ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ៣នាក់ជាបងប្អូនជីដូនមួយបានស្លាប់រួមគ្នាក្នុងពេលតែមួយយ៉ាងអាណោចអាធ័មដោយសារឆក់ចរន្តអគ្គិសនីលើទឹកដីថៃ ហើយត្រូវបានគេបញ្ជូនសពត្រឡប់មកឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៥ កក្កដាឆ្នាំ២០១៨ ។
ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះស៊ុន ឈិន ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះភន ស៊ាប ភេទប្រុស អាយុ២៧ឆ្នាំ និង៣-ឈ្មោះលឹម នីតា ភេទប្រុស អាយុ៤៣ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ជាកម្មករធ្វើឡូហ្គោនៅខេត្តឧប៊ុនរាជធានី ប្រទេសថៃ និងមានស្រុកកំណើតនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
កម្មកររួមអាជីព និងត្រូវជាសាច់ញាតិដែលវិលត្រឡប់មកជាមួយសពរងគ្រោះបានប្រាប់ឱ្យដឹងថា ដំបូងជនរងគ្រោះកំពុងស្ទូចឡូហ្គោដំឡើង លុះដាក់ដងស្ទូចចុះវិញស្រាប់តែប៉ះចំខ្សែភ្លើងក៏ឆក់ឈ្មោះស៊ុន ឈិន ដែលជាជាអ្នកបញ្ជាដងស្ទូច ។ សាច់ញាតិសពបានបន្តថា លុះជនរងគ្រោះ២នាក់ទៀតឃើញដូច្នេះក៏នាំគ្នាស្ទុះទៅជួយដឹងអីឆក់ស្លាប់ទាំង៣នាក់នៅនឹងកន្លែងតែម្តង។ សពត្រូវបានសាច់ញាតិជួលរថយន្ត៣គ្រឿងដឹកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ