ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​កម្ពុជា​កាន់ តែ​មាន​ទំនុកចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ ពិសេស វត្តមាន​នៃ​ធនាគារពាណិជ្ជ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​ពី​វិនិយោគិន​ជាតិ និង​អន្តរជាតិ ពិសេស វត្តមាន​នៃ​ធនាគារពាណិជ្ជ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា កំពុង​តែ​ចូលរួម​ចំណែក​ពង្រឹង​ជំនឿ​ទុកចិត្ត​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​នេះ ធនាគារពាណិជ្ជ​នៅ​កម្ពុជា​មាន​ចំនួន​៣៩​ធនាគារ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ដល់​ធនាគារពាណិជ្ជ​មួយ​មក​ពី​ហុងកុង កាលពី​ថ្ងៃ​ទី​២២ កក្កដា លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា វត្តមាន​នៃ​ធនាគារពាណិជ្ជ​នា​ថ្ងៃនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ទុកចិត្ត ការ​គាំទ្រ និង​ការ​ចូលរួម​ចំណែក​កាន់តែ​ច្រើន​របស់​វិនិយោគិន​បរទេស​មក​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា ដែល​ជា​ទិស​ដៅ​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ។


លោក​ទេសាភិបាល​ថ្លែង​ថា ៖« ធនាគារពាណិជ្ជ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នៅ​ថ្ងៃនេះ បាន​ចូលរួម​ចំណែក​ពង្រឹង​ជំនឿ​ទុកចិត្ត​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ហើយ​ក្នុង​នាម​ជា​អាជ្ញាធរ អាណាព្យាបាល យើង​នឹង​បន្ត​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់ បទ​ប្បញ្ញត្តិ និង​កែសម្រួល​ឡើង​វិញ​នូវ​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដែល​មាន​ស្រាប់ បង្កើត​បទ​ប្បញ្ញត្តិ​ថ្មី​ៗ​ដែល​ចាំបាច់​ឱ្យ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ព្រមទាំង​ពង្រីក​ការ​ត្រួតពិនិត្យ​កិច្ច​ការពារ​អតិថិជន ដើម្បី​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មក​លើ​ប្រព័ន្ធ​ធនាគារ » ។

លោក ជា ចាន់​តូ គូសបញ្ជាក់​ថា ៖«​គ្រឹះស្ថាន​ធនាគារ​បន្ត​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ជាក់ស្តែង ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​កើន​ដល់​១២៥,២​ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ​៣១​ប៊ី​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ឥណទាន​ប្រមាណ​៥៦,៤% ចំណែកឯ​ដើមទុន​របស់​គ្រឹះស្ថាន​ក៏​មាន​ភាពរឹងមាំ​ដែរ ហើយ​គ្រឹះស្ថាន​បាន​កៀរគរ​ប្រាក់​បញ្ញើ​ដល់​៧៧,៤​ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ​១៩​ប៊ី​លាន​ដុល្លារ ដែល​បាន​រួមចំណែក​ជា​ច្រើន​ដល់​ការ​ពង្រីក​អន្តរការី​យ​កម្ម ហិរញ្ញវត្ថុ ។ គ្រឹះស្ថាន​ធនាគារ​បាន​ពង្រីក​ការ​ផ្តល់​សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ភាព​ងាយស្រួល​ជាង​មុន តាម​រយៈ​ការ​ពង្រីក​សាខា​រហូត​ដល់​៨៦២​សាខា​, ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​(ATM)​ដល់​១.៥៩៣​ម៉ាស៊ីន​, ការ​ប្រើប្រាស់​ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ » ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញ​ថា គិត​មក​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ប្រទេស​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន​៣៩ ក្នុង​នោះ​សាខា​ធនាគារ​បរទេស​១២, ធនាគារ​ក្នុងស្រុក​១២ និង​បុត្រ​សម្ព័ន្ធ​ធនាគារ​ចំនួន​១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ