ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​១០​យ៉ាង​ធ្វើ​ឱ្យ​អ្នកបួស​មូល​មិត្ត​គ្នា

5 ឆ្នាំ មុន

ធម៌​១០​ប្រការ​ជា​ធម៌​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា ដើម្បី​មូល​មិត្ត​គ្នា ភិក្ខុ​ដែល​ប្រកប​ព្រម​ហើយនឹង​បានជា​អ្នក​ចម្រើន​លូតលាស់​បរិបូណ៌​ដោយ​ធម៌​វិន័យ ។ ១-​បព្វជិត​ជា​អ្នកមាន​ស្មារតី​ប្រកបដោយ​ស្មារតី និង​បញ្ញា​ដ៏​ឧត្តម ជា​អ្នក​រលឹក​ឃើញ​នូវ​អំពើ ដែល​ធ្វើ​យូរហើយ​ផង នូវ​ពាក្យ​ដែល​និយាយ​យូរហើយ​ផង​ក៏​ពិចារណា​រក​ផ្លូវត្រូវ ។…

ធម៌​១០​ប្រការ​ជា​ធម៌​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា ដើម្បី​មូល​មិត្ត​គ្នា ភិក្ខុ​ដែល​ប្រកប​ព្រម​ហើយនឹង​បានជា​អ្នក​ចម្រើន​លូតលាស់​បរិបូណ៌​ដោយ​ធម៌​វិន័យ ។

១-​បព្វជិត​ជា​អ្នកមាន​ស្មារតី​ប្រកបដោយ​ស្មារតី និង​បញ្ញា​ដ៏​ឧត្តម ជា​អ្នក​រលឹក​ឃើញ​នូវ​អំពើ ដែល​ធ្វើ​យូរហើយ​ផង នូវ​ពាក្យ​ដែល​និយាយ​យូរហើយ​ផង​ក៏​ពិចារណា​រក​ផ្លូវត្រូវ ។

២-​ព្រះសង្ឃ​ជា​អ្នកមាន​បញ្ញា ប្រកបដោយ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​កើត និង​ការ​រលត់​ទៅ​នៃ ខន្ធ ដ៏​ប្រសើរ ជា​ប្រាជ្ញា សម្រាប់​ទម្លុះទម្លាយ​នូវ​កិលេស ប្រព្រឹត្ត​ទៅ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​ដោយ ប្រពៃ ។

៣-​ភិក្ខុ​ជា​អ្នក​ប្រដៅ​ងាយ ប្រកបដោយ​ធម៌​ទាំងឡាយ ជា​គ្រឿង​ធ្វើ​ឲ្យ​ប្រដៅ​ងាយ ជា​អ្នក​អត់ធន់ ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ ដោយ​ផ្ចិតផ្ចង់ ។

៤-​អំពើ​ណា ដ៏​ខ្ពស់​និង​ទាប ដែល​ពួក​សព្រហ្មចារី​បុគ្គល ត្រូវ​សួរ​គ្នីគ្នា​ហើយ​ទើប​ធ្វើ ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​មិន​ខ្ជិលច្រអូស ក្នុង​អំពើ​នោះ ប្រកបដោយ​ការ​ពិចារណា ដោយ​ឧបាយ​ក្នុង​អំពើ​នោះ​ថា គួរ​ធ្វើ​គួរ​ចាត់ចែង​បាន ។
៥-​ជា​អ្នកមាន​សីល សង្រួម​ក្នុង​បាតិមោក្ខ​សំ​វរៈ បរិបូណ៌​ដោយ​ការ​សង្រួម ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស សូ​ម្បី​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ ។

៦-​ភិក្ខុ​ជា​ពហុស្សូត ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែល​ខ្លួន​បាន​ស្តាប់​ហើយ សន្សំ​នូវ​ពុទ្ធវចនៈ ដែល​ខ្លួន​បាន​ស្តាប់​ហើយ ធម៌​ទាំងឡាយ​ណា មាន​លម្អ​បទ​ដើម លម្អ​បទ​កណ្តាល លម្អ​បទ​ចុង ព្រមទាំង​ភាព​បរិសុទ្ធ ភិក្ខុ​នោះ​ក៏​ចេះ​ចាំ​ច្រើន បាន​ចាំ​ទុក ចាំ​ជាប់​ក្នុង​ចិត្ត ចាក់​ធ្លុះ​ល្អ​ដោយ​សម្មាទិដ្ឋិ ។

៧-​បព្វជិត​ជា​អ្នក​ប្រាថ្នា​ធម៌ ពេញចិត្ត​នឹង​ការ​និយាយ​ធម៌ មាន​សេចក្តី​រីករាយ​ដ៏​លើសលុប ក្នុង​ធម៌ និង​វិន័យ

៨-​ភិក្ខុ​មាន​មិត្ត​ល្អ មាន​សម្លាញ់​ល្អ ជា​អ្នក​ពត់​ខ្លួន​តាម​មិត្តសម្លាញ់​ល្អ ។

៩-​ភិក្ខុ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ដើម្បី​លះបង់​នូវ ពួក​អកុសលធម៌ និង​ញ៉ាំង​ពួក​កុសលធម៌​ឲ្យ​សម្រេច ជា​អ្នកមាន​កម្លាំង​សង្វាត​មាំមួន មិន​ដាក់ចុះ​នូវ​ធុរៈ​ក្នុង​កុសលធម៌​ទាំងឡាយ ។

១០-​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលាន​ភេសជ្ជបរិក្ខារ តាម​មាន តាម​បាន តាម​សមគួរ ។