រាជធានីភ្នំពេញ ៖ បើនិយាយពីក្រុមបាល់ទាត់នារីនៅកម្ពុជា គេពិតជាមិនរំលងក្រុមបាល់ទាត់នារីរបស់ក្លិបភ្នំពេញក្រោនទេ ដោយសារតែក្លិបបាល់ទាត់មួយនេះសំបូរធនធាន មានទីលានហ្វឹកហាត់ និងប្រកួតផ្ទាល់ខ្លួន ជាពិសេសទាំងគ្រូបង្វឹកនិងគ្រូជំនួយសុទ្ធតែមានសមត្ថភាពខ្ពស់លើការងារបណ្តុះបណ្ដាលទាំងកីឡាករ-កីឡាការិនីថ្នាល និងអាជីព ធ្វើឱ្យក្រុមបាល់ទាត់ភ្នំពេញក្រោមល្បីកាន់តែខ្លាំង ជាពិសេសក្រុមបាល់ទាត់នារីតែម្ដងដែលទទួលការហ្វឹកហាត់ជាមួយគ្រូបរទេស។
លោក ម៉ក់ ភារុណ គ្រូជំនួយក្រុមបាល់ទាត់នារីភ្នំពេញក្រោនឱ្យដឹងថា សព្វថ្ងៃនេះក្រុមបាល់ទាត់នារីរបស់ក្លិបភ្នំពេញក្រោនមាន២ក្រុមយើងអាចថាមាន១ក្រុមក៏បានដោយសារទាំងក្រុមឈុតធំ និងក្រុមឈុតថ្នាលតម្រូវឱ្យហាត់ចូលគ្នាជាមួយគ្រូជនជាតិអង់គ្លេសឈ្មោះCraig Living Ston ។ លោកថា ពិតមែនតែលោកជាគ្រូជំនួយតែលោកគឺជាអ្នកមើលការខុសត្រូវលើក្រុមបាល់ទាត់នារីក៏ដូចជាកីឡាករថ្នាលមួយចំនួនដែលកំពុងតែហ្វឹកហាត់ដោយការស្ម័គ្រចិត្តនៅក្នុងក្លិបបាល់ទាត់ភ្នំពេញក្រោន ។
លោក Craig Living Stonដែលជាគ្រូបង្គោលរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា លោកធ្លាប់មានបទពិសោធន៍បង្ហាត់នៅបណ្ដាប្រទេសមួយចំនួនលើពិភពលោកជាង១០ឆ្នាំមកហើយ ។ ប៉ុន្តែចំពោះលំហាត់ដែលលោកយកមកបង្ហាត់នៅទីនេះ គឺដូចគ្នានឹងការបង្ហាត់ពីមុនមក គ្រាន់តែនៅប្រទេសគេមានកម្រិតខ្ពស់ជាងនៅទីនេះបន្តិចប៉ុណ្ណោះ ។ លោកបន្តថា លោកជាប់កិច្ចសន្យាជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោនរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើសិនជាមានឱកាសលោកនឹងបន្តកិច្ចសន្យាជាមួយក្លិបធ្វើការងារនេះទៀត ។
លោកបញ្ជាក់ថា តាមបទពិសោធន៍ដែលលោកធ្លាប់បង្ហាត់តាមបណ្តាប្រទេសនានាកន្លងមក គឺនៅទីនេះល្អជាង។ បើទោះជាក្រុមបាល់នារីភ្នំពេញក្រោនជាក្រុមក្មេងខ្ចីក៏ពិតមែន ប៉ុន្តែលំហាត់ដែលលោកបានដាក់ចេញទៅ គឺពួកនាងងាយចាប់បាននិងយល់ច្រើន ។ លោកថា ការហ្វឹកហាត់ក្រុមបាល់ទាត់នារីនាពេលនេះហាក់បីដូចជាទើបចាប់ផ្ដើម ប៉ុន្តែលោកនឹងព្យាយាមបង្កើនកម្មវិធីហ្វឹកហាត់ឱ្យបានច្រើនធ្វើយ៉ាងជំរុញឱ្យមានកម្មវិធីប្រកួតច្រើន ដូច្នេះមិនយូរទេពួកគេនឹងក្លាយជាកីឡាការិនីឆ្នើមនិងខ្លាំងពូកែជាក់ជាមិនខាន។
តាមការឱ្យដឹងបន្ថែម សព្វថ្ងៃមានកីឡាការិនីតែ២១នាក់ប៉ុណ្ណោះដែលបានមកហ្វឹកហាត់ ប៉ុន្តែបើសិនជាពួកគេមួយចំនួនជាប់រៀនគឺអាចបាត់មុខខ្លះ ។ ទោះជាយ៉ាងណា លោកនៅតែកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កីឡាការិនីទាំងអស់ ។ ជាមួយគ្នានេះ លោកក៏សូមកោតសរសើរផងដែរចំពោះការមកហាត់បាល់ទាត់នៅស្រុកខ្មែរ ដោយពុំតម្រូវឱ្យមានការបង់ប្រាក់អ្វីទាំងអស់ ក្នុងពេលប្រទេសផ្សេងៗដូចជាអាមេរិក ចិន និងប្រទេសជឿនលឿនមួយចំនួនទៀត អ្នកដែលមកហាត់គឺតម្រូវឱ្យបង់ប្រាក់ក្នុង១ខែមិនក្រោម៣ពាន់ដុល្លារនោះទេ ។
ដូច្នេះនេះជាឱកាសដ៏ល្អសម្រាប់កីឡាករ-កីឡាការិនីនៅកម្ពុជា ប្រសិនជាពួកគេខិតខំប្រឹងប្រែងហ្វឹកហាត់ជាប់លាប់លោកសង្ឃឹមថា កម្ពុជានឹងរកបានធនធានកីឡាការិនីឆ្នើមច្រើននាក់ដែលមានសមត្ថភាពខ្ពស់ដូចជាកីឡាការិនីហួត គីមហុង និងបាន ជាវៃ ជាដើម ៕
ចែករំលែកព័តមាននេះ