ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបិយប័ណ្ណ​វៀតណាម​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ រដ្ឋាភិបាល​វៀតណាម​ត្រូវ​សម្រេចចិត្ត​ថា តើ​គួរ​បន្ទាប​តម្លៃ​ប្រាក់​ដុ​ង​បន្ត​ទៀត​ឬ​យ៉ាងណា ដើម្បី​ជួយ​ដល់​ការ​នាំ​ចេញ និង​ចៀសវាង​លំហូរ​ផលិតផល​ចិន​ចូល​ក្នុង​ទីផ្សារ ។ លើស​ពី​នេះ វៀតណាម​គួរ​រក្សា​អត្រា​ប្តូរ​ប្រាក់​ដដែល ដើម្បី​ចៀសវាង​បំណុល​សាធារណៈ…

ទីក្រុង​ហាណូយ ៖ រដ្ឋាភិបាល​វៀតណាម​ត្រូវ​សម្រេចចិត្ត​ថា តើ​គួរ​បន្ទាប​តម្លៃ​ប្រាក់​ដុ​ង​បន្ត​ទៀត​ឬ​យ៉ាងណា ដើម្បី​ជួយ​ដល់​ការ​នាំ​ចេញ និង​ចៀសវាង​លំហូរ​ផលិតផល​ចិន​ចូល​ក្នុង​ទីផ្សារ ។ លើស​ពី​នេះ វៀតណាម​គួរ​រក្សា​អត្រា​ប្តូរ​ប្រាក់​ដដែល ដើម្បី​ចៀសវាង​បំណុល​សាធារណៈ និង​គ្រប់គ្រង​អត្រា​អតិផរណា ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន មាន​ភាព​តានតឹង ។

ក្នុងអំឡុងពេល​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​តានតឹង​នេះ ប្រទេស​ចិន​បាន​បន្ទាប​តម្លៃ​ប្រាក់​យាន់​របស់​ខ្លួន ដើម្បី​បង្កើន​ការ​នាំ​ចេញ ដែល​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​កាន់តែ​ចុះ​ទាប​នៅ​ប្រទេស​វៀតណាម ។

អ្នកជំនាញ​ផ្នែក​ធនាគារ លោក Nguyen Tri Hieu បាន​និយាយ​ថា ៖« តម្លៃ​ប្រាក់​យាន់​បាន​​ធ្លាក់​ចុះ​៤% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ តាំងពី​ដើមឆ្នាំ​នេះ ខណៈ​តម្លៃ​ប្រាក់​ដុ​ង​ធ្លាក់​ចុះ​តែ​១,៥%​ប៉ុណ្ណោះ ។ តម្លៃ​ប្រាក់​ដុ​ង​ក៏​ខ្ពស់​ជាង​ប្រាក់​យាន់​១,៨% ផង​ដែរ » ។

លោក Nguyen Tri Hieu បាន​បន្ត​ថា ស្ថានការណ៍​នេះ​ធ្វើ​ឲ្យ​ផលិតផល​នាំ​ចូល​ពី​ចិន​កាន់តែ​មាន​តម្លៃ​ទាប ។ ប្រទេស​វៀតណាម​ត្រូវ​តែ​រក្សា​លំនឹង ក្នុង​ការ​គ្រប់គ្រង​ឱនភាព​ពាណិជ្ជកម្ម និង​ប្រកួត​ជាមួយ​ផលិតផល​ចិន​ក្នុង​ទីផ្សារ ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​បន្ត​ប្រុង​ប្រយ័ត្ន ព្រោះ​តម្លៃ​ប្រាក់​យាន់​អាច​នឹង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ​ការ​បន្ទាប​តម្លៃ​ប្រាក់​ដុ​ង​មិន​ទាន់​ចាំបាច់​ទេ នា​ពេល​បច្ចុប្បន្ន​នេះ ។ ទោះជា​យ៉ាងណា ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​បន្ត​កើតឡើង​នោះ តម្លៃ​ប្រាក់​ដុ​ង​គួរតែ​បន្ទាប​១,៥%​ទៀត ។

ប៉ុន្តែ​លោក​ព្រមាន​ថា ការ​បន្ទាប​តម្លៃ​ប្រាក់​ដុ​ង​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​បំណុល​សាធារណៈ និង​អត្រា​អតិផរណា​របស់​វៀតណាម​កើនឡើង ព្រោះ​បំណុល​ជាតិប្រមាណ​ពាក់​កណ្តាល គឺ​គិត​ជា​ប្រាក់​ដុល្លារ ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ជាងគេ​របស់​វៀត​ណាម​។ ប្រទេស​ចិន គឺជា​ទីផ្សារ​នាំ​ចូល​ពី​វៀតណាម​ធំ​ជាងគេ ដែល​ការ​នាំ​ចូល​ស្មើ​ទឹក​ប្រាក់​ប្រមាណ​៣១,១​ប៊ី​លាន​ដុល្លារ ។ ប្រទេស​ចិន​បាន​ជំនួស​កូរ៉េ​ខាងត្បូង និង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​វៀតណាម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ