ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​កំណត់​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងទេសចរណ៍ ដែល​ជា​សេនាធិការ បាន​រៀបចំ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ជា​ច្រើនដើម្បី​ប្រែក្លាយ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ។ ក្នុង​នោះ ក្រសួង​បាន​កំណត់​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងទេសចរណ៍ ដែល​ជា​សេនាធិការ បាន​រៀបចំ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ជា​ច្រើនដើម្បី​ប្រែក្លាយ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ។ ក្នុង​នោះ ក្រសួង​បាន​កំណត់​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ខណៈ​ដែល​វិស័យ​នេះ​បាន​ក្លាយជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់​ៗ​ដទៃ​ទៀត ក្នុង​ការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

ថ្លែងប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២០ កក្កដា កន្លង​មក លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ពិសេស ទេសចរ​ចិន​ដែល​កំពុង​ឈានមុខ​គេ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​លើ​ពិភពលោក ខណៈ​ដែល​អ្នកទេសចរ​ចិន​មាន​ចំនួន​កាន់តែ​ច្រើន​បាន​និង​កំពុង​ដើរ​កម្សាន្ត​ស្ទើរ​គ្រប់​ប្រទេស ។

ដោយឡែក ប្រទេស​កម្ពុជា​កំណើន​ភ្ញៀវ​ទេសចរ​ចិន ក៏​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។
ផ្តើម​ពី​នេះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​រំលេច​នូវ​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​ដូច​ជា អង្គរវត្ត គឺជា​ប៉ូ​ល​ទេសចរណ៍​ដ៏​សំខាន់​មួយ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ព្រោះថា អង្គរវត្ត​បាន​ក្លាយជា​រមណីយដ្ឋាន​វប្បធម៌ និង​អរិយធម៌​ដ៏​អច្ឆរិយៈ​សម្រាប់​ពិភពលោក​ទាំងមូល ។ ដូច្នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ចិន​មានការ​ចាប់អារម្មណ៍ និង​ចង់​មក​ទស្សនា​អង្គរវត្ត ហើយ​ព្រោះតែ​កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​អង្គរវត្ត នោះ​ហើយ ទើប​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មក​សៀមរាប ត្រូវ​បាន​រៀបចំ​ឡើង ហើយ​មាន​កំណើន​ខ្ពស់ បើ​ធៀប​នឹង​ជើងហោះហើរ​ផ្សេង​ទៀត​ពី​ចិន​មក​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា បន្ទាប់​ពី​អង្គរវត្ត គឺ​រាជធានី​ភ្នំពេញ ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​ផង​ដែរ ព្រោះថា រាជធានី​ភ្នំពេញ​ស្ថិត​នៅ​តាម​ដង​ទន្លេ ហើយ​កំពុង​តែ​រំលេច​ខ្លួន​ក្លាយជា​ទីក្រុង​ស្អាត​នៅ​អាស៊ី ។ ទន្ទឹម​នឹង​នោះ តំបន់ឆ្នេរ​សមុទ្រ​ដែល​បាន​ក្លាយជា​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក ក៏​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ពិសេស គឺ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​មក​សម្រាក​កម្សាន្ត​ដ៏​ច្រើន​កុះករ ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ថ្លែង​ថា ៖«​ក្រៅពី​ប៉ូ​ល​ទេសចរណ៍​ខាងលើ កម្ពុជា​នៅ​មាន​តំបន់​មួយ​ចំនួន​ទៀត​ដូច​ជា នៅ​ក្នុង​ខេត្ត​កែប និង​ខេត្តកំពត ដែល​ពោរពេញ​ទៅ​ដោយ​ប្រជុំ​កោះ និង​ឆ្នេរ​ដ៏​ស្រស់​ស្អាត បន្ទាប់​ពី​ខេត្ត​ព្រះ​សីហ​នុ​។ ទន្ទឹម​នឹង​នោះ ម្ហូបអាហារ​គ្រឿង​សមុទ្រ ដែល​មាន​រសជាតិ​ឆ្ងាញ់​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ថែម​ទៀត » ។

ក្រៅពី​តំបន់​ទេសចរណ៍​សំខាន់​ៗ​ខាងលើ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា តំបន់​ភូមិភាគ​ឦសាន ក៏​ជា​តំបន់​ប៉ូ​ល​មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ផង​ដែរ ។ ដោយ​មើលឃើញ​បែប​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​ភូមិភាគ​ឦសាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ សំខាន់​គឺ​ទេសចរ​ចិន​ឲ្យ​ទៅ​កាន់​តំបន់​នោះ ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« គោលដៅ​សំខាន់​ៗ និង​ជាក់ស្តែង អាច​រួម​មាន ការ​ពង្រឹងគុណភាព​នៃ​ការ​បម្រើ​ទេសចរណ៍​, ការ​បង្កើត​ឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ហើយ​ផលិតផល​នោះ​ត្រូវ​បម្រើ​ឲ្យ​ចំ​ទីផ្សារ​ទេសចរណ៍​ដោយ​ពិតប្រាកដ ព្រោះថា បើ​យើង​មិន​មាន​ផលិតផល​ទេសចរណ៍​ថ្មី​នោះ​ទេ យើង​នឹង​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​កំណើន​ខ្ពស់​ឡើយ » ។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ៖« គោលដៅ​ធំ​របស់​យើង គឺ​សំដៅ​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ចិន ព្រោះថា ភ្ញៀវ​ទេសចរ​ចិន​ស្ថិត​ក្នុង​កំណើន​ខ្ពស់​ណាស់ ដែល​កម្ពុជា​យើង​ត្រូវ​ឆក់​ឱកាស ដើម្បី​ទាក់ទាញ​ឲ្យ​កាន់តែ​ច្រើន ប៉ុន្តែ​យើង​ក៏​មិន​ភ្លេច​ទេ​ថា ភ្ញៀវ​ទេសចរ​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​យើង​គប្បី​ត្រូវ​គិតគូរ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ពី​គ្រប់​ប្រទេស​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​មក កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៥,៦​លាន​នាក់ កើនឡើង​១១,៨% ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​១.២១០.៧៨២​នាក់ កើនឡើង​៤៥,៩% ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១ នៃ​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០ និង​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប្រមាណ​៣.៦៣៨​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ សម្រាប់​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ៦៤៧.៣៥២​នាក់ កើនឡើង​៧៩,៤% នឹង​បន្ត​ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១ នៃ​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​របស់​កម្ពុជា ។

​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា តាម​ការ​ព្យាករ របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​២០២០ ចំនួន​ទេសចរ​ចិន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​មាន​ប្រមាណ ២០០​លាន​នាក់ ឬ​ច្រើន​ជាង​នេះ ហើយ​ចំណាយ​ប្រមាណ​៤២០​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ត្រៀមខ្លួន​ក្នុង​ការ​ទាក់ទាញ និង​ទទួល​ស្វាគមន៍​ទេសចរ​ចិន​។ ដោយឡែក នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់​, នៅ​ឆ្នាំ​២០២០ ប្រមាណ​៧​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តជាតិ​ប្រមាណ​១៥​លាន​នាក់ នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​១០.០០០​លាន​ដុល្លារ និង​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​២​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ