព​លិ​ករក​ចំណូល​ប្រចាំឆ្នាំ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កីឡាករ​ចូល​ចិត្ត​ធ្វើ និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​នានា​ទូ​ទាំង​ពិភពលោក​ទៀត​ផង ។

ខាងក្រោម​នេះ គឺជា​សកម្មភាព​ទាំង​៧​យ៉ាង​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​របស់ Ronaldo ដែល​ឆ្លៀតពេល​បន្តិចបន្តួច​របស់​ខ្លួន​ចូលរួម​ចែករំលែក​ដល់​សង្គម ក្រៅពី​ការ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់ ៖

១-​ពាន​ស្បែកជើង​មាស

កាលពី​ឆ្នាំ​២០១១ កីឡាករ Ronaldo បាន​ឈ្នះ​ពាន​ស្បែកជើង​មាស​ទ្វីបអឺរ៉ុប បន្ទាប់​ពី​ស៊ុត​បាន​៤០​គ្រាប់ អំឡុង​សម័យកាល​គ្រូបង្វឹក Jose Mourinho បើ​ទោះជា​គ្រានោះ​ក្លិប Real Madrid​បញ្ចប់​ដោយ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​នៃ​ក្របខ័ណ្ឌ La Liga និង​ធ្លាក់​ចេញពី​ឆេ​ម​ពាន​លី​គ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្តី ។

បន្ទាប់​ពី​ទទួល​បាន​ពាន​ស្បែកជើង​មាស​នេះ Ronaldo ក៏​បាន​ដាក់​លក់​ដេញថ្លៃ​រហូត​បាន​តម្លៃ​១,២​លាន​ផោន ហើយ​មូលនិធិ​នេះ​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​សាងសង់​សាលារៀន​ជា​ច្រើន​នៅ​កា​ហ្សា (Gaza) ដែល​ជា​តំបន់​រង​គ្រោះ​ដោយ​សង្គ្រាម ។

២-​ពាន​បាល់​មាស The Ballon dÓr

ពាន The Ballon dÓr ដែល Ronaldo បាន​ឈ្នះ​កាលពី​ឆ្នាំ​២០១៣ ត្រូវ​បាន​ដាក់​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ឡុ​ង​ដ៏​ប្រទេស​អង់គ្លេស ដើម្បី​ប្រមូល​មូលនិធិ​ជួយ​សង្គ្រោះ​កុមារ​ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជិ​វិត និង​កុមារ​ពិការភាព ។ ទឹកប្រាក់​ចំនួន​៥៣​ម៉ឺន​ផោន​បាន​ពី​ការ​ដាក់​ដេញថ្លៃ​នេះ Ronaldo បាន​ប្រគល់​ជូន​អង្គការ Make-A-Wish Foundation ដើម្បី​ទ្រទ្រង់​មូលនិធិ​បន្ត ។

៣-​ឯកអគ្គរដ្ឋទូត

Ronaldo គឺជា​ឯកអគ្គរដ្ឋទូត​មួយ​រូប​នៃ​អង្គការ​ធំ​ៗ​ចំនួន​៣​រួម​មាន អង្គការ Save the Children, Unicef និង World Vision ។ កាលពី​ឆ្នាំ​មុន Ronaldo បាន​ផ្ញើ​សារ​មួយ​ទៅ​កុមារ​ដែល​រង​គ្រោះ​អំឡុង​ជម្លោះ​នៅ​ស៊ី​រី ដោយ​ចាត់​ទុក​ពួក​គេ​ជា “​វីរ​បុស​ពិតប្រាកដ​” និង​លើកទឹកចិត្ត​ពួក​គេ​ដោយ​សរសេរ​ថា “​ខ្ញុំ​នៅ​ជាមួយ​អ្នកជា​និច្ច​” ។ Ronaldo ក៏​បាន​ធ្វើការ​បរិច្ចាគ​ដោយ​សម្ងាត់​មួយ​ទៅ​អង្គការ Save the Children នា​គ្រានោះ​ផង​ដែរ ប៉ុន្តែ​លោក​សុំ​ឱ្យ​ខាង​អង្គការ​មិន​បង្ហើប​ពី​ទំហំ​ទឹកប្រាក់ ។

៤-​ប្រាក់​ចំណូល​បន្ថែម​ពី​អាជីព​បាល់ទាត់

ក្នុង​ឆ្នាំ​២០១៣ Ronaldo ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​របស់ UEFA Team of the Year ដោយ​ទទួល​បាន​ទឹកប្រាក់​ពី​គណៈ​គ្រប់គ្រង​បាលទាត់​អឺរ៉ុប​ចំនួន​១០​ម៉ឺន​អឺ​រ៉ូ ប៉ុន្តែ​គាត់​ក៏​បាន​បរិ​ច្ចាគ​​ទឹកប្រាក់​បន្ថែម​នេះ​ទៅ​កាក​ក្រហម ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ មួយ​ឆ្នាំ​ក្រោយមក Ronaldo ដែល​ជួយ​ឱ្យ​ក្លិប Real Madrid ឈ្នះ​ឆេ​ម​ពាន​លី​គ​រដូវ​កាល​២០១៣-២០១៤​ជា​លើក​ទី​១០​ក្នុង​ប្រវត្តិសាស្ត្រ ទទួល​បាន​ទឹកប្រាក់​បន្ថែម​ពី​ក្លិប​ចំនួន​៤៥​ម៉ឺន​ផោន ប៉ុន្តែ​គាត់​ក៏​បែងចែក​ប្រាក់​ទាំងនោះ​ទៅ​អង្គការ​ទាំង​បី​ដែល​លោក​ធ្វើ​ជា​អគ្គរដ្ឋទូត​រួម​មាន​អង្គការ Save the Children, Unicef និង World Vision ។

៥-​ការ​លះបង់​សាច់​-​ឈាម​ស្រស់

ដោយសារ​តែ​ខ្លាច​ឆ្លង​មេរោគ​ប៉ះពាល់​ដល់​ការ​បរិច្ចាគ​ឈាម Ronaldo ក៏​រក្សាខ្លួន​ប្រាណ​របស់​គាត់​ឱ្យ​ល្អ​ពោល​គឺ​មិន​ចាក់​សាក់​ដូច​កីឡាករ​ដទៃ ។ គេ​តែង​សង្កេត​ឃើញ​ថា Ronaldo បរិច្ចាគ​ឈាម​ជា​ញឹកញាប់ ហើយ​ថែម​ទាំង​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌ ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​កាន់តែ​ច្រើន​ទៀត​ផង ។

ម្យ៉ាងទៀត ថ្មី​ៗ​នេះ Ronaldo បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អ្នក​ស្ម័គ្រចិត្ត​មួយ​របស់​អុី​តា​លី ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​ពួក​គេ​យក​រូប និង​វី​ដេ​អូ​របស់​លោក​ទៅ​ផ្សព្វផ្សាយ​ពី​ការ​បរិច្ចាគ​ឈាម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Ronaldo ក៏​ធ្លាប់​បរិច្ចាគ​ខួរឆ្អឹង​ទៅ​ឱ្យ​កូនប្រុស​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​កីឡាករ Carlos Martins ផង​ដែរ ។

៦-​ឧបត្ថម្ភ​សម្រាប់​មូលនិធិ​គ្រោះ​ធម្មជាតិ

កាលពី​ឆ្នាំ​២០១៥ ប្រទេស​នេ​ប៉ា​ល់​បាន​ជួប​គ្រោះ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​មួយ សម្លាប់​មនុស្ស​ប្រមាណ​៩​ពាន់​នាក់ និង​របួស​ជាង​២២​ពាន់​នាក់ ។ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង ត្រូវ​បាន​គេ​រាយការណ៍​​ថា កីឡាករ Ronaldo បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​៥​លាន​ផោន​ទៅ​មូលនិធិ​មួយ​របស់​អង្គ​ការ Save the Children ដើម្បី​ជួយ​ដល់​ប្រទេស​នេ​ប៉ា​ល់ ។

៧-​មជ្ឈមណ្ឌល​សង្គ្រោះ​ជំងឺមហារីក

ដោយសារ​តែ​ម្តាយ​របស់ Ronaldo ជា​ជន​រង​គ្រោះ​ជំងឺមហារីក​មួយ​រូប ទើប​ធ្វើ​ឱ្យ​លោក​មិន​ដែល​មើល​រំលង​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺមហារីក​ទេ ។ ជាក់ស្តែង​កាល​ពី​ឆ្នាំ​២០០៧ Ronaldo បាន​បរិច្ចាគ​ថវិកា​ចំនួន​១២​ម៉ឺន​ផោន ទៅ​មជ្ឈមណ្ឌល​មួយ​កន្លែង​នៅ​ព័រ​ទុ​យ​ហ្គា​ល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ