ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​​លែងលះ​គ្នា​មិនទាន់​ដាច់ស្រេច​​ប្តី​​មាន​ស្រីថ្មី​ ប្រពន្ធ​​តាម​ទាន់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់​រួមជាមួយ​នឹង​សាច់ញាតិ​បាន​លើក​គ្នា​ស្វែង​រក​ប្តី​របស់ខ្លួន​​ដែល​​សម្ងំ​លួច​មានស្រី​​ថ្មី​ ទីបំផុត​​​បាន​ប្រទះឃើញ​​​ប្តី​មាន​​ស្រី​​ថ្មី រហូត​មានកូនម្នាក់​កំពុង​ស្នាក់នៅ​ក្នុង​​ភូមិ​សាស្ត្រ​​សង្កាត់​ស្ទឹង​មានជ័យ ។ ដំណើរ​តាម​​​​ដាន​ប្តី ហើយ​ប្រទះ​​ឃើញរស់​នៅ​ជាមួយស្រីថ្មី​​​នេះកើត​ឡើង​​​កាលពី​វេលាព្រឹកថ្ងៃទី​​២៦ មីនា ២០១១ ។​

តាម​ប្រភពព័ត៌​មាន​ដែលទម្លាយ​​ឱ្យ​ដឹង​​ត្រួសៗ​​ពីសាច់ញាតិ​​ខាង​ប្រពន្ធ​ដើម​ ​​​បាន​ឱ្យ​​ដឹង​ថា បុរ​សដែល​​មាន​ប្រពន្ធ​​​​មានកូន​​​២នាក់​​​ហើយ​​លួច​មានស្រី​ថ្មី​​​ និង​​​មានកូនម្នាក់​ទៀតនោះ​​​ ជា​មន្ត្រី​នគរបាលក្រសួង​មហា​ផ្ទៃ មាន​​ឋានន្តរស័ក្តិ​​​​វរ​សេនីយ៍​​ឯក ។ ខណៈ​​​​បុរស​ជា​​មន្ត្រីនគរបាល​​​លួច​​រួម​រស់ជាមួយ​ស្រីថ្មីនេះ​ ​ពុំ​​បានគិតគូរ​ដល់​សុខ​ទុក្ខ​​​ប្រពន្ធ​កូនឡើយ ហើយ​ថែមទាំង​​មាន​គំនិត​​ចង់បានទ្រព្យ​សម្បត្តិ​​ពីប្រពន្ធ​ដើម​​យកទៅ​​​ផ្គាប់​ចិត្តប្រពន្ធ​​ចុង​ (នេះ​​បើ​តាមការ​​អះអាង​ពី​ញាតិ​​ខាង​ប្រពន្ធ​​ដើម​) ។​

ដោយឡែក​​តាមការ​​រៀប​រាប់​​របស់​សាច់​ញាតិ​​ខា​ងប្រពន្ធ​ចុង​វិញ​បាន​ទម្លាយ​​ថា លោក​​ប៉ូលិស​​ស័ក្តិ​​៥ ដែលពាក់ព័ន្ធ​បញ្ហា​​មាន​ប្រពន្ធ​​២​​​ខាងលើ​បាន​​​លែង​​លះ​គ្នា​ជា​​មួយប្រពន្ធ​​​ដើមស្រេច​បាច់​ហើយ ។ ប៉ុន្តែ​​ចំណែក​​​ឯ​ស្ត្រី​ជា​​​ប្រពន្ធ​ដើម​បាន​​និយាយ​ថា នាង​ពុំទាន់មាន​សាល​ក្រម​​លែង​លះ​គ្នា​នៅឡើយ​ទេ ព្រោះ​តុលាការ​​ពុំទាន់​បាន​សម្រេច​​ដល់​អង្គសេចក្តី​​ឡើយ គឺ​ទុក​ឱកាស​​ឱ្យ​​លោកប៉ូលិស​ខាងលើ​ធ្វើការ​កែ​ប្រែ​​អត្ត​ចរិត​​ មក​រួមរស់​ជាមួយ​ប្រពន្ធដើម​វិញ តែ​លោក​​ប្តី​​ប៉ូលិស​​នោះ​មិ​នត្រឡប់​ក្រោយ​ឡើយ ​គឺ​ទៅ​​រួម​​រស់​ជា​មួយ​ស្រីថ្មី​រហូត​គាត់​តាម​ទាន់ជាក់ស្តែងនឹង​ភ្នែក ។ ដូច្នេះ​គាត់ (ប្រពន្ធ​ដើម​) ​សម្រេច​​ចិត្ត​​សុំ​ឱ្យ​​​នគរ​បាល​ប៉ុស្តិ៍​​ស្ទឹង​មានជ័យ ក៏​ដូចជា​​សាលា​សង្កាត់​ស្ទឹង​មានជ័យជួយកសាង​​ឯក​សារ​​បញ្ជាក់​ថា ​ស្ត្រី​ម្នាក់​ដែល​នាង​នាំមក​​ស្នាក់​ការ​​នគរបាល​​​ប៉ុស្តិ៍​ស្ទឹង​មានជ័យ​​នេះពិតជា​ប្រពន្ធ​​ចុង​របស់​​ប្តី​គាត់​​ប្រាកដ​មែន ដើម្បី​រូបគាត់​​មាន​ឯកសារ​​យោង​​ប្តឹង​ទៅ​តុលាការ​​សុំ​លែង​លះ​​គ្នា​ឱ្យ​ស្រេច​​បាច់តែ​ម្តង ។​

​សូមបញ្ជាក់​ថា តួអង្គ​​ទាំងអស់ក្នុង​​រឿង​ស្នេហា​​​ត្រីកោណ​​ខាងលើ​នេះ កោះសន្តិភាព​​សុំ​មិន​​ធ្វើការ​​ផ្សាយព័ត៌​មាន​ដាក់​ចំអត្តសញ្ញាណ​​បុគ្គល ​ឡើយ ​ម្យ៉ា​ង​ទៀត​ខាង​​សមត្ថកិច្ច​​មូលដ្ឋាន​​ក៏​ពុំ​បា​​ន​សួរ​នាំ​ចងក្រង​​ជា​ឯកសារ​​រឿង​នេះ​ដែរ​ ​ព្រោះ​រឿង​រ៉ាវ​​ខាង​លើ​នេះ​ពាក់ព័ន្ធ​ដល់តុលាការ​រួច​ទៅ​ហើយ ​ទុក​​ឱ្យ​​តុលាការ​​ចាត់ការ​ចុះ​ ៕​