ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អត់ធន់​ជា​គ្រឿង​ពាក់​លម្អ​របស់​អ្នកប្រាជ្ញ

5 ឆ្នាំ មុន

ការ​អត់ធន់​ជា​គ្រឿងអលង្ការ​របស់​អ្នកប្រាជ្ញ ការ​អត់ធន់​ជា​គ្រឿង​កម្ចាត់​បង់​នូវ​បាបធម៌ ការ​អត់ធន់​ជា​កម្លាំង​របស់​អ្នក​ប្រព្រឹត្ត​ធម៌ ការ​អត់ធន់​ជា​គុណជាតិ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​ខ្លួន និង​អ្នក​ដទៃ ។ នេះ​ជា​ពុទ្ធ​គាថា​សម្រួល​ជា​ខេមរភាសា ដែល​មាននៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ។…

ការ​អត់ធន់​ជា​គ្រឿងអលង្ការ​របស់​អ្នកប្រាជ្ញ ការ​អត់ធន់​ជា​គ្រឿង​កម្ចាត់​បង់​នូវ​បាបធម៌ ការ​អត់ធន់​ជា​កម្លាំង​របស់​អ្នក​ប្រព្រឹត្ត​ធម៌ ការ​អត់ធន់​ជា​គុណជាតិ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​ខ្លួន និង​អ្នក​ដទៃ ។ នេះ​ជា​ពុទ្ធ​គាថា​សម្រួល​ជា​ខេមរភាសា ដែល​មាននៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា ។

ការ​អត់ធន់​នេះ​ជា​គ្រឿងអលង្ការ​របស់​អ្នកប្រាជ្ញ​ពាក់​លម្អ​គ្រប់ពេល បុគ្គល​មានចិត្ត​ប្រាសចាក​ខន្តី​ធម៌ ទោះបី​ប្រដាប់​តាក់តែង​កាយ​ដោយ​គ្រឿង​អាភរណៈ ទាំងឡាយ​ដ៏​មាន​តម្លៃ​មាន​មាស​ពេជ្រ​ជាដើម រមែង​ល្អ​ក្នុង​ពួក​ជន​បាន​តែ​ក្នុង​កាលដែល​នៅ​មិន​ទាន់​ប៉ះ​អារម្មណ៍​ដែល​មិន​គួរ​ប្រាថ្នា​ឬ​អារម្មណ៍​ដែល​ទាស់ចិត្ត តែបើ​ពើបប្រទះ​ប៉ះ​អារម្មណ៍​មិន​ជាទី​គាប់ចិត្ត មាន​ជួបនឹង​ពាក្យ​ប្រមាថមើលងាយ​ជាដើម​ក្នុង​ខណៈ​ណា ខណៈនោះ​គេ​ក៏​ភ្លេចខ្លួន​សម្តែង​អាកា​រៈ​ក្រញឹង​ខឹង​ក្រញូវ​គួរ​ជាទី​ស្អប់​ឱ្យ​ប្រាកដ​ឡើង​ភ្លាម ។ កាលបើ​ដូចនេះ​នរណា​ឡើយ​នឹង​លើកតម្កើង​គេ​ថា​ជា​មនុស្ស​ល្អ​ទៅ​កើត ព្រោះ​មុខគួរ​ស្អប់​យ៉ាងនេះ​។

ចំណែក​អ្នកប្រាជ្ញ​មាន​ពុទ្ធា​ទិ​បណ្ឌិត​ជាដើម​សូ​ម្បី​គ្មាន​គ្រឿង​ប្រដាប់​ទាំងនោះ តែ​ប្រកបដោយ​ខន្តី​ធម៌ សូ​ម្បី​ជួប​ប្រទះ​នឹង​ពាក្យ​មើលងាយ ជេរ ប្រទេច​ត្រ​គោះ​បោះបោក​មក​លើ​យ៉ាងណា​ក៏​មិន​បាន​កើត​អារម្មណ៍​ខឹង​តប​ឬ​សម្តែង​អាកា​រៈ​គួរ​ស្អប់​ឱ្យ​ប្រាកដ​ឡើយ ត្រឡប់​ជា​មានមុខ​ញញឹម​ប្រិមប្រិយ​យ៉ាងនេះ តើន​រណ​ឡើយ​នឹង​មិន​សរសើរ​ថា លោក​ជា​អ្នក​ល្អ ។

ខន្តី​ជា​គុណ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ អ្នក​ដែល​មាន​ខន្តី​នៅ​ក្នុង​ខន្ធ​សន្តាន​នឹង​អាច​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​គ្រប់យ៉ាង គឺ​ខន្តី​អាច​ទាញ​មនុស្ស​ជាស​ត្រូវ​ឱ្យទៅ​ជា​មិត្តសម្លាញ់ អាច​ញុំ​ា​ង​ចិត្ត​ដែល​ក្តៅ​ឱ្យទៅ​ជា​ត្រជាក់ អ្នក​ប្រាថ្នា​ប្រយោជន៍​បច្ចុប្បន្ន ឬ​អនាគត បើ​មាន​ខន្តី​អត់ធន់​ក្នុង​ចិត្ត​អាច​ធ្វើ​ប្រយោជន៍​នោះ​ឱ្យ​ជា​ប្រយោជន៍​មនុស្ស​ក្តី ប្រយោជន៍​ទេវតា​ក្តី រហូត​ដល់​ប្រយោជន៍​ខ្ពស់​បំផុត​គឺ​ព្រះ​និព្វាន ដែល​ជា​សុខ​ដ៏​ធំ​បំផុត ក៏​កើត​អំពី​ខន្តី​ទាំងអស់ ។ ហេតុ​នោះ​ទើប​លោក​ពោល​ថា ខន្តី​ជា​គុណ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ក្នុង​លោក​យ៉ាង​ដូច្នេះ ។