រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាស៊ូស៊ីរីកា បានបង្ហោះកាលពីពេល ថ្មីៗកន្លងមកឲ្យដឹងពីផលវិបាកក្នុងការសម្ដែងបទ «ឧបសគ្គស្នេហ៍»ជាបទថ្មីរបស់ផលិតកម្មថោន ។ សាច់រឿងទាំងមូលនៅមិនទាន់បានទម្លាយឲ្យដឹងនៅឡើយទេ ប៉ុន្តែសម្តែងបទ «ឧបសគ្គស្នេហ៍» ស៊ូ ស៊ីរីកា ឆ្លងកាត់ការអត់ធ្មត់ខ្លាំងនទម្រាំថតចប់មួយបទនោះ ។ ដូច្នេះហើយរីកា បានការសរសើរពីអ្នកអ្នកនាំសម្តែងចំពោះការខិតខំរបស់នាងដើម្បីឲ្យស្នាដៃចេញមកល្អត្រូវចិត្តទស្សនិកជន ។
លោករិទ្ធ អូមេហ្គា ជាអ្នកដឹកនាំសម្តែងនិយាយកាលពីពេល ថ្មីៗកន្លងមកថា អាចនិយាយថាមិនមានការសម្ដែងបទណាដែលពិបាកសម្រាប់តារាចម្រៀងកញ្ញាស៊ូស៊ីរីកា ដូចបទ«ឧបសគ្គស្នេហ៍»ដែលទេ ដោយសារតែក្នុងបទនេះលោកតម្រូវឲ្យនាងលោតទឹកក្នុងកម្ពស់១២ម៉ែត្រ ហើយលង់ឈ្លក់ទឹកមែនទែន ដោយកុំតែមានការជួយសង្គ្រោះទាន់ពេល គឺប្រហែលជាប៉ះពាល់ដល់អាយុជីវិតនាងមិនខាន។
មួយរឿងនេះចំណាយពេលថតដល់ទៅថត៤ថ្ងៃពេញ ដោយក្នុងមួយថ្ងៃត្រូវថតដល់ម៉ោង៤ភ្លឺ ព្រោះតែលោកចង់បានសាច់រឿងមួយ ដែលមានច្រើនប្លង់ ទាំងប្លង់យប់ផង ថ្ងៃផង ហើយស៊ូស៊ីរីកា គឺជាតួអង្គដែលប្រឈមការលំបាកពេញមួយសាច់រឿង ។
លោករិទ្ធ អូមេហ្គា និយាយថា «ការសម្ដែងមួយបទនេះ គឺនាងលះបង់បានល្អ ជាពិសេសត្រង់ចំណុចលោតទឹក និងឈ្លក់ទឹកមែនទែន ហើយនៅតែថត ចុះឡើងៗ ទម្រាំតែបានត្រូវល្អ។ ក្នុងនោះនាងក៏ត្រូវថតហាលក្ដៅរាល់ថ្ងៃ ដល់ថ្នាក់របកស្បែកដូចគេបកស្បែក ទាំងផ្ទាំងៗដែរ ប៉ុន្តែនាងនៅតែស៊ូទាល់តែចប់ ។
ខ្ញុំរំពឹងខ្លាំងថា មួយបទនេះរបស់នាងនឹងជោគជ័យខ្លាំងសម្រាប់ការគាំទ្រ ដោយសារតែសាច់រឿងដែលនាងថត គឺជាសាច់រឿងខ្លាំងមិនធម្មតា បន្ទាប់ពីបទ«ឧបសគ្គស្នេហ៍»របស់តារាចម្រៀងប្រុស បានក្លាយជា MV ផ្ទុះក្នុងស្រទាប់មហាជន»។
កញ្ញាស៊ូស៊ីរីកា និយាយថា «ដើម្បីតម្រូវតាមសាច់រឿងដែលចង់បាន ទើបនាងខ្ញុំតស៊ូសម្ដែងមួយបទនេះ ដោយនាងខ្ញុំចាត់ទុកថានោះជាការលះបង់ដ៏កម្រមួយដែលនាងខ្ញុំបានធ្វើដើម្បីសិល្បៈនោះផង ។ នាងខ្ញុំរំពឹងដូចគ្នាថា ការប្រឹងប្រែងរបស់ខ្លួននឹងទទួលជោគជ័យក្នុងពេលMV ទាំងមូលត្រូវបានចេញបង្ហោះជាសាធារណៈ» ៕
ចែករំលែកព័តមាននេះ