ខេត្តព្រះវិហារ ៖ បើតាមគម្រោង វេលាម៉ោងប្រមាណជាង១០ព្រឹកនេះ ទី៣ មីនា ២០១១ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូអនុព័ន្ធយោធា ដែលតាមគម្រោង១៩ប្រទេសប្រចាំស្ថានទូតនានាក្នុងប្រទេសកម្ពុជាទៅធ្វើទស្សនកិច្ចលើប្រាសាទព្រះវិហារ និងត្រួតពិនិត្យការខូចខាតសំណង់ប្រាសាទដ៏ល្បីល្បាញជាបេតិកភណ្ឌពិភពលោក ដែលទទួលរងមហន្តរាយធ្ងន់ធ្ងរពីសំណាក់ទាហានសៀមឈ្លានពានបាញ់ផ្លោងអាវុធធន់ធ្ងន់ដាក់កាលពីថ្ងៃទី៤ ដល់ទី៧ កុម្ភៈ ២០១១ កន្លងទៅថ្មីៗនេះ ។
តាមប្រភពពីមន្ត្រីយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាតាមគម្រោងចំនួន១៩ប្រទេសនាថ្ងៃទី៣ មីនា២០១១ នេះ នឹងធ្វើដំណើរទៅដល់បរិវេណកងពលអន្តរាគមន៍លេខ៨ ដោយរថយន្តពិសេស រួចហើយបន្តដំណើរប្រមាណ១៥គីឡូម៉ែត្រ ទៅជួបជុំពិធីធ្វើបដិសណ្ឋារកិច្ចនៅទីបញ្ជាការដ្ឋានអង្គរក្សត្រង់ចំណុចទួល៩៥ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ហើយបន្ទាប់មកនឹងធ្វើដំណើរឡើងទៅកាន់ប្រាសាទព្រះវិហារ ដើម្បីពិនិត្យមើលការខូចខាតតែម្តង ។
សូមបញ្ជាក់ផងដែរថា យោងតាមបណ្តាញផ្សាយព័ត៌មានផ្សេងៗរបស់ថៃបានលើកឡើងពីថ្នាក់ដឹកនាំរបស់ថៃនិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះថា ការប៉ុនប៉ងរបស់កម្ពុជាដើម្បីនាំអនុព័ន្ធយោធាមួយក្រុមទៅកាន់ផ្នែកនៃតំបន់ដីទំហំ៤,៦គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារនេះ បានបង្កភាពតានតឹងនៅតាមព្រំដែនជាថ្មីទៀត ហើយទាហានថៃបានប្រែប្រួលមកស្ថិតក្នុងភាពប្រុងជើងការ ជាពិសេសតំបន់ជុំវិញប្រាសាទព្រះវិហារ គឺពួកគេ (សៀម) បានប្រុងជើងការចាប់តាំងពីយប់ថ្ងៃអង្គារមកម៉្លេះ ដោយគេចាត់ទុកថា តំបន់នោះជាទឹកដីរបស់គេ ។
ជាការពិតណាស់ កម្ពុជាជាអ្នករងគ្រោះគឺ ត្រូវតែចង់ឱ្យអនុព័ន្ធយោធាមើលឃើញពីកន្លែងសំខាន់ៗ រួមមានការខូចខាតវត្តកែវសិក្ខាគិរីស្វារៈ និងតំបន់ជុំវិញប្រាសាទព្រះវិហារ ហើយដោយសារតែមានការជំទាស់ពីថៃនេះហើយ ទើបកម្ពុជាបានពន្យារដំណើរនាំអនុពន្ធយោធានេះរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៣ មីនា ២០១១ ពីព្រោះទាហានស្ថិតក្នុងស្ថានភាពប្រុងប្រៀបប្រយុទ្ធ ដោយភាគីមួយមានបំណងឈ្លានពាន (សៀម) និងភាគីមួយ (កម្ពុជា) មានបំណងការពារទឹកដីឯករាជ្យរបស់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្រសួងការពារជាតិនឹងដឹកនាំមន្ត្រីអនុព័ន្ធយោធាបរទេសចំនួន១៩ប្រទេស ទៅត្រួតពិនិត្យមើលតំបន់សមរភូមិ ព្រំដែនប្រាសាទព្រះវិហារនៅថ្ងៃទី៣ មីនា គឺ កម្ពុជាធ្វើឡើងនៅក្នុងទឹកដីកម្ពុជាប៉ុណ្ណោះ ហើយវាជាសិទ្ធិរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ