ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា៣​ចំណុច​កំពុងរារាំង​ចលនា​ទេសចរណ៍ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​រាំងស្ទះ​ចលនា​ទេសចរណ៍​ក្នុងស្រុក គឺ​ខ្វះខាត​ការ​ផ្សព្វផ្សាយ​, ប្រជាពលរដ្ឋ​មិន​ទាន់​មាន​ទម្លាប់​ដើរ​កម្សាន្ត និង​កញ្ចប់​ទស្សនកិច្ច​នៅ​មាន​តម្លៃ​ថ្លៃ ។ ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​ជាតិ កាលពី​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​រាំងស្ទះ​ចលនា​ទេសចរណ៍​ក្នុងស្រុក គឺ​ខ្វះខាត​ការ​ផ្សព្វផ្សាយ​, ប្រជាពលរដ្ឋ​មិន​ទាន់​មាន​ទម្លាប់​ដើរ​កម្សាន្ត និង​កញ្ចប់​ទស្សនកិច្ច​នៅ​មាន​តម្លៃ​ថ្លៃ ។

ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​ជាតិ កាលពី​ថ្ងៃ​ទី​២០ កក្កដា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ៖« យើង​សង្កេត​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​រាំងស្ទះ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដូច​ជា កង្វះខាត​ការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ទេសចរ​, ប្រជាជន​កម្ពុជា​មិន​ទាន់​មាន​ទម្លាប់​ធ្វើ​ដំណើរ​ក្នុងស្រុក​តាម​រយៈ​កញ្ចប់​ទស្សនកិច្ច និង​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​នៅ​មាន​តម្លៃ​ថ្លៃ ដែល​មិន​អាច​ទាក់ទាញ​ទេសចរ​បាន ដោយសារ​សម្បទាន​ទេសចរណ៍​ផ្សេង​ៗ​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន និង​មធ្យោបាយ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ ជាដើម » ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មើលឃើញ​ថា កន្លង​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ក៏​ដូច​ជា​ឯកជន បាន​ចូលរួម​ផ្សព្វផ្សាយ​ច្រើន​ទាក់ទង​នឹង​តំបន់​គោលដៅ​ទេសចរណ៍​នានា​នៅ​ក្នុងស្រុក ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​ទេ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​លើក​ស្លាក​សញ្ញា​បង្ហាញ​កន្លែង​កម្សាន្ត​ក្នុង​តំបន់​របស់​ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែម​ទៀត ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៤ កក្កដា ម្សិលមិញ​ថា ៖« ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រប់​សារព័ត៌​មានបាន​ចូលរួម​ផ្សព្វផ្សាយ​ច្រើន ពិសេស យើង​ឃើញ​ក្រសួងទេសចរណ៍​បាន​បង្កើត​បទ​ចម្រៀង​ខ្លី​ៗ​ទាក់ទាញ​ច្រើន ហើយ​គ្រប់​តំបន់​ផ្សេង​ទៀត​មានការ​ផ្សព្វផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំង​រដ្ឋ និង​ឯកជន ។ លើស​ពី​នេះ វិស័យ​ឯកជន​ខ្លួនឯង​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម តាម​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ តាម​កាសែត និង​ទស្សនាវដ្តី ជាដើម ។ ទន្ទឹម​នឹង​នេះ យើង​មើលឃើញ​នៅ​មាន​កង្វះខាត​នៅឡើយ ដែល​កន្លង​មក យើង​មានការ​ប្រជុំ​គ្នា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស អាជ្ញាធរ​នៅ​តាម​តំបន់​រៀង​ៗ​ខ្លួន លើក​ស្លាក​សញ្ញា​បង្ហាញ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដឹង​ថា នៅ​តំបន់​នេះ​មាន​អ្វីខ្លះ ? ការ​ធ្វើ​បែប​នេះ ទើប​មាន​ប្រសិទ្ធភាព​ច្រើន » ។

លោក​ថា ៖« ការ​លើក​ស្លាក​សញ្ញា​បង្ហាញ​ពី​តំបន់​កម្សាន្ត​នៅ​មាន​ចំនួន​តិចតួច ហើយ​ពេល​ខ្លះ​ធ្វើ​ឱ្យ​អ្នកដំណើរ ឬ​ទេសចរ​មួយ​ចំនួន​ទៅ​ហួស មក​ហួស​ដែរ ។ អីចឹង ពួក​គាត់​ត្រូវ​តែ​ចូលរួម​ឱ្យ​បាន​ច្រើន » ។
ក្រៅពី​នេះ លោក​សង្កត់ធ្ងន់​ថា ៖« រឿង​សំរាម​, អនាម័យ​, ចរាចរ​យានយន្ត​នៅ​តាម​ផ្លូវ​សាធារណៈ មិន​មាន​សុវត្ថិ​ភាពល្អ និង​រឿង​សណ្តាប់ធ្នាប់ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រាល់ថ្ងៃ ក៏​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ និង​អ្នកទេសចរ​ដែល​ចង់ទៅ​លេង​នៅ​តាម​តំបន់​នានា​ភ័យ​ខ្លាចរអា​ដែរ ។ អីចឹង​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​តំបន់​ជួយ​ទប់ស្កាត់ និង​ពង្រឹង​ឱ្យ​ខាង​តែ​បាន ព្រោះ​ចំណុច​ទាំងនេះ វា​ជាស​ត្រូវ​ទេសចរណ៍​ខ្លាំង​ណាស់ » ។

កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្ដែង នៅ​ឆ្នាំ​២០១៥ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង​៩,៦​លាន​នាក់ កើន​ដល់​ជាង​១០​លាន​នាក់​នៅ​ឆ្នាំ​២០១៦ និង​ជិត​១១​លាន​នាក់​នៅ​ឆ្នាំ​២០១៧ ។ ជាមួយ​គ្នា​នេះ ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ បាន​កំណត់​និង​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ឲ្យ​កើន​ដល់​១៩​លាន​នាក់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ ។

ដើម្បី​ឆ្លើយ​តប​តាម​ចក្ខុវិស័យ​នេះ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​អនុវត្ត​ការងារ​មួយ​ចំនួន​ក្នុង​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ចីរភាព រួម​មាន ការ​ដាក់​ចេញ​នូវ​ការ​អនុវត្ត​យន្តការ​ពង្រឹង​ប្រព័ន្ធ​វាយតម្លៃ ចំណាត់ថ្នាក់​សេវា​ស្នាក់​នៅ​, ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​, ចលនា​ប្រឡងប្រណាំង​ពានរង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​, ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ និង​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ