ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ក្រហម​មាន​ប្រភព​ពី​ប្រទេស​សៀម​វាយ​លុក​ ទី​ផ្សារ​តំបន់​ទេស​ចរណ៍​ខេត្តសៀមរាប

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ជ្រូក​ក្រហម​មាន​ប្រភព​ពី​ប្រទេស​សៀម​កំពុង​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​នាំ​មក​កាន់​ទី​ផ្សារ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​ក្រុម​ហ៊ុន​ចំនួន​ពីរ​ និង​កំពុង​ធ្វើ​ឱ្យ​កសិករ​បោះ​បង់​ចោល​ការ​ចិញ្ចឹម​ជ្រូក​ហើយ។ ចំណែក​​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្នាត​តូចៗ​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​ប្រឈម​ទៅ​នឹង​​​ការ​ដួល​រលំ​នា​ពេល​ឆាប់ៗ​ខាង​មុខ បើ​សិន​​ពុំ​មាន​វិធាន​ការ​ទប់​ស្កាត់​​ឱ្យ​បាន​ទាន់​ពេលទេ​។ អនុ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​សៀម​រាប

ខេត្ត​សៀម​រាប​ ៖ ជ្រូក​ក្រហម​មាន​ប្រភព​ពី​ប្រទេស​សៀម​កំពុង​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​នាំ​មក​កាន់​ទី​ផ្សារ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​ក្រុម​ហ៊ុន​ចំនួន​ពីរ​ និង​កំពុង​ធ្វើ​ឱ្យ​កសិករ​បោះ​បង់​ចោល​ការ​ចិញ្ចឹម​ជ្រូក​ហើយ។ ចំណែក​​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្នាត​តូចៗ​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​ប្រឈម​ទៅ​នឹង​​​ការ​ដួល​រលំ​នា​ពេល​ឆាប់ៗ​ខាង​មុខ បើ​សិន​​ពុំ​មាន​វិធាន​ការ​ទប់​ស្កាត់​​ឱ្យ​បាន​ទាន់​ពេលទេ​។ អនុ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​សៀម​រាប​លោក​មឿង សុនិត្យា​បាន​ឆ្លើយ​​ចំពោះ​ការ​សួរ​ព័ត៌​មាន​ទាក់​ទិន​ជាមួយ​ការ​នាំ​ជ្រូក​ក្រហម​ពី​ប្រទេស​សៀម​ចូល​មក​កាន់​ខេត្ត​សៀម​រាប​នោះ​ ដោយ​ម្តង​លោក​បដិសេធ​ថា ពុំ​មាន​ការ​នាំ​ចូល​ជ្រូក​ប្រភេទ​នោះ​ទេ ។ បន្ទាប់​មក​ឆ្លើយ​ថា មាន​ក្រុម​ហ៊ុន​មួយ​មាន​ច្បាប់​នាំ​ចូល​ជ្រូក​ប្រភេទ​នេះ​២០​ក្បាល​ក្នុង​មួយ​ថ្ងៃ​ ម្តង​ទៀត​បង្វែរ​សំណួរ​ឱ្យ​ទៅ​សួរ​ការិយា​ល័យ​ជំនាញ​ដែល​នៅ​ក្រោម​ឱវាទ​មន្ទីរ​នោះ​ទៅវិញ​។

ប្រធាន​ការិយា​ល័យ​បស​ុ​សត្វ​ខេត្ត​សៀម​រាប​ លោក​ព្រំ​ វិច បាន​ឱ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​២០​ ខែ​មករា ថា បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ចំនួន​ពីរ​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​នាំ​ជ្រូក​រស់​ពី​ប្រទេស​សៀម​ចូល​មក​កាន់​ទី​ផ្សារ​ទេស​ចរណ៍​​សៀម​រាប​គឺ​១​-ក្រុម​ហ៊ុន​ចន្ធូ​មាន​ជ័យ​ ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​ មាន​សិទ្ធិ​នាំ​ជ្រូក​ពី​សៀម​១០០​ក្បាល​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ម្តង​។ ចំណែក​ក្រុម​ហ៊ុន​មួយ​ទៀត​គឺក្រុម​ហ៊ុន​ថូ​គឹម​ស្រៀង​ទើប​តែ​ដំណើរ​ការ​​បាន​រយៈ​ពេល​មួយ​ខែ​អាច​នាំ​ចូល​ជ្រូក​ចំនួន​១០០​ក្បាល​ក្នុង​ពេល​ពីរ​ថ្ងៃ​ដូច​គ្នា​។ លោក​បាន​បន្ត​ថា មូល​​ហេតុ​ដែល​យើង​អនុ​ញ្ញាត​ឱ្យ​មាន​ការ​នាំ​ជ្រូក​ពី​ប្រទេស​សៀម​ចូល​មក​ទី​ផ្សារ​សៀម​រាប​យ៉ាង​ដូច្នេះ​​ ដោយ​សារ​តែ​ការ​ចិញ្ចឹម​​ជ្រូក​​នៅ​ក្នុង​តំបន់​មិន​អាច​ផ្គត់​ផ្គង់​តាម​តំរូវ​ការ​ទីផ្សារ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ជួប​វិបតិ្ត​ជំងឹ​ជ្រូក​​ត្រចៀក​ខៀវ​កាល​ពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​។ 

លោក​ប្រធាន​ការិយា​ល័យ​បន្ត​ថា ក្រៅ​ពី​ជ្រូក​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ទាំង​ពី​រខាង​លើ​​ នៅ​មាន​​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​ធំៗ​ចំនួ​ន​ពីរ​ទៀត​របស់​ក្រុម​ហ៊ុន​ស៊ីភី​ភី ដែល​មាន​ថៅ​កែ​ជន​ជាតិ​សៀម​នៅ​ឯ​ស្រុក​បន្ទាយ​ស្រី​ និង​ស្រុក​អង្គរ​ធំ​។ ទន្ទឹម​នោះ​ក៏​នៅ​មាន​កសិដ្ឋាន​តូចៗ​របស់​ខ្មែរ​យើង​ប្រមាណ​ជាង​២០០​ក្បាល​ជ្រូក​ក្នុង​មួយ​ថ្ងៃៗ​ និងប្រមាណ​ជាង​១០០​ក្បាល​ផ្សេង​ទៀត​សំរាប់​ស្រុក​ទាំង​១១​របស់​ខេត្ត​។ លោក​បញ្ជាក់​ថា ក្រុម​ហ៊ុន​នាំ​ជ្រូក​​ចូល​ពី​ប្រទេស​សៀម​នោះ​ដាច់​ខាត​ត្រូវ​តែ​មាន​លិខិត​អនុញ្ញាត​ពី​នាយកដ្ឋាន​​​ផលិត​កម្ម​បសុ​ព្យា​បាល​នៃ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​មាន​លិខិត​​​បញ្ជាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ពី​ប្រទេស​សៀម​អំពី​គុណ​ភាព​ ហើយ​ពេល​ដឹក​មក​ដល់​គោល​ដៅ​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ពេទ្យ​សត្វ​របស់​យើង​មុន​នឹង​ចូល​ទៅ​កាន់ទី​​សត្ត​ឃាត​។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​អនុ​ញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​សៀម​យ៉ាង​ច្រើន​ចូល​វាយ​លុក​ទី​ផ្សារ​ក្នុង​ស្រុក​បែប​ហ្នឹង​ បាន​ធ្វើ​ឱ្យ​ប្រជា​កសិករ​មួយ​ចំនួន​ដែល​មាន​មុខ​របរ​ចិញ្ចឹម​ជ្រូក​លក់​កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​ដួល​រលំ​ និង​បោះ​បង់​ចោល​មុខរបរ​របស់​ពួក​គេ​ជា​បណ្តើរៗ​ ដោយ​សារ​តែ​មិន​អាច​មាន​លទ្ធ​ភាព​ប្រកួត​ប្រជែង​តំលៃ​ក្នុង​ទី​ផ្សារ​បាន​។​ លោក​ប៊ូ កុក​ហួរ ជា​កសិករ​គំរូ​មួយ​រូប​ធ្លាប់​បាន​ទទួល​ប័ណ្ណ​សរសើរ​ប្រចាំ​ប្រទេស​លើ​កិច្ច​ការ​ចិញ្ចឹម​ជ្រូក​បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំ​ល្មម​ដែល​មាន​ជ្រូក​មេ​ពូជ​ចំនួន​៩​ក្បាល​ និង​ជ្រូក​​សាច់​ប្រមាណ​៥០ក្បាល​​នៅ​ក្នុង​ភូមិ​ល្អក ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឱ្យនាំ​​ជ្រូក​ពី​​ប្រទេស​សៀម​ចូល​មក​ខេត្ត​ទេស​ចរណ៍​សៀម​រាប​នេះ​ វា​បាន​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រជា​កសិករ​ខ្មែរ​យើង​ដែ​ល​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​​ត​ជំនាន់​ជាយូរ​មក​ហើយ​។ លោក​បាន​បន្ថែម​ថា តាម​ការ​កត់​សំគាល់​ចាប់​តាំង​ពី​ជ្រូក​សៀម​ត្រូវ​បាន​នាំ​ចូល​យ៉ាង​ភ្លូក​ទឹក​ភ្លូក​​ដី​រហូត​មក​ឃើញ​​ថា ការ​ចិញ្ចឹម​​ជ្រូក​នៅ​តាម​កសិ​ដ្ឋាន​តូច​ៗ​​មាន​ការ​ដួល​រលំ​ ហើយ​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ក៏​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សំគាល់​ ដោយ​សារ​តែ​មិន​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ជាមួយ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​សៀម​ដែល​ចិញ្ចឹម​តាម​បែប​ឧស្សាហ​កម្ម​បាន​។

ម្យ៉ាង​ទៀត​មួយ​រយៈ​ពេល​នេះ​នៅ​ស្រុក​យើង​មាន​កើត​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ធ្វើ​ឱ្យ​ជ្រូក​ឈឺ​ងាប់​ ហើយ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​​លក់​ជ្រូក​ក្នុង​តំលៃ​ថោក​ខាត​​អស់រាប់​ពាន់​រាប់​​ម៉ឺន​ដុល្លារបោះ​បង់​ចោល​ការ​ចិញ្ចឹម​ត​ទៅ​ទៀត​។ ការ​បោះ​បង់​ចោល​នូ​វការ​និយម​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​មាន​មុខ​របរ​ដឹក​កូន​ជ្រូក​លក់​ទៅ​ឱ្យ​កសិករ​នៅ​ភូមិ​នានា​ត្រូវ​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​ដូច​គ្នា​ដែរ​ ដោយ​សារ​គ្មាន​ការ​បញ្ជា​ទិញ​ដូច​ពី​ពេល​មុនៗ។​ ជាមួយ​កូន​ជ្រូក​តូចៗ​ប្រមាណ​ជាង​ដប់​ក្បាល​កំពុង​បញ្ចេញ​សំលេង​យំ​យ៉ាង​ទ្រហឹង​​នៅ​ក្នុង​ទ្រុង​ដឹក​តាម​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​ បុរស​​វ័យ​​ប្រមាណ​​ជាង​៥០​ឆ្នាំ​ឈ្មោះ​យ៉យ សុង ជា​អ្នក​លក់​កូន​ជ្រូក​តាម​ភូមិ​នានា​ក្នុង​ស្រុក​បាគង​បាន​ត្អូញ​ត្អែរ​ដែរ​ថា ចំណូល​ប្រចាំ​ថ្ងៃ​របស់​គាត់​ស្ទើរ​តែ​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​ចាប់​​តាំង​ពី​ប្រជា​ពល​រដ្ឋ​លែង​និយម​ចិញ្ចឹម​ជ្រូក​នៅ​តាម​ផ្ទះ។ បុរស​រូប​នោះ​បាន​បន្ត​ថា កាល​ពី​មុន​គាត់​អាច​​ទាញ​ចំណូល​បាន​ចាប់​ពី​ប្រាំ​ពី​រម៉ឺន​ទៅ​ដប់​ម៉ឺន​រៀល​ពីការ​លក់​កូន​ជ្រូក​១០​ទៅ​១៥​ក្បាល​ក្នុងមួយ​ថ្ងៃៗ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ថ្ងៃ​ខ្លះ​ខាត​ដើម​ក៏​មាន​ដែរ​ ព្រោះ​កសិករ​ខ្លះ​សុខ​ចិត្ត​ទុក​ទ្រុង​នៅ​ទំនេរ​មិន​ទិញ​កូន​ជ្រូក​ចិញ្ចឹម​​ ដោយ​សារ​តែ​ខ្លាច​​ខាត​ចុង​ខាត​ដើម​ដូចគ្រា​កន្លង​ទៅ​ ​។

ខេត្ត​សៀម​រាប​ត្រូវ​បាន​មើល​ឃើញ​ថា មាន​បណ្តូល​សេដ្ឋ​កិច្ច​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ទេស​ចរណ៍ ​ដោយ​សារ​ខេត្ត​នេះ​ពោរ​ពេញ​ទៅ​ដោយ​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ធម្ម​​ជាតិ​ ប្រវត្តិ​សាស្ត្រ​ និង​ប្រាង្គ​ប្រាសាទ​បុរាណ​ដ៏​សំបូរ​បែប​ ជា​ពិសេស​អង្គរ​វត្ត​បេតិក​ភណ្ឌ​​ពិភពលោក​ដែល​អាច​អន្ទង​អារម្មណ៍​ភ្ញៀវ​ទេស​ចរ​ជាតិ​ អន្តរ​ជាតិ​ប្រមាណ​ជាង​មួយ​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​មក​ទស្សនា ដោយ​នាំ​​នូវ​ចំណូល​រាប់​រយ​លាន​ដុល្លារ​មក​ជាមួយ។ ប៉ុន្តែ​អ្វី​ដែល​ជា​ប្រការ​គួរ​ឱ្យ​សោក​ស្តាយ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​បាន​វិភាគ​ថា ចំណូល​ប្រមាណ​ជា​៣០​ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​ធ្លុះ​ធ្លាយ​​ទៅ​ប្រទេស​ក្បែរ​ខាង​ រួម​មាន​ប្រទេស​យួន និ​ងសៀម​តាម​រយៈ​​ការ​ដាំ​បន្លែ ត្រី​​ សាច់​ ដែល​បញ្ហា​ហ្នឹង​អាចរាំង​ខ្ទប់​បាន​តាម​កម្ម​វិធី​ខ្សែ​ក្រវាត់​ពណ៌​បៃ​តង។

ចំណែក​លោក​ស្រេង​ សិលា រស់​នៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​ជា​អ្នក​ទិញ​ជ្រូក​មក​កាប់​ចែក​ចាយ​ទៅ​ឱ្យ​អាជីវ​ករ​លក់​សាច់​ជ្រូក​ក្នុង​ទី​ផ្សារ​នានា​នៃ​ក្រុង​សៀម​រាប​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​​ការ​ប្រមូល​ទិញ​ជ្រូក​រស់​នៅ​ក្នុង​តំបន់​មាន​ការ​លំបាក​ជាង​មុន ​ដោយ​សារ​តែ​ចំនួន​ប្រជា​ពល​រដ្ឋ​ចិញ្ចឹម​ជ្រូក​មាន​ការ​ថយ​ចុះ ហើយ​ពេល​នេះ​គាត់​បាន​ប្តូរ​ទិញ​ជ្រូក​ពី​ក្រុម​ហ៊ុន​នាំ​ចូល​ពី​ប្រទេស​សៀម​ម្តង​ គឺ​ពី​រ​ថ្ងៃ​លោក​ទិញ​៥០​ក្បាល​សំរាប់​កាប់​ចែក​ចាយ​។
លោក​បាន​បញ្ជាក់​ថា​ ជ្រូក​នាំ​ចូល​មាន​គុណ​ភាព​ល្អ​ជាង​ជ្រូក​ចិញ្ចឹម​នៅ​ក្នុង​ស្រុក​ ហើយ​ជ្រូក​រស់នាំ​ចូល​ទិញ​ក្នុង​តំលៃ​ចាប់​ពី​៨.៧០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ ថ្លៃ​ជាង​ជ្រូក​រស់ក្នុង​ស្រុក​ជាង​១.០០០​រៀល​។ សូម​រំលឹក​ផង​ដែរ​ថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កាល​ពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១០​ កន្លងទៅ ធ្លាប់​បានអំពាវ​នាវ​ឱ្យ​មាន​ការ​ទប់​ស្កាត់​ការ​នាំ​ជ្រូក​ចូល​ជា​បណ្តោះ​អាសន្ន​ដើម្បីការ​ពារ​ការ​ឆ្លង​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​​និង​ជំងឺ​ផ្តាសាយ​ជ្រូក​ ៕