នៅ​ចាំ​កីឡាករ ឡេះ តើក បាន​ទេ ពេល​នេះ​គាត់​ជួបឧបសគ្គ​​រៀប​រាប់​ទាំង​ទុក្ខព្រួយ


រាជធានី​ភ្នំពេញ ៖ ឡេះ តើក អ្នក​ប្រដាល់ចាស់វស្សា​នៅ​ក្នុង​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន
ជ័យ ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​ប្រដាល់​អស់រយៈពេល​ជា​ច្រើន​ខែ​មិនដឹង​ជា​ទៅ​ទីណានោះ ​ស្រាប់តែ​ពេល​នេះ​ចេញ​មុខ​អំពាវនាវ​សុំ​ក្ដី​មេត្តា​ពី​សប្បុរសជន​ដោយសារ​តែ​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​គ្មាន​លុយ​ព្យាបាល​ ខណៈ​អាជីព​ប្រដាល់​ដែល​ជួយ​ផ្ដល់​កម្រៃ​ឱ្យ​លោក​យក​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក៏​បាត់បង់​អស់​រយៈពេល​៥​ខែ​មក​ហើយ ដោយ​សារ​តែ​ជំងឺ​រលាក​ថ្លើម​ និងរលាក​ទងសួត​ញាំញី​គ្មាន​ពេល​ស្រាកស្រាន្ត​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កីឡាករ ឡេះ តើក អាយុ​៣១​ឆ្នាំ បាន​រៀបរាប់​ទាំង​ទឹក​​មុខ​ផ្ទុក​ទៅ​ដោយ​ទុក្ខ​ព្រួយ​ថា លោក​មានស្រុក​កំណើត​នៅ​ភូមិ​ទី​៤ ស្រុក​ដងទុង ក្រុង​ខេ​មរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ
ឬ​ស្សី​​កែវ រាជធានី​ភ្នំពេញ ។ ភរិយា​លោក​ឈ្មោះ​អឿ​ន ពា​រឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​នៅ​ផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​កំ​ភា ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង និង​មាន​កូន​​២​នាក់ ប្រុស​១ ស្រី​១ កូនប្រុស​ច្បង​មាន​អាយុ​១១​ឆ្នាំ កូនស្រី​ប្អូន​អាយុ​ជិត​២​ខួប ។

លោក​បន្ត​ថា រូប​លោក​បាន​ចាប់​អាជីព​ជា​កីឡាករ​ប្រដាល់​តាំងពី​នៅ​តូច​រហូត​មក​ដល់​សព្វ​​ថ្ងៃនេះ​មិន​ទាន់​បោះបង់​សង្វៀន​ប្រកួត​នៅឡើយ​ទេ ។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​លោក​​បាន​ឡើង​សង្វៀន​ប្រកួត​សរុប​ទាំង​លក្ខណៈ​ជាតិ​និង​អន្តរជាតិ​ចំនួន​៥៣៧​ដង ក្នុង​នោះ​ឈ្នះ​៤៨៧ ដង ចាញ់​៤៧​ដង និង​ស្មើ​១០​ដង ។

កីឡាករ ឡេះ តើក បាន​បន្ត​ថា ចំពោះការ​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​បរទេស​គឺ​ទទួល​បាន​ប្រាក់​ច្រើន​គួរសម​អាច​ចិញ្ចឹម​ប្រពន្ធ​កូន​ដោយ​មិន​លំបាក​ពេក​ប៉ុន្តែ​លោក​មិនសូវ​មាន​ឱកាស​ទេ ភាគច្រើន​បាន​ត្រឹម​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​ក្នុង​មួយ​ខែ​ម្តង​ទៅ​ពីរ​ដង​ប៉ុណ្ណោះ ។ ចំណែក​ប្រាក់​កម្រៃ​ដែល​បាន​មក​ពី​ការ​ឡើង​ប្រកួត​ម្តង​ៗ​មិន​អាចយ​កមក​ចំណាយ​ទៅ​លើ​ថ្លៃ​ផ្ទះ​ជួល ថ្លៃ​សាលា​កូន​រៀន​សូត្រ និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​បាន​គ្រប់គ្រាន់​ទេ ។

ដោយសារ​តែ​វ័យ​កាន់តែ​ច្រើន ហើយ​ការ​ឡើង​សង្វៀន​ប្រកួត​មិន​បាន​ញឹកញាប់​ផង​នោះ គួប​ផ្សំ​នឹង​ប្រាក់​ដែល​បាន​មក​ពី​ការ​ប្រកួត​តិចតួច​មិន​គ្រប់គ្រាន់​នឹង​ការ​ចំណាយ​ផង ទើប​លោក​សម្រេចចិត្ត​ផ្អាក​ការ​ឡើង​សង្វៀន​ប្រកួត​មួយ​រយៈ​ដោយ​ងាក​ទៅ​ចាប់​អាជីព​ជា​អ្នក​រត់​ម៉ូតូកង់​បី​វិញ​ម្តង ។ ជា​អកុសល ការ​រត់​ម៉ូតូ​កង់​បី​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​​លោក​ក៏​ធ្លាក់ខ្លួន​ឈឺធ្ងន់​ដែល​តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​ថា​លោក​មាន​ជំងឺ​រលាក​ថ្លើម និង​រលាក​ទងសួត​ធ្ងន់ធ្ងរ​ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ខែ​មក​​ហើយ ។

តាំងពី​នោះ​មក​លោក​មិន​បាន​ចេញ​ទៅ​រត់​ម៉ូតូ​កង់​បីដូច​មុន​ទៀត​ទេ ធ្វើ​ឲ្យ​គ្រួសារ​ដែល​ពឹងផ្អែក​លើ​លោក​តែ​ម្នាក់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​រហូត​លោក​សម្រេចចិត្ត​លក់​ម៉ូតូ​កង់​បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួ​សារបាន​មួយ​រយៈ​ប៉ុណ្ណោះ ខណៈ​ស្ថានភាព​ជំងឺ​របស់​លោក​នៅ​មិន​ទាន់​ធូរស្រាល​នៅឡើយ​ដោយសារ​គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ។

ជា​ចុង​ក្រោយ​នេះ​តាម​រយៈ​កោះសន្តិភាពកីឡាករ ឡេះ តើក និង​ក្រុម​គ្រួសារ​ដែល​បាន​កាត់​​កេរ្តិ៍​កាត់​ខ្មាស​លើក​ម្រាមដៃ​ដប់​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅប្រទេស​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​រូប​គាត់ ​និង​ក្រុម​គ្រួសារ​ដែល​កំពុង​តែ​ជួប​ប្រទះ​ការ​ខ្វះខាត​ខ្លាំង​ផង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ