ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៥នាក់ បានត្រូវសមត្ថកិច្ចផ្នែករដ្ឋបាលជលផលរាំងទិល សហការជាមួយនគរបាលប៉ុស្តិ៍ និងសហគមន៍នេសាទ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការពីបទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ មីនា ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពឆក់ត្រីជាក់ស្តែងនៅបឹងប្រហុក ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ។ ជនសង្ស័យឈ្មោះហ៊ុត ហ៊ឹង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរបងរមាស ឃុំបឹងបត់កណ្តោល។
តាមប្រភពពីលោកជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល ឱ្យដឹងថា នៅព្រឹកនោះខណៈពេលមន្ត្រីរបស់លោកកំពុងដើរល្បាតតាមតំបន់ព្រៃលិចទឹក ស្ថិតនៅក្នុងដែននេសាទរបស់សហគមន៍ ក៏ស្រាប់តែប្រទះឃើញមនុស្ស៥នាក់ កំពុងឆក់ត្រីក្នុងបឹងប្រហុក ។ ភ្លាមនោះយើងបានសហការជាមួយនគរបាលប៉ុស្តិ៍ និងសហគមន៍នេសាទចុះទៅព័ទ្ធចាប់ ប៉ុន្តែចាប់បានតែម្នាក់ប៉ុណ្ណោះ ឯ៤នាក់ទៀតទំលាក់ប្រដាប់ឆក់ត្រី និងកន្ត្រកត្រីចោលរត់គេចខ្លួនអស់ ។ សមត្ថកិច្ច បានប្រមូលវត្ថុតាងមានអាគុយ៤០អំពែ ចំនួន១គ្រឿង អាំងវែទ័រចំនួន១គ្រឿង ដងឆក់ចំនួន៣គូ ទ្រុងប្រស់ត្រីចំនួន២ កន្ត្រកយួរដៃសម្រាប់ដាក់ត្រីចំនួន៣ និងត្រីដែលឆក់បានប្រហែលជាង៤គីឡូក្រាម ។
លោកជិន ចាន់ថន បន្តថា អនុវត្តតាមច្បាប់ជលផលមានវិធានការដ៏ម៉ឺនម៉ាត់ និងត្រឹមត្រូវរបស់លោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់នោះ ផ្នែករដ្ឋបាលជលផលរាំងទិល និងក្រគរ ព្រមទាំងសង្កាត់ជលផលទាំងអស់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ូលិសប៉ុស្តិ៍ ខិតខំបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹម ទាំងការប្រើឧបករណ៍ខុសច្បាប់ ការកាប់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូន និងការដាក់ថ្នាំបំពុលសត្វស្លាបជាដើម ដើម្បីរួមគ្នាថែរក្សាការពារឱ្យមច្ឆជាតិសំបូរឡើងវិញ ៕
ចែករំលែកព័តមាននេះ