នួន ភិ​រម្យ ប្រកាស​បន្ត​សង្គ្រោះ​ក្លិប​ប្រដាល់​របស់​ខ្លួន​ទាំងអស់​សង្ឃឹម


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ប្រកាស​ថា​នឹង​បិទ​ក្លិប​ប្រដាល់​របស់​ខ្លួន​ចោល​ដោយសារ​តែ​បណ្តា​សង្វៀន​នានា​មិន​ទទួលយក​កីឡាករ​ហ្វឹកហាត់​ថ្មី​ៗ​របស់​ខ្លួន​ឱ្យ​ឡើង​ប្រកួត ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ នៅ​ក្នុង​ពេល​នេះ លោក នួន ភិ​រម្យ បាន​ប្រកាស​ជា​ថ្មី​វិញ​ហើយ​​ថា លោក​នឹង​តស៊ូ​បន្តការងារ​ក្នុង​ក្លិប​ប្រដាល់​ដែល​ខ្លួន​បង្កើត​ឡើង បើ​ទោះជា​លោក​មិន​ទទួល​បាន​នូវ​ការ​ជ្រោមជ្រែង​ដដែល​ជា​ដដែល​ពី​បណ្ដា​ស្ថានីយទូរទស្សន៍​ដែល​រៀបចំ​ការ​ប្រកួត​ក្តី​។ យ៉ាងណាមិញ លោក​ថា​ខ្លួន​មាន​តែ​ដើរ​បណ្ដើរ​គិត​បណ្ដើរ​ប៉ុណ្ណោះ ទើប​អាច​សង្គ្រោះ​ក្លិប​របស់​ខ្លួន​បាន​។

ម្ចាស់​ក្លិប​ប្រដាល់​ភារ​ម្យ​គុន​ខ្មែរ លោក​នួន ភិ​រម្យ និយាយ​ថា ក្រៅពី​ទទួល​សម្ពាធ​រាប់​មិន​អស់​ក្នុង​ការ​រ៉ាប់រង​លុយ​មក​ចិញ្ចឹម​សិស្ស​គុន​ក្នុង​ក្លិប​យ៉ាង​លំបាក និង​ត្រូវ​រង​សម្ពាធ​រឿង​ត្រូវ​ក្លិប​មួយ​ប្រកាស​ប្ដឹង​លោក ព្រោះតែ​លោក​ជម្នះ​ចង់បាន​កីឡាករ​ក្មេង​អាយុ​១៣​ឆ្នាំ​ម្នាក់​​ឱ្យ​ហ្វឹកហាត់ និង​ធ្វើ​ជា​កូនសិស្ស​របស់​ខ្លួន​លោក​ក៏​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​បង្ខំ​ឱ្យ​លោក​បិទ​ក្លិប​ផង​ដែរ ។ ប៉ុន្តែ​លោក​ថា មិន​ដាច់​ចិត្ត​ទេ ដោយសារ​តែ​ក្លិប​ប្រដាល់​នេះ​លោក​តស៊ូ​បើក​យ៉ាង​លំបាក ហើយ​មិន​ចង់​បិទ​ចោល​ពាក់កណ្ដាល​ទី​បែប​នេះ ។

មក​ទល់​ពេល​នេះ លោក​ថា​មិន​ដែល​បាន​ផល​ចំណេញ​ពី​ការ​បើក​ក្លិប​នេះ​ទេ ហើយ​លោក​​ក៏​អស់​លុយកាក់ និង​ប្រាក់​ចំណូល​ពី​ការ​បើក​ក្លិប​នេះ​ច្រើន​ណាស់​ដែរ តែ​លោក​នៅ​តែ​មិន​ដាច់​ចិត្ត​បិទ​ចោល ។ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​លោក​បាក់ទឹកចិត្ត​បំផុត គឺ​ភាព​ចម្រូង​ចម្រាស​ក្នុង​ការ​កាច់​កុង​ពី​បណ្ដា​ក្លិប​មួយ​ចំនួន ។ ជាក់ស្ដែង​ដូច​ជា​ករណី​រឿង​ក្មេង​អាយុ​១៣​ឆ្នាំ​ម្នាក់ ដែល​គ្រាន់តែ​ក្មេង​នោះ​បាន​ប្ដូរ​ផ្ទះ​ពី​បាត់ដំបង​មក​រស់នៅ​ភ្នំពេញ ហើយ​​សុំ​លោក​ធ្វើ​ជា​គ្រូ គ្រាន់តែ​ដឹង​ថា​ក្មេង​នោះ​ចូល​មក​ហាត់​ក្នុង​ក្លិប​របស់​លោក ភាគី​ខាង​ក្លិប​ចាស់​ដែល​ក្មេង​នោះ​គ្រាន់តែ​ធ្លាប់​ហ្វឹកហាត់ ហើយ​មិន​មាន​ទាំង​កុងត្រា​អី​ផង ក៏​ប្រកាស​ទារ​ឱ្យ​លោក​បង់​៣០០​ដុល្លារ បើ​មិន​បង់​គេ​នឹង​ប្ដឹង​លោក​។

លោក​ថា ហេតុផល​ដែល​បាន​កើតឡើង​មិនមែន​ជា​រឿង​ដណ្ដើម​សិស្ស​គ្នា​នោះ​ទេ ប៉ុន្តែ​ជា​រឿង​កាច់​កុង​ច្រើន​ជាង ដោយសារ​តែ​គេ​ចង់ឱ្យ​លោក​បិទទ្វារ​ក្លិប​តែ​ម្ដង ស្របគ្នា​ដែល​ក្លិប​របស់​លោក​ក៏​ពិបាក​រក​សិស្ស​ថ្មី​ល្អ​ៗ​ចូល​ហ្វឹកហាត់ និង​មិនសូវ​មាន​ទីផ្សារ​សម្រាប់​កូន​សិស្ស​ថ្មី​ៗ​ដើម្បី​ឡើង​រេញ​ស្រាប់​ផង ។ លោក​ថា សម្ពាធ​តាំងពី​បាន​បង្កើត​ក្លិប​គឺ​មាន​រាប់​មិន​អស់ តែ​លោក​នៅ​តែ​បន្ត​តស៊ូ ដោយសារ​តែ​ស្រឡាញ់​និង​មិន​ចង់​បញ្ចប់​អាជីព​បើក​ក្លិប​ទោះជា​ដឹង​ថា ស្ថានភាព​ដែល​បាន​កើតឡើង​ពិតជា​ពិបាក​ឱ្យ​លោក​បន្ត​ដើរទៅ​មុខ​ក្នុង​អាជីព​បើក​ក្លិប​ប្រដាល់​នេះ​។

លោក​ថា បើ​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ថ្មី​ៗ​របស់​លោក​បាន​ឡើង​រេញ​ខ្លះ នោះ​ពួក​គេ​នឹង​ក្លាយជា​កីឡាករ​កាន់តែ​មានបទពិសោធន៍​បន្តិច​ម្ដង​ៗ ដែល​អាច​ឈរ​ជើង​ក្នុង​ពិភព​ប្រដាល់​បាន​ហើយ ប៉ុន្តែ​បណ្ដាល​មក​ពី​ចេះ​តែ​គិត​ថា​ក្មេង​ពេក​មិនសូវ​មាន​បទពិសោធន៍​ទើប​ធីប​សំណើ​លោក​ចោល​ធ្វើ​ឱ្យ​កីឡាករ​ថ្មី​ៗ​របស់​លោក​នៅ​តែ​ថ្មី​រហូត ។

លោក​ថា នោះ​ជា​ការ​រើសអើង​កីឡាករ​ធ្វើ​ឱ្យ​ពួក​គេ​បាក់ទឹកចិត្ត ស្របគ្នា​ដែល​យុវវ័យ​ភាគ​ច្រើន​មិនសូវ​ឱ្យ​តម្លៃ​លើ​អាជីព​ប្រដាល់​ស្រាប់ ។ លោក​ថា រាល់ថ្ងៃ​មាន​តែ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​មួយ​គត់ ដែល​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​របស់​លោក​ឡើង​ប្រកួត​ក្នុង​ពី​រស​ប្ដា​ហ៍​ម្ដង ដើម្បី​ឱ្យ​សិស្ស​របស់​លោក​បាន​ឡើង​រេញ ។ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​នៅ​ពេល​ដែល​កីឡាករ​របស់​ក្លិប​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​ប្រកួត​តែ​ប៉ុស្ដិ៍​មួយ ហើយ​បណ្ដា​ប៉ុស្ដិ៍​ផ្សេង​មិន​ផ្ដល់​ឱកាស ។

មក​ទល់​សព្វថ្ងៃ​នៅ​ក្នុង​ក្លិប​របស់​លោក មាន​សិស្ស​ត្រឹមតែ​៣​នាក់​ប៉ុណ្ណោះ​ប្រចាំការ ដោយ​សារ​តែ​ការ​ហ្វឹកហាត់​របស់​ពួក​គេ​មិន​ត្រូវ​បាន​ផ្ដល់​ឱកាស​ពី​សំណាក់​ម្ចាស់​កម្មវិធី​ប្រដាល់​ផ្សេង​ៗ និង​បណ្ដាល​មក​ពី​សិស្ស​ទាំងអស់​មិន​អាច​រក​ចំណូល​ពី​ការ​ហ្វឹកហាត់​ប្រដាល់​ផង ទើប​ធ្វើ​ឱ្យ​សិស្ស​របស់​លោក​លាឈប់​ម្ដងម្នាក់​ៗ ។ លោក​ថា ខ្លួន​ខាតបង់​មិន​តិច​នោះ​ទេ​ចាប់តាំងពី​បាន​ដំណើរការ​បើក​ក្លិប​ប្រដាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជា​ពិសេសក្នុង​ពេល​ដែល​ត្រូវ​ប្រឹងរក​លុយ​យក​មក​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ក្លិប​រហូត​មក ក្នុង​ពេល​កីឡាករ​ដែល​មក​ហ្វឹកហាត់​តម្រូវ​ឱ្យ​លោក​ផ្គត់ផ្គង់ ។

លោក​បាន​ទាំង​ហៅ​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​ថា ជា​អ្នក​នៅ​ពីក្រោយ​ដ៏​សំខាន់​ដែលអាច​ឱ្យ​លោក​មាន​លទ្ធភាព​បន្ត​ការ​ប្រដាល់​នោះ​ផង ដោយសារ​តែ​ប៉ុស្ដិ៍​នេះ​បាន​ផ្ដល់​ការងារ​ឱ្យ​លោក​ទាំង​ប្ដី​ទាំង​ប្រពន្ធ ដែល​នាំ​ឱ្យ​លោក និង​ភរិយា​មាន​លទ្ធភាព​ទិញ​អង្ករ និង​ម្ហូប មក​ផ្គត់ផ្គង់​ក្នុង​ក្លិប​នៅ​ពេល​បើក​លុយ​ការងារ​ប្រចាំស​ប្ដា​ហ៍​ម្ដង​ៗ ។

យ៉ាងណាមិញ លោក​ថា ខ្លួន​មិន​បិទ​ក្លិប​នេះ​ទេ ហើយ​បើ​ទោះជា​បណ្ដា​ស្ថានីយ​ទូរទស្សន៍​​ច្រើន​ឡើង​នៅ​តែ​បន្ត​មិន​ទទួលយក​កូនសិស្ស​ថ្មី​ៗ​របស់​លោក​ឱ្យ​ឡើង​រេញ ក៏​លោក​នៅ​តែ​តស៊ូ​បន្តការងារ​បង្វឹក​កូនសិស្ស​ឱ្យ​នៅ​តែ​មាន​សកម្មភាព ដោយ​អាច​នឹង​បង្វឹក​​មិន​យក​លុយ​ក៏​បាន ដើម្បី​បន្ត​អភិរក្ស​ក្បាច់គុន​ប្រដាល់​របស់​ដូនតា​ខ្មែរ​ឱ្យ​មាន​និរន្តរ​ភាព ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អ្នក​រៀបចំ​កម្មវិធី​ដែល​ថា​បណ្ដាល​មក​ពី​កីឡាករ​ថ្មី​ទាំង​ចនោះ​មិន​មាន​សមត្ថភាព​ប្រកួត​ឱ្យ​ទាក់ទាញ លោក​នួន ភិ​រម្យ​ថា បើ​នៅ​តែ​មិន​​ផ្ដល់​ឱកាស​​ឱ្យ​កីឡាករ​ទាំងនោះ​បាន​ប្រកួត​ញឹកញាប់​ទេ ក៏​គ្នា​មិន​អាច​ក្លាយជា​កីឡា​ករ​ដែល​មាន​សមត្ថភាព និង​ទាក់ទាញ​បាន​ដែរ ។ អ៊ីចឹង​ហើយ​ទើប​លោក​ទទូច​ឱ្យ​ផ្ដល់​ឱកាស​ឡើង​​វិញ ដើម្បី​ឱ្យ​ក្លិប​របស់​លោក​បន្ត​ទៅ​មុខ​ដោយ​មិន​អស់សង្ឃឹម​ដូច​រាល់ថ្ងៃ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ