ខេត្តកោះកុង ៖ កម្មករជាងជួសជុលរថយន្តម្នាក់ស្លាប់ក្នុងយានដ្ឋានសង្ស័យគាំងបេះដូងដែលហេតុការភ្ញាក់ផ្អើលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ កក្កដា ២០១៨ នៅចំណុចកន្លែងជួសជុលរថយន្តក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ជនរងគ្រោះឈ្មោះ ប៉ាន់ អ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករជាងជួសជុលរថយន្តមានស្រុកកំណើតឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង ។
តាមសាក្សីជាងជួសជុលរថយន្តដូចគ្នាបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុនាល្ងាចថ្ងៃទី២៤ កក្កដា ជនរងគ្រោះហូបបាយរួចក៏នាំជាងជួសជុលរថយន្តដូចគ្នា៦នាក់ផឹកស្រាថ្នាំអស់ស្រាចំនួន០៤ដបទឹកសុទ្ធ ស្មើនឹង២លីត្រ ។ សាក្សីបន្តថា ក្រោយពេលផឹកស្រាថ្នាំរួចពួកគេបាននាំគ្នាសម្រាក គឺដេកនៅលើគ្រែមួយ៣នាក់ (ទាំងជនរងគ្រោះ) រីឯ៣នាក់ទៀតដេកគ្រែផ្សេងរហូតដល់ម៉ោង០៧ព្រឹក ទើបបានដឹងថា ជនរងគ្រោះស្លាប់ និងមិនដឹងស្លាប់ពីម៉ោងប៉ុន្មាន ។
លុះវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ កក្កដា កម្លាំងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលក្រុងខេមរភូមិន្ទ រួមទាំងគ្រូពេទ្យបង្អែកខេត្តចុះទៅដល់កន្លែងកើតហេតុនោះដោយបានពិនិត្យសពជនរងគ្រោះជាបឋមបានសន្និដ្ឋានជំហានដំបូងថា ពិតជាស្លាប់ដោយសារខ្យល់គ គាំងបេះដូងមែន ហើយជនរងគ្រោះអាចស្លាប់ក្នុងចន្លោះម៉ោង១០យប់ថ្ងៃទី២៤ កក្កដា ។
សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឈ្មោះ ស៊ឺម ឌីណូ ត្រូវជាបងប្អូនជីដូន១ ដើម្បីដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ