ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ ​គ្រោងដាក់ឱ្យប្រើ​ប្រព័ន្ធ QR Code ​សម្រាប់ទូទាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពាណិជ្ជករ អាជីវករ បងប្អូន​ពលករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ធនាគារកណ្តាល​កម្ពុជា បាន​សហការ​ជាមួយ​ធនាគារកណ្ដាល​ថៃ ក្នុង​គោលបំណង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ជំហាន​ដំបូង​នូវ​ប្រព័ន្ធ QR…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពាណិជ្ជករ អាជីវករ បងប្អូន​ពលករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ធនាគារកណ្តាល​កម្ពុជា បាន​សហការ​ជាមួយ​ធនាគារកណ្ដាល​ថៃ ក្នុង​គោលបំណង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ជំហាន​ដំបូង​នូវ​ប្រព័ន្ធ QR Code សម្រាប់​ការ​ទូទាត់​ទូទៅ​នៃ​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

ការ​លើក​ឡើង​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ជំនួប​រវាង​លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ជាមួយ​លោក​ជំទាវ Chantavarn Sucharitakul ឧបការី​ទេសាភិបាល​ធនាគារកណ្តាល​ថៃ ស្តី​ពី គម្រោង​ពង្រឹង​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ (​ប្រាក់​រៀល​ខ្មែរ និង​ប្រាក់​បាត​ថៃ​) ចំពោះ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៤ កក្កដា កន្លង​មក ។

ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ៖«​ការ​ប្រើប្រាស់ QR Code នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ជា​ប្រាក់​រៀល​ទទួល​បាន​ផល​ចំណេញ​ច្រើន ដូច​ជា អាច​ធ្វើការ​ទូទាត់​ចេញពី​គណនី​ជា​ប្រាក់​រៀល​របស់​ខ្លួន សម្រាប់​ចំណាយ​ទិញ​ទំនិញ ឬ​ទូទាត់​ចំណាយ​នានា​ដូច​ជា សេវា​ព្យាបាល ជាដើម នៅ​លើ​ទឹកដី​ថៃ ដោយ​ងាយស្រួល សុវត្ថិភាព និង​ចំណាយ​តិច​បំផុត បើ​ធៀប​នឹង​ការ​ប្តូរ និង​ការ​កាន់​សាច់ប្រាក់​បាត​ទៅ​ចាយ​លើ​ទឹកដី​ថៃ ។

ដូច្នេះ ប្រជាជន​កម្ពុជា​នឹង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការ​ប្តូរ​ប្រាក់ ដែល​ពេល​ខ្លះ អាច​ទទួល​រង​នូវ​ការ​ខាតបង់​ពី​ការ​ប្តូរ​ប្រាក់ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ហើយ​អាច​ធ្វើការ​ចំណាយ​ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ការ​បាត់បង់ និង​ខ្វះខាត​ប្រាក់​បាត​ថៃ នៅ​ពេល​ដែល​មាន​គណនី​ជា​ប្រាក់​រៀល​នៅ​កម្ពុជា » ។

ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​ប្រព័ន្ធ QR Code ក៏​នឹង​អាច​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​ទូទាត់​ថ្លៃ​ទំនិញ​ឱ្យ​គ្នា​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​ធ្វើការ​ប្តូរ​ប្រាក់​នៅ​តាម​ភ្នាក់ងារ​ប្តូរ​ប្រាក់​នានា​ផង​ដែរ ។ ចំណែកឯ​កម្មករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​នឹង​អាច​ផ្ទេរ​ប្រាក់​ទៅ​គ្រួសារ​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​នេះ ជាមួយនឹង​ការ​ចំណាយ​ទាប និង​មាន​សុវត្ថិភាព​បំផុត ។

ធនាគារជាតិ​នៃ​កម្ពុជា គូសបញ្ជាក់​ថា ៖«​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​រយៈ QR Code នឹង​ក្លាយជា​កម្លាំង​ច​លករ​មួយទៀត ចំពោះ​ការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា មាន​គណនី​ជា​ប្រាក់​រៀល ដោយ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទាំង​ក្នុងស្រុក និង​នៅ​ក្រៅ​ស្រុក ស្រប​តាម​គោលនយោបាយ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា » ។

ម្យ៉ាងទៀត ការ​ប្រើប្រាស់ QR Code ជាមួយនឹង​គណនី​ជា​ប្រាក់​រៀល នឹង​ជួយ​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ផ្លូវការ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ប្រតិបត្តិការ​មាន​តម្លៃ​ទាប ងាយស្រួល និង​មាន​សុវត្ថិភាព ជា​ពិសេស ចំពោះ​ប្រតិបត្តិការ​តូច​ៗ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ថ្នាក់​កណ្តាល ។
ពាក់ព័ន្ធ​នឹង​គម្រោង​ដាក់​ឲ្យ​ប្រតិបត្តិការ​រួម​គ្នា​នូវ​ប្រព័ន្ធ​QR Code​នេះ អ្នកជំនាញ​សេដ្ឋកិច្ច កម្ពុជា​មើលឃើញ​ថា គឺជា​ការ​ផ្តួចផ្តើម​មួយ​ដ៏​ល្អ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផល​ចំណេញ​ទាំង​សងខាង ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ កក្កដា ម្សិលមិញ​ថា នៅ​ពេល​ធនាគារកណ្តាល​​ទាំង​ពីរ​ប្រទេស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​QR Code សម្រាប់​ធ្វើការ​ទូទាត់​ទូទៅ​នៅ​ពេល​ខាង​មុខ វា​នឹង​ផ្តល់​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ទាំង​សងខាង ។

លោក​ថ្លែង​ថា ៖« ថៃ​នឹង​ចំណេញ​សេដ្ឋកិច្ច តាម​រយៈ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចាយវាយ​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន ។ មួយទៀត វា​ចំណេញ​មក​ដល់​កម្ពុជា​វិញ ជា​ពិសេស ធ្វើ​ឱ្យ​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ កាត់​បន្ថយ​នូវ​ហានិភ័យ​ទៅ​លើ​ការ​វេរ​លុយ​(​ផ្ទេរ​)​តាម​រយៈ​អ្នក​ស្គាល់គ្នា ដែល​ប្រឈម​នឹង​ការ​បាត់បង់ រួម​នឹង​បញ្ហា​ផ្សេង​ទៀត ជាដើម » ។

លោក​បន្ដ​ថា ប្រព័ន្ធ QR Code នេះ នឹង​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ​បាន​មួយ​ចំណែក ដោយសារ​ការ​ប្រើប្រាស់ QR Code នៅ​គ្រា​ដំបូង​មាន​កម្រិត ប៉ុន្តែ​បើសិន​ចំនួន​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​នោះ នឹង​ធ្វើ​ឱ្យ​ការងារ​នេះ​បាន​កាន់តែ​ល្អ ទាំង​ការ​ប្រើប្រាស់​ប្រាក់​រៀល និង​កាត់​បន្ថយ​នូវ​ហានិភ័យ​ដល់​កម្មករ​ខ្មែរ​នៅ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ