ប្រដាល់​សាកល​កម្ពុជា​អាច​សម្រេច​គោលដៅ​​ឬ​អត់? បើ​ខំប្រឹង​តែ​គ្មាន​ឱកាស​…


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ដូច​ជា​ក្រសួង​អប់​រំ យុវជន និង​កីឡា កំពុង​តែ​ផ្ដោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​ប្រភេទ​កីឡា​​ជាតិ ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​ជោគជ័យ​។

ប៉ុន្តែ​បើ​ក្រឡេក​មើល​ប្រភេទ​កីឡាប្រដាល់​សាកល​បច្ចុប្បន្ន​វិញ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​​​មួយ​ចំនួន​ដែល​ត្រូវ​រក​ដំណោះស្រាយ​ជា​បន្ទាន់ដោយសារ​តែ​មានការ​លេចឮ​ពី​គ្រូបង្វឹក​មួយ​ចំនួន​ថា ការ​ហ្វឹកហាត់​ប្រដាល់​សាកល​សព្វថ្ងៃ​បាន​ត្រឹមតែ​ហាត់​ចោល​ប៉ុណ្ណោះ​មិន​អាច​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​កីឡាករ​-​កីឡាការិនី​បាន​ទេ​ដោយសារ​ពួក​គេ​គ្មាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​ទាល់តែ​សោះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជា​ធម្មតា​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ទាមទារ​ឱ្យ​កីឡាករ​-​កីឡាការិនី​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​របស់​ខ្លួន​គួប​ផ្សំ​នឹង​ការ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទើប​ពួក​គេ​អាច​រក​ឃើញ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​ខ្លួន​ឃើញ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ការ​ហ្វឹកហាត់​របស់​បាន​ត្រឹមតែ​ហ្វឹកហាត់​ប៉ុណ្ណោះ​ព្រោះ​ក្រោយ​ពី​ហ្វឹកហាត់​រួច​ពួក​គេ​ពុំដែល​បាន​ឡើង​សង្វៀន​ប្រកួត​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេក​ទេស​របស់​ខ្លួន​ថា​ឈាន​ដល់​កម្រិត​ណា​នោះ​ទេ​។

ជាក់ស្ដែង​គ្រូបង្វឹក​ទាំង​គ្រូ​កម្រិត​ថ្នាល​ក៏​ដូច​ជា​គ្រូ​ឈុត​ធំ​ផ្នែក​ប្រដាល់​សាកល​បាន​បង្ហាញ​អារម្មណ៍ស្រ​ដៀង​គ្នា​ថា ពួក​គាត់​បាន​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស​ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​ខ្លាំងពូកែ​ដែល​ជា​ធនធាន​ដ៏​ល្អ​របស់​ជាតិ។ ប៉ុន្តែ​ពួក​គាត់​បាន​និយាយ​ថា ការ​ហ្វឹកហាត់​បែប​នេះ​បើសិនជា​បាន​ឡើង​សង្វៀន​ប្រកួត​​ញឹកញាប់​ទៀត​ទើប​ជា​ការ​ល្អ យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​២​ទៅ​៣​ដង​ដែរ ។ ការ​ឡើង​សង្វៀន​ប្រកួត​គឺជា​ម៉ែត្រ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​របស់​កីឡាករ ផ្ទុយ​ទៅ​វិញ​សព្វ​ថ្ងៃនេះ​ទាំង​កីឡាករ​និង​កីឡាការិនី​បាន​ត្រឹមតែ​ហ្វឹកហាត់​ចោល​តែ​ប៉ុណ្ណោះ​ព្រោះ​មិន​ដែល​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​ទាល់តែ​សោះ​។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ថា សព្វថ្ងៃ​លោក​កំពុង​តែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​​ជុំវិញ​បញ្ហា​នេះ តាម​រយៈ​ការ​ស្វែងរក​ដៃគូ​សហការ​ឧបត្ថម្ភ​ដើម្បី​ជួយ​ដល់​វិស័យ​កីឡាប្រដាល់​សាកល​ឱ្យ​មានការ​រីក​ចម្រើន ។

លោក​ក៏​ធ្លាប់​ស្នើ​ទៅ​ដល់​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន ឱ្យ​គេ​ជួយ​ដាក់​ប្រដាល់​សាកល​​ក្នុង​មួ​យស​ប្ដា​ហ៍បាន​មួយគូ​ឬ​ពីរ​គូ​នៅ​ក្នុង​កម្មវិធី​ប្រកួត​របស់ពួក​គេ​ដែរ តែ​សំណើ​​របស់​យើង​គ្មាន​នរណា​អើពើ​ទេ ។ មិន​អើពើ​ប្រហែលជា​រាល់​កម្មវិធី​ប្រកួត​របស់​គេ​គឺ​មាន​កំណត់​ម៉ោង​ត្រឹមត្រូវ​សម្រាប់​តែ​ប្រដាល់​គុន​ខ្មែរ​ដែល​ទទួល​ការ​ពេញ​និយម​ជាង​ក៏​មិនដឹង​បានជា​ពួក​គេ​ធីប​ប្រដាល់​សាកល​ចោល​បែប​នេះ ។

ជា​ដំណោះស្រាយ​ក្នុង​នាមរូប​លោកជា​ប្រធាន​សហព័ន្ធ លោក​មានគំនិត​មួយ​គឺ​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ខាងក្រៅ​ដើម្បី​រៀបចំ​ការ​ប្រកួត​នៅ​នឹង​កន្លែង​ហ្វឹកហាត់​តែ​ម្ដង យ៉ាង​ហោច​ណាស់​មួយ​ខែ​ឱ្យ​បាន​២​ឬ​ទៅ​៣​ដង​ដែរ ដោយ​មាន​ប្រាក់​រង្វាន់​តិច​តួច​សម្រាប់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី ។

លោក​ថា ប្រដាល់​សាកល​ជា​ប្រភេទ​កីឡា​ដែល​ពុំ​សូវ​មានការ​ពេញ​និយម​ប៉ុន្មាន​ឡើយ​នៅ​​ក្នុង​ស្រទាប់​មហាជន​ខ្មែរ តែ​កុំ​ភ្លេច​ថា វា​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​ដែល​មានការ​ទទួល​ស្គាល់​ជា​សាកល ។ ដូច្នេះ ក្នុង​នាមរូប​លោក​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​គឺ​មិន​អាច​ឈរ​​ឱបដៃ​មើល​បាន​ឡើយ ទោះបីជា​ជួប​ការ​វិបាក​ធំ​ប៉ុនណា​ក៏​ដោយ​ក៏​លោក​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡាប្រដាល់​សាកល​មាន​ការ​រីក​ចម្រើន សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ឱ្យ​ទទួល​បាន​ជោគជ័យ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ