ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចងចិត្ត​ក្នុង​អំពើអាក្រក់​ពៀរ​ធ្លាក់​លើ​ខ្លួន​វិញ​ដូច​បាច​អង្កាម​ច្រាសខ្យល់

5 ឆ្នាំ មុន

ទស្សនៈ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ពៀរ​មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ ។ សេចក្តី​នេះ​បង្ហាញ​ថា បើ​យើង​នៅ​តែ​ប្រកាន់​អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ​…​ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ…

ទស្សនៈ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ពៀរ​មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ ។ សេចក្តី​នេះ​បង្ហាញ​ថា បើ​យើង​នៅ​តែ​ប្រកាន់​អ្នក​នេះ​វាយ​អញ អ្នក​នោះ​ជេរ​អញ អ្នក​នេះ​តិះដៀល​អញ អ្នក​នោះ​បៀតបៀន​អញ អ្នក​នោះ​និយាយ​អាក្រក់​ពី​អញ​…​ក៏​មានចិត្ត​ចងគំនុំ​គេ​វិញ រក​វិធី​ទុច្ចរិត​ផ្សេង​ៗ​ដើម្បី​ឱ្យ​គេ​អន្តរាយ ឱ្យ​គេ​វិនាស​។ ការ​ចង់អាឃាត​គ្នា​បែប​នេះ​ពៀរ​វេរា​នៅ​តែ​កើត​មាន​រហូត​ ។

ដើម្បី​បន្សាត់​បង់​ពៀរ​វេរា​ឱ្យ​អស់ពី​ខន្ធ​សន្តាន ទាល់តែ​រៀន​អប់រំ​ចិត្ត​ឱ្យ​នឹង​ថ្កល់​ដូច​ភ្នំ​តាន់​ទោះជា​ត្រូវ​ភ្លៀង ព្យុះ​វាយប្រហារ​របើក​អាកាស​យ៉ាងណា​ក៏​មិន​កម្រើក រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​មិន​ថ្វី ព្រោះ​ជា​រឿង​ដែល​មិន​បានការ រឿង​ណា​ដែល​មាន​ប្រយោជន៍ ការងារ​ដែល​ទទួលខុសត្រូវ​គប្បី​ប្រឹងប្រែង សង្វាត់​ឡើង​ទើបបាន​សុខ និង​មិន​មាន​ពៀរ​នឹង​គ្នា​។ អ្នក​ណា​ធ្វើ​កម្ម​ណា​ទុក​ឱ្យ​គេ​ទទួល​កម្ម​ពៀរ​នោះ​ដោយ​ខ្លួនឯង​ចុះ ។

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​សេចក្តី​នេះ​ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ចំពោះ​ស្ត្រី​២​នាក់​ជា​ប្រពន្ធដើម និង​ប្រពន្ធចុង ។ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​តាម​ចងកម្ម​ពៀរ​នឹង​គ្នា​អស់​ជា​ច្រើន​ជាតិ​គឺ​ស្ត្រី​ទាំង​ពីរ​នេះ​បាន​តាម​ចងកម្ម​ពៀរ​នឹង​គ្នា​ម្នាក់​ម្តង​ៗ​រហូត​ដល់​ជាតិ​ចុង​ក្រោយ​អ្នក​ទាំង​ពីរ​បាន​ចូល​ទៅ​កាន់​សំណាក់​ព្រះ​បរម​សាស្តា ទើប​ទ្រង់​ត្រាស់​ទៅ​កាន់​ស្ត្រី​ទាំង​ពីរ​ដោយ​ព្រះ​គាថា​យ៉ាងនេះ​ថា ក្នុង​កាលណា​ៗ​ក៏​ដោយ តាម​ធម្មតា​ពៀរ​ទាំងឡាយ​ក្នុង​លោក​នេះ មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ​។ តាម​ពិត​ពៀរ​ទាំងឡាយ​តែង​ស្ងប់រម្ងាប់​ទៅ​បាន​ដោយ​ការ​មិន​ចងពៀរ នេះ​ជា​ធម៌​ចាស់​មាន​យូរណាស់​មក​ហើយ ។

ក្រោយ​ចប់​ធម៌​ទេសនា​ស្ត្រី​ទាំង​ពីរ​នោះ​បាន​សម្រេចមគ្គផល​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន និង​លែង​មានចិត្ត​ចងពៀរ​នឹង​គ្នា​តទៅ​ទៀត ។
តាម​ដំណើររឿង​ដ៏​សង្ខេប និង​អម​ដោយ​គាថា​ជា​សម្រាយ​ងាយ​យល់​ផង​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​មានចិត្ត​បដិឃៈ​ប្រកាន់​ថ្នាំងថ្នាក់​ដក់​ជាប់​ក្នុង​អារម្មណ៍ រក​ឱកាស​ប្រទូស្ត​ជាមួយ​អ្នក​ដទៃ ពៀរ​នេះ​នឹង​ធ្លាក់​មក​លើ​បុគ្គល​នោះ​វិញ​ដដែល​ដូច​បាច​អង្កាម​ច្រាសខ្យល់ ។ មាន​តែ​អ្នកមាន​ចិត្តជា មិន​បៀតបៀន​ដល់​បុគ្គល​ដទៃ​ទេ​ទើប​ទទួល​បាន​សុខក្សេមក្សាន្ត​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​តរៀង​ទៅ ។