ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តម្លៃ​ទីផ្សារ​ស្រូវប្រាំងធ្លាក់​ចុះ ធ្វើ​ឱ្យ​ប្រជា​កសិករ​រអ៊ូរទាំ​គ្រប់​ៗ​គ្នា

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២១០៨ នេះ​គេ​សង្កេត​ឃើញ​ស្រូវប្រាំង របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២១០៨ នេះ​គេ​សង្កេត​ឃើញ​ស្រូវប្រាំង របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ កំពុង​តែ​ហៅ​ម៉ាស៊ីន​ចុះ​ទៅ​ច្រូត​ក្នុង​ស្រែក ដើម្បី​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាក់​សង​ជំពាក់​បំណុល​គេ និង​សល់​ខ្លះ​ទុក​សម្រាប់​ហូប​ក្នុង​គ្រួសារ ។ តែ​ពួក​គាត់​ម្នាក់​ៗ មានការ​រអ៊ូរទាំ​យ៉ាង​ខ្លាំង ខណៈ​តម្លៃ​ទីផ្សារ​ស្រូវ​មានការ​ធ្លាក់​ចុះ​ជាង​ខែ​មុន ដោយសារ​ឈ្មួញ​ចូល​មក​ទិញ​នាំ​គ្នា​បន្ថោក​តម្លៃ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ដុក ចូ​ត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើស្រែ​ចំនួន​២០​ហិ​កតា ដោយ​ជួល​ដី​គេ​មួយ​ចំនួន​សម្រាប់​យក​មក​ព្រោះ ស្រូវប្រាំង​មួយ​ប្រភេទ​ឈ្មោះ​ស្រូវស្រងែ ហើយ​ស្រូវ​នេះ​ចាប់​ព្រោះ​រហូត​ដល់​ប្រមូល​ផល​មាន​រយៈពេល​ត្រឹមតែ​៤ ខែ​ប៉ុណ្ណោះ ។ គាត់​បន្ត​ទៀត​ថា កាលពី​ជាង​១​ខែ​មុន​ឈ្មួញ​បើករថយន្ត​មក​ពី​ខេត្តបាត់ដំបង និង​ពោធិ៍សាត់ ទិញ​ស្រូវ​អ្នក​ជិតខាង​ដែល​ទុំ​ល្មម​ប្រមូល​ផល ក្នុង​១​តោន​រហូត​ដល់​ជាង​១១៥០០​បាត (​ប្រាក់​ថៃ​) ហើយ​ម្នាក់​ៗ​សប្បាយចិត្ត ដោយសារ​ឃើញ​តម្លៃ​ទីផ្សារ​ស្រូវ​មានការ​កើនឡើង ។

ប៉ុន្តែ​ជា​អកុសល​រហូត​មក​ដល់​ពេល​នេះ​ខណៈ​គាត់​ប្រមូល​ផល​ស្រាប់តែ​ឈ្មួញ​ទម្លាក់​តម្លៃ​រហូត​ដល់​១​តោន​ត្រឹមតែ​៨១០០ ទៅ​៨២០០​បាត​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​អស់កម្លាំង​ល្វើយ​ក្នុង​ខ្លួន ។ គាត់​បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​មុន​ក៏​តម្លៃ​ទីផ្សារ​ស្រូវស្រាល ដែល​ពួក​គាត់​បង្កបង្កើន​ផល​ក៏​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ដោយ​១​តោន​លក់​បាន​ត្រឹមតែ​៦០០០​ទៅ​៦៥០០​បាត​ប៉ុណ្ណោះ ។

ចំពោះ​ការ​បង្កបង្កើន​ផល​ស្រូវ​នេះ​ពួក​គាត់​ភ្ជួរ​រាស់​ដាំ​ដុះ​ដោយ​ប្រើ​គំនិត និង​តម្រិះ​ខ្លួនឯង ប៉ុ ណ្ណោះ ដោយ​មិនឃើញ​មាន​ខាង​មន្ទីរ​ពាក់ព័ន្ធ​ណាមួយ​ចុះ​ទៅ​បង្រៀន ឬ​អប់រំ​ពី​របៀប​ធ្វើស្រែ​ចម្ការ​នោះ​ឡើយ រីឯ​តម្លៃ​វិញ​ក៏​មិនឃើញ​ខាង​មន្ទីរ​ណាមួយ​ជា​អ្នក​កំណត់​នោះ​ដែរ​ពោល គឺ​តម្លៃ​ទីផ្សារ​ស្រេច​តែ​នៅ​លើ​ឈ្មួញ​ជា​អ្នក​កំណត់​ទោះបីជា​ថ្លៃ ឬ​ថោក​ក៏​គ្មាន​អ្នក​ជួយ​គិតគូរ​ពី​សុខទុក្ខ​របស់​ពួក​គាត់​នោះ​ឡើយ ។ ចំណែក​ការ​ទិញ​ពូជស្រូវ​យក​មក​ដាំ​ដុះ​ពិតជា​មានការ​ឡើងថ្លៃ​ដូច​មាស​ឯណោះ ដោយ​១​តោន​រហូត​ដល់​ជាង​១​ម៉ឺន​បាត​(​ប្រាក់​ថៃ​)​ឯណោះ ហើយ​មិន​ត្រឹមតែ​ពូជ​នោះ​ទេ ពួក​គាត់​ត្រូវ​ចំណាយ​ថវិកា​ទិញ ជីគីមី ទិញ​ថ្នាំ​បាញ់​ស្មៅ និង​ជួល​គេ​ភ្ជួរ​រាស់ ច្រូតកាត់ លុះ​រហូត​ដល់​ប្រមូល​ផល មិន​ចំណេញ​ប៉ុន្មាន​នោះ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង ថា តម្លៃ​ទីផ្សារ​ស្រូវប្រាំង មានការ​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ដោយ​ឈ្មួញ​ក្នុងស្រុក មក​ពី​ខេត្តបាត់ដំបង ពោធិ៍សាត់​ជាដើម ហើយ​ពួក​គេ​ដឹក​លក់​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ