មក​ស្គាល់​កីឡាការិនី​​2​រូប កំពុង​តែ​ល្បី​ខ្លាំង​


រាជធានី​ភ្នំពេញ ៖ កីឡាការិនី​ភ្នំពេញ​ក្រោ​ន២​រូប​គឺ​ហួត គឹ​ម​ហុង និង បាន ជា​វៃ ដែល​បាន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​ធ្វើការ​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ AFF WOMEN’S CHAMPIONSHIP 2018 នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​បន្ទាប់​ពី​ឃើញ​សមត្ថភាព​លេង​បាល់​របស់​កីឡាការិនី​ទាំង​២​ពិតជា​ខ្លាំង​មិនធម្មតា​។

ជាក់ស្ដែង​នៅ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​ពួក​គេ​រកបាន​គ្រាប់​បាល់​យ៉ាងច្រើន​ជូន​ក្រុម​របស់​ខ្លួន​ទោះបី​ត្រូវ​ជួប​តតាំង​ជាមួយ​ក្រុម​ខ្លាំង​ដែល​មាន​កាយសម្បទា​ធំ​ខ្ពស់​ជាង​ខ្លួន​ក្តី​ក៏​មិន​អាច​រារាំង​ការ​រក​គ្រាប់​បាល់​របស់​កីឡាការិនី​ទាំង​២​រូប​នេះ​បាន​ដែរ​។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាពពេល​កំពុង​ហ្វឹកហាត់​បាល់ទាត់​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន កីឡាការិនី​ហួត គី​ម​ហុង និង​បាន ជា​វៃ បាន​រៀបរាប់​ពី​ប្រវត្តិ​ក៏​ដូច​ជា​ជំហាន​ចាប់​យក​អាជីព​ជា​កីឡាការិនី​បាល់ទាត់​របស់​ពួក​នាង​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកលេង​បាល់​ដ៏​ល្អ​ម្នាក់​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​គឺ​ត្រូវ​ចំណាយពេល​ហ្វឹកហាត់​ជា​ច្រើន​ឆ្នាំ​គួប​ផ្សំ​នឹង​ទេព​កោសល្យ​ពី​កំណើត​ផង​ទម្រាំ​បាន​ដូច​ពេល​នេះ ។ ប៉ុន្តែ​ក៏​ត្រូវ​បែងចែក​ពេលវេលា​រៀនសូត្រ​និង​លេង​កីឡា​ឱ្យ​ដាច់​ស្រឡះ​ពី​គ្នា​ផង​ដែរ​។

ហួត គី​ម​ហុង ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា ទម្រាំ​តែ​ឈាន​ជើង​មក​ដល់​ចំណុច​នេះ​នាង​ពិតជា​បាន​ជម្នះ​ការ​លំបាក​គ្រប់​បែប​យ៉ាង​ជាមួយ​ការតាំងចិត្ត​តស៊ូ​ព្យាយាម​ហ្វឹកហាត់​មិន​ហ៊ាន​ទម្រន់ឡើយ ។ ជា​ពិសេស​ត្រូវ​ជម្នះ​នូវ​ភាព​អៀនខ្មាសទោះបី​មាន​អ្នក​និយាយ​ថា​ខ្លួន​ជា​ស្ត្រី​លេង​កីឡាមិនល្អ​ក៏​ដោយ ក៏​ខ្លួន​មិន​ខ្វល់​ដែរ ។

នាង​មាននិស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​កីឡា​តាំងពី​នៅ​តូច​ៗម៉្លេះ គឺ​តាំងពី​អាយុ​៨​ឆ្នាំ ។ កាល​​ណោះ ពេលទំនេរ​ពី​ការ​សិក្សា នាង​បាន​ឆ្លៀតពេល​ទៅ​លេង​កីឡា​មិនសូវ​ដែល​ខាង​​ឡើយ​បើ​ទោះជា​មាន​ពេល​ខ្លះ​នាង​ទទួល​រង​នូវ​ការ​ស្ដីបន្ទោស​ពី​ឪពុក​ម្ដាយ​យ៉ាង​ណា​ក៏​ដោយ​ក៏​នាង​នៅ​តែ​ជម្នះ ព្រោះ​នាង​ដឹង​ថា ការ​លេង​កីឡា​នាំ​ឱ្យ​យើង​មាន​សុខ​ភាព​​ល្អ កាយសម្បទា​រឹង​មាំ និង​ប្រាជ្ញា​ឈ្លាសវៃ​។

ទីបំផុត នៅ​ក្នុង​ឆ្នាំ​២០០៨​នាង​ក៏​សម្រេចចិត្ត​ចុះ​ឈ្មោះ​ចូល​លេង​បាល់ទាត់​នៅ​ក្នុង​ក្រុម​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​នៅ​ក្នុង​ខេត្តបាត់ដំបង​ដែល​ជា​ស្រុក​កំណើត​របស់​នាង ។ កីឡាការិនី​ដែល​ទាត់​ចូល​ទី​ម័​រ​ខាងកើត​៦​គ្រាប់​ម្នាក់ឯង​រូប​នេះ​ឲ្យ​ដឹង​ថា ដោយសារ​តែ​រូប​នាង​មាន​និស្ស័យ​ចូល​ចិត្ត​លេង​កីឡាបាល់ទាត់​ស្រាប់ គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ទៀត​ផង​នោះ​ធ្វើ​ឱ្យ​រូប​នាង​ក្លាយជា​អ្នកលេង​បាល់​ដ៏​ល្អ​មួយ​​រូប និង​មានការ​ចាប់អារម្មណ៍​ពី​គ្រូបង្វឹក​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្លិប​តាំងពី​ពេល​នោះ​មក។

នៅ​ក្នុង​ឆ្នាំ​២០១០​នាង​បាន​សម្រេចចិត្ត​ចូល​លេង​បាល់ទាត់​ស៊ប់​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​តែ​ម្ដង រហូត​ដល់​ឆ្នាំ​២០១៨ នាង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​នារី​ឈុត​ធំ​។

ចំណែក​កីឡាការិនី​បាន ជា​វៃ​វិញ​នោះ​គឺជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​តាំងពី​នៅ​តូច​ម្ល៉េះ ដោយ​​រូប​នាង​ត្រូវ​បាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ​ខេត្តបាត់ដំបង​យក​ទៅ​ចិញ្ចឹម​ឱ្យ​រៀនសូត្រ និង​ហ្វឹកហាត់​លេង​កីឡាបាល់ទាត់​តាំងពី​នោះ​មក ។ ចំពោះ​បទ​ពិសោធន៍​នៅ​ក្នុង​ការ​លេង​បាល់ទាត់​វិញ​គឺ​មាន​ច្រើន​មិន​ចាញ់​នាង​ហួត គី​ម​ហុង​ប៉ុន្មាន​ទេ​ដោយ​នាង​ធ្លាប់​លេង​ឱ្យ​ក្រុមU១៥​និង​U១៦​រហូត​ដល់​មក​ក្រុម​ឈុត​ធំ​សព្វថ្ងៃ​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ។ នាង​បាន​លើក​ឡើង​ស្រ​ដៀង​នឹង​មិត្ត​រួម​អាជីព​ថា ដើម្បី​ក្លាយជា​អ្នកលេង​បាល់​​ទាត់​​ដ៏​ល្អ​ម្នាក់ នាងត្រូវ​តែ​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់​ជម្នះ​រាល់​ការ​លំបាក​និង​ដំនៀល​ទាំងអស់ និង​គោរព​ពេលវេលា​ហ្វឹកហាត់​ឱ្យ​បាន​ទៀងទាត់ ។

ជា​ពិសេស​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន​ដែល​មិន​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​លេង​កីឡា​ដូច​ជា​រូប​នាង​ជាដើម ។ នាង​យល់​ថា អ្នក​ដែល​មាន​ទស្សនៈ​រិះគន់​បែប​នេះ​គឺ​ខុស​ហើយ ព្រោះ​បុរស​ធ្វើ​អ្វី​បាន​ស្ត្រី​ក៏​ធ្វើ​បាន​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា កីឡាការិនី​ហួត គី​ម​ហុង​និង​បាន ជា​វៃ សុទ្ធតែ​ជា​ក្មេង​កំព្រា​ដូច​គ្នា គ្រាន់តែ
គី​ម​ហុង នៅ​មាន​ម្ដាយ និង​បងប្អូន​ប្រុស​ស្រី​៥​នាក់ ក្នុង​នោះ​នាង​ជា​កូនពៅ​គេ​រៀន​ឆ្នាំ​ទី​១​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ផ្នែក​ទំនាក់ទំនង​ការទូត ។ ចំណែក​នាង​បាន ជា​វៃ ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ គ្មាន​បងប្អូន និង​ញាតិសន្ដាន​ទេ ។ សព្វថ្ងៃ​នាង​រស់នៅ​ជាមួយ​មិត្តភក្តិ​ក្នុង​នាម​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​២​ផ្នែក​ព្យាបាល​ដោយ​ចលនា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ