ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាត់បង់​ទឹកប្រាក់​ច្រើន​រយ​លាន​ដុល្លារ​ដោយសារ​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចាកចេញ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ជា​ជាង​ទទួល​សេវា​ក្នុងស្រុក​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ខាតបង់​លុយ​អស់​ជា​ច្រើន​រយ​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​។ លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ការ​ចាកចេញ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ជា​ជាង​ទទួល​សេវា​ក្នុងស្រុក​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ខាតបង់​លុយ​អស់​ជា​ច្រើន​រយ​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) មាន​ប្រសាសន៍​ថា ជា​ធម្មតា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​នានា ក៏​ដូច​ជា​ដំណើរ​កំសាន្ត​ទេសចរណ៍​ធម្មតា ក៏​គាត់​ត្រូវ​ចំណាយ​ម្នាក់​ៗ​ប្រហែលជា ៥០០ ដុល្លារ​សហរដ្ឋអាមេរិក ។ ដូច្នេះ​ការ​ចាកចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដូច​ជា​ប្រទេស​ថៃ វៀតណាម ឬ​សិង្ហ​បូ​រី ជាដើម​គឺ​ប្រាកដជា​ច្រើន​ជាង​នេះ ។

ជាក់ស្តែង​សម្រាប់​ប្រទេស​ថៃ គឺ​ទទួល​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ២២ ម៉ឺន​នាក់​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ក៏​មាន​កំណើន​​ប្រមាណ​ជាង ១០% ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី សៅ​វ៉ា​ផា ចុង​ធី​ពង្ស (Saowapa Jongkitipong ) នាយក​ផ្នែក​សុខាភិបាល​អន្ដរជាតិ​នៃ​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ថៃ ។

លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា «​ការ​ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ ប្រហែលជា ២២ ម៉ឺន​នាក់​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​នឹង បើ​យើង​ធ្វើការ​ប៉ាន់​ស្មានថា​យ៉ាង​ហោច​ណាស់ ជា​ធម្មតា​អ្នក​ដែល​គ្រាន់តែ​ទៅ​ធ្វើ​ដំណើរ​ទេសចរណ៍​ធម្មតា គាត់​ចំណាយ​ម្នាក់​ប្រហែល​ជា ៥០០ ដុល្លារ​។ អ​ញ្ចឹ​ង ២២ ម៉ឺន​នាក់ គឺ​វា​ស្មើនឹង​១១០​លាន​ដុល្លារ ហើយ​ទំហំ​នេះ​គឺ​មាន​​ទំហំ​គួរសម​ដែរ ធៀប​ជាមួយនឹង​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា ។ នេះ​ជា​ការ​ប៉ាន់​ប្រមាណ​​ទាប​បំផុត គឺ​ម្នាក់​ប្រហែលជា ៥០០ ដុល្លារ ។ ប៉ុន្តែ​តាម​ពិត​ការ​ព្យាបាល​ជំងឺ​អាច​អស់ប្រាក់​ច្រើន​ជាង​នេះ​ទៅ​ទៀត​»​។

ទីប្រឹក្សា​សេដ្ឋ​កិ​ច្ឋ​រូប​នេះ​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា ទំហំ​នេះ​គឺ​មាន​ទំហំ​ធំ​គួរសម​ដែរ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​យើង​តូច យើង​មាន​ប្រហែលជា ២០ ពាន់​លាន​ដុល្លារ »​។

អ្នក​នាង សាន់ យី វ័យ ៣៣ ឆ្នាំ​អ្នកស្រុក​ប​វែ​ល ខេត្តបាត់ដំបង ដែល​មាន​ឪពុក​និង​ឪពុកក្មេក​វ័យ ៦០ និង ៧២ ឆ្នាំ ធ្លាប់​ទទួល​ការ​វះកាត់​ជំងឺ​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក បាន​លើក​ឡើង​ថា ការ​ព្យាបាល​នៅ​ក្រៅប្រទេស​គឺ​ពិតជា​ថ្លៃ​មែន ព្រោះ​អ្នក​នាង​ត្រូវ​ចំណាយ​អស់​រាប់​លាន​បាត​សម្រាប់​ការ​ព្យាបាល​អ្នកមាន​គុណ​ទាំង​ទ្វេរ​ក៏​ដូច​ជា​បងថ្លៃ​ប្រុស​ដែល​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ ។

អ្នក​នាង សាន់ យី បន្ត​ថា​៖ «​បើ​និយាយ​ពី​តម្លៃ​ព្យាបាល​នៅ​ក្រៅប្រទេស គឺ​ពិតជា​ថ្លៃ​មែន សម្រាប់​ប្រជាជន​ខ្មែរ​មាន​ជីវភាព​ល្មម​ៗ​គឺ​ថ្លៃ​ណាស់​» ។ អ្នក​នាង​បន្ត​ថា ឪពុក​អ្នក​នាង​ដែល​វះកាត់​សរសៃឈាម​ខួរក្បាល បាន​ចំណាយ​អស់​ជាង ៧០ ម៉ឺន​បាត (21,098 ដុល្លារ​អា​មេ​រិ​ក​) ខណៈ​បងថ្លៃ​ប្រុស​ដែល​វះកាត់​សរសៃឈាម​បេះដូង​អស់​ប្រមាណ​ជាង ៨០ ម៉ឺន​បាត (24,112 ដុល្លារ​) ហើយ​និង​ឪពុកក្មេក​ចំណាយ​អស់​ជាង ១,៥ លាន​បាត (45,210 ដុល្លារ​) សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ឡើង​ចុះ​ទៅ​ពេទ្យ​នៅ​បាងកក​ច្រើន​ដង ។

លោក ស៊ឹង សុភា ដែល​មាន​តួនាទី​ជា​អ្នកឯកទេស​ត្រួតពិនិត្យ និង​វាយតម្លៃ​នៅ​វិទ្យា​ស្ថាន East-West Management Institute (EWMI) មាន​ប្រសាសន៍​ថា ការ​ចាកចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ដូច​ជា​ប្រទេស​ថៃ វៀតណាម និង​បណ្តា​ប្រទេស​ជឿន​លឿន​ផ្សេង​ទៀត ជាដើម គឺជា​ការ​ខាតបង់​មួយ​ដល់​សេដ្ឋកិច្ចជាតិ​កម្ពុជា ។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ការ​យល់​ឃើញ​យ៉ាង​ដូច្នេះ​ថា​៖ «​ពិតមែន​ហើយ ប្រទេស
កម្ពុជា​បាន​បាត់បង់​ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណូល​ច្រើន​»​។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​ជ្រើសរើស​ការ​ព្យាបាល​នៅ​ក្រៅប្រទេស គឺជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

លោក​ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «និយាយ​ដោយ​ស្មោះ ក្នុង​នាម​ជា​គ្រូពេទ្យ​ម្នាក់​ខ្ញុំ​មិន​ទៅ​និយាយ​ថា មិន​ពេញចិត្ត​ការ​ជ្រើស​រើស​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ ។ ជីវិត​គាត់ សិទ្ធិ​គាត់ គាត់​ជ្រើសរើស​ឯណា​ជា​សិទ្ធ​របស់​គាត់ ។ ខ្ញុំ​និយាយ​ឲ្យ​ខ្លី ស្រលាញ់​ពេទ្យ​នៅឯណា ទៅ​មើល​នៅ​ទីនោះ​ចុះ​។ តាម​ចិត្ត​បំណងប្រាថ្នា​របស់​គាត់​»​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​បាន​និយាយ​បន្ថែម​ទៀត​ថា «​ប្រទេស​កម្ពុជា​សព្វថ្ងៃ មិនមែន​ជា​ប្រទេស​កម្ពុជា​កាលពី ៣០ ឬ ៤០​ឆ្នាំ​មុន​ទេ ។ ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ឬ​ក៏​វិស័យ​វេជ្ជសាស្ត្រ បើ​ទោះបីជា​យើង​មិន​ទាន់​គ្របដណ្តប់​បាន​ទូ​ទាំង​ប្រទេស គឺ​ប្រសើរ​ជាង​មុន ជា​ពិសេស​ពេទ្យ​កាល់​ម៉ែ​ត​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​បោះ​មួយ​ជំហាន​ឡើង​វែង​ដូច​កាំជ្រួច អភិវឌ្ឍន៍​បច្ចេកវិទ្យា​វិទ្យា​សាស្ត្រ​ដល់​កំរិត​កំពូល​ហើយ ។ សម្រាប់​ផ្នែក​ព្យាបាល​ជំងឺមហារីក​គឺ​មាន​ឧបករណ៍ សម្ភារៈ​បិ​រ​ក្ខា​រ​ទំនើប​ៗ ចំណែក​ក្រុម​គ្រូពេទ្យ​ក៏​ស្តង់ដា​អន្តរជាតិ រៀន​នៅ​ក្រៅប្រទេស​ទាំងអស់ សញ្ញាប័ត្រ​អន្តរជាតិ ទោះ​ចង់ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ក៏​បាន ។

លោកគ្រូ​បន្ត​ថា​៖ «​យើង​នៅ​តែ​ធ្វើ​ម៉េច​ឲ្យ​ប្រជាជន​យើង​ដឹង​ថា នៅ​ស្រុក​ខ្លួនឯង​មាន​ឧបករណ៍​ទំនើប​នេះ ដោយ​ប្រកាន់ខ្ជាប់​គោលការណ៍​របស់​យើង​គឺ​គុណភាព​និង​មាន​សុវត្ថិភាព​បំផុត​» ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ