អតីត​កីឡាករ​​ល្បីឈ្មោះចង់​ឃើញអ្នក​​ស្រករ​ក្រោយ​បំបែក​កំណត់​ត្រា​​ខ្លួន


រាជធានី​ភ្នំពេញ ៖ លោក គៀង សា​ម៉​ន អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ​ដ៏​ល្បី និង​កំពុង​តែ​បម្រើ​ការងារ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​មក​ដល់​ពេល​នេះ​មាន​អាយុ​៣៥​ឆ្នាំទៅ​ហើយនោះ​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មានកីឡាករ​អត្តពលកម្ម​រូប​ណា​អាច​បំបែក​កំណត់ត្រា​របស់​លោក​បាន​នៅឡើយ​ទេ​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក គៀង សា​ម៉​ន បាន​ថ្លែង​ថា លោក​ចូល​ហ្វឹកហាត់​កីឡា​អត្ត​ពលកម្ម​តាំងពី​ឆ្នាំ​២០០០​មក​ម្លេ​៉ះ ហើយ​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​នៅ​ក្នុង​ឆ្នាំ​២០០៧​។

លោក​ជា​កីឡាករ​អត្តពលកម្ម​ម្នាក់​ដែល​មាន​ជំនាញ​ប្រកួត​ស្ទើរតែ​គ្រប់​វិញ្ញាសា​ចាប់ពី​៥​គីឡូម៉ែត្រ​រហូត​ដល់​៤២​គីឡូម៉ែត្រ ។ លុះ​មក​ដល់​ឆ្នាំ​២០១០​លោក​បាន​ប្ដូរ​មក​ប្រកួត​លើ​វិញ្ញាសា​រត់​៨០០​ម៉ែត្រ​និង​១៥០០​ម៉ែត្រ​វិញ​ហើយ​ទើបតែ​លាឈប់​ពី​អាជីព​មួយ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទេ ។ ពាក់ព័ន្ធ​នឹង​ស្នាដៃ​ដែល​សម្រេច​បាន លោក គៀង សា​ម៉​ន រៀប​រាប់​ថា លោក​ធ្លាប់​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​គ្រាន់តែ​មិនសូវ​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុណ្ណោះ ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​សប្បាយចិត្ត​នោះ គឺ​ពេល​លោក​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឆ្នាំ​២០០៥​ដែល​កាល​ណោះ​លោក​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៥​លើ​វិញ្ញាសា​រត់​៨០០​ម៉ែត្រ​ដោយ​ប្រើ​ថិរវេលា​១​នាទី​៥៣.១៧ ។ ដោយឡែក សម្រាប់
ការ​ប្រកួត​ថ្នាក់​ជាតិ​ដែល​មាន​ដូច​ជា​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​ជាដើម លោក​ធ្លាប់​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ជា​រៀង​រាល់​ឆ្នាំ ។ តាំង​ពី​លោក​លាឈប់​ពី​អាជីព​មួយ​នេះ​រហូត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​អ្នក​ណា​អាច​បំបែក​កំណត់​ត្រា​របស់​លោក​បាន​នៅឡើយ​ទេ​។

លោក គៀង សា​ម៉​ន បានឱ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃនេះ​លោក​សង្កេត​ឃើញ​ក្មេង​ស្រករ​ក្រោយ​​មួយ​ចំនួន​ក៏​មាន​កម្រិត​បច្ចេកទេស​ល្អ កម្លាំង​មាំមួន ប៉ុន្តែ​ពួក​គេ​នៅ​តែ​ពុំ​ទាន់​អាច​បំបែក​កំណត់​ត្រា​របស់​លោក​បាន​នៅឡើយ ។​ លោក​ពិតជា​សប្បាយចិត្ត​ពេល​ឃើញ​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បំបែក​កំណត់​ត្រា​របស់​លោក​បាន ។ លោក​នៅ​តែ​ស្រឡាញ់ កីឡាអត្តពលកម្ម​នេះ​ខ្លាំង​ណាស់ ហើយ​លោក​ក៏​ចង់​ធ្វើ​ជា​គ្រូបង្វឹក​កីឡា​មួយ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​លោក​មិនសូវ​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​គ្រូបង្ហាត់ ខណៈ​សព្វថ្ងៃ​ក៏​មាន​គ្រូបង្ហាត់​ចាស់​ៗ​មានបទពិសោធន៍​ច្រើន​ជាង​លោក​ផង ដូច្នេះ​មាន​តែ​ទុក​ឱកាស​នេះ​ឱ្យ​ពួក​គាត់​ទៅ​ចុះ ។ ទោះបី​យ៉ាងណា​លោក​នៅ​តែ​ដឹងគុណ​ចំពោះ​សហព័ន្ធ​កីឡាអត្តពលកម្ម​ដែល​តែងតែ​ផ្ដល់​ឱកាស​ឱ្យ​លោក​បាន​ចូល​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ជា​រៀង​រាល់​លើក​។

លោក​បញ្ជាក់​ថា បើសិនជា​លោក​មាន​វាសនាក្លាយជា​គ្រូបង្ហាត់​កីឡា​មួយ​នេះ​វិញ​នោះ លោក​ផ្ដោត​សំខាន់​ទៅ​លើ​វិញ្ញាសា​រត់​៨០០​ម៉ែត្រ​និង​១៥០០​ម៉ែត្រ​ព្រោះ​វិញ្ញាសា​ទាំង​២​នេះ​លោក​ដឹង​ច្បាស់​ជាងគេ ទោះបី​បច្ចុប្បន្ន​លោក​ធ្វើ​ជា​អាជ្ញាកណ្ដាល​កីឡាបាល់ទាត់​ក្ដី។

ពាក់ព័ន្ធ​នឹង​ជីវិត​គូ អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ​ដ៏​ល្បី​រូប​នេះ​បាន​បញ្ជាក់​ថា លោក​រៀប​ការ​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ​២០០៦​ដែល​រហូត​មក​ដល់​ពេល​នេះ​មានកូន​៦​នាក់​(ប្រុស​៤​ស្រី​២)​កូន​ស្រី​ច្បង​មាន​អាយុ​១៦​ឆ្នាំ ។ សព្វថ្ងៃ​ក្រុម​គ្រួសារ​លោក​រស់នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​លោក​ក៏​មាន​បំណង​បណ្ដុះបណ្ដាល​កូន​ឱ្យ​ស្នង​តំណែង​លោក​ដែរ​តែ​ដោយសារ​ពួក​គេ​នៅ​តូច​ៗ​ទើប​លោក​ជំរុញ​ឱ្យ​ពួក​គេ​សិក្សា​យកចំណេះ​វិជ្ជា
ឱ្យ​បាន​ច្រើន​សិន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ