ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករម្នាក់ៗនាំគ្នា​ត្អូញត្អែរ​សឹងតែគ្រប់គ្នា ពីការលក់ដូរ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ដែល​ដាក់​តាំង​លក់​នូវ​ផលិតផល និង​កសិផល​ក្នុងស្រុកបាន​ត្អូញត្អែរ​ថា ពួក​គាត់​លក់​មិនសូវ​ដាច់​ទេ ទទួល​បាន​ចំណូល​តិចតួច ហើយ​ក៏​កំពុង​ប្រឈម​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ ខណៈ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ដែល​ដាក់​តាំង​លក់​នូវ​ផលិតផល និង​កសិផល​ក្នុងស្រុកបាន​ត្អូញត្អែរ​ថា ពួក​គាត់​លក់​មិនសូវ​ដាច់​ទេ ទទួល​បាន​ចំណូល​តិចតួច ហើយ​ក៏​កំពុង​ប្រឈម​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ ខណៈ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ហាក់​មិនសូវ​ឈប់​រថយន្ដ​ទិញ​ផលិតផល​ក្នុងស្រុក ។

លោកយាយ សិន សន ជា​អ្នក​លក់ដូរ​កសិផល​មួយ​រូប​បាន​និយាយ​ថា គាត់​លក់​មិនសូវ​ដាច់​ទេ គឺ​១​ថ្ងៃ​បាន​ប្រាក់​ត្រឹមតែ​១​ម៉ឺន ឬ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ខណៈ​កាលពីមុន​លក់ដាច់ អាច​រក​ប្រាក់​បាន​រហូត​ដល់​៥​ម៉ឺន​រៀល​ឯណោះ ។ លោក​យាន​បន្ដ​ថា ៖« សព្វ​ថ្ងៃនេះ បើ​ទោះបីជា​លក់​មិនសូវ​ដាច់ តែ​ខ្ញុំ​ចេះ​តែ​បន្ដ​លក់​ទៅ គ្រាន់​នឹង​បាន​ប្រាក់​ចិញ្ចឹម​ខ្លួន និង​ទប់ទល់​ជីវភាព​គ្រួសារ​ខ្លះ​ៗ »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នកស្រី រិ​ន ចាន់​ថន មានស្រុក​កំណើន​នៅ​ខេត្តតាកែវ និង​បាន​មក​រស់នៅ​ខេត្តកំពង់ឆ្នាំង​ជាមួយ​ស្វាមី បាន​និយាយ​ថា អ្នកស្រី​បាន​ប្រកប​មុខរបរ​លក់ដូរ​នៅ​ទី​នេះ​ជាង​៥​ឆ្នាំ​ហើយ ។ អ្នកស្រី​និយាយ​ថា ៖« មុខរបរ​លក់ដូរ​របស់ខ្ញុំ ក៏​ដូច​ជា​អ្នក​លក់ដូរ​នៅ​ទី​នេះ​ទាំងអស់ គឺ​លក់​មិនសូវ​ដាច់​ទេ ដោយសារ​តែ​ខែ​នេះ ជា​រដូវ​ធ្លាក់​ភ្លៀង​ខ្លាំង » ។ អ្នកស្រី​បាន​បន្ត​ថា អ្នក​លក់ដូរ​នៅ​ទី​នេះ​មាន​ដូច​ជា ដំឡូង ល្ពៅ ត្រឡាច តាសក់ស្រូវ និង​នំចំណី​មួយ​ចំនួន​ទៀត ។ នៅ​ក្នុង​ខែ​នេះ អ្នក​លក់ដូរ​ខាតបង់​គ្រប់​គ្នា ព្រោះ​ពេល​លក់​មិន​ដាច់ កសិផល​មួយ​ចំនួន​ស្អុយរលួយ​ចោល ។

អ្នកស្រី ក៏​ដូច​ជា​អ្នក​លក់ដូរ​ទាំងអស់ បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ សូម​ឈប់​ជួយ​ទិញ​ផលិតផល​របស់​ខ្មែរ​ក្នុងស្រុក​ផង ដើម្បី​ពួក​គាត់​មាន​ទឹកចិត្ត​បន្ដ​លក់ដូរ​នៅ​តំបន់​នេះ​ទៀត ។
សូម​បញ្ជាក់​ថា ទីតាំង​នេះ​ស្ថិត​នៅ​ចំណុច​ជិត​ភ្នំ​ដាំ​ផ្កា ក្នុងភូមិ​ចារ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ការ​លក់ដូរ​ទាំងនេះ​បាន​ក្លាយជា​ទីផ្សារ​មួយ​ទៅ​ហើយ ក្នុង​រយៈពេល​ប្រមាណ​ជាង​៦​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ពី​ដំបូង​ឡើយ​មាន​ត្រឹមតែ​៣-៤​តូប​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ