ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​នគរ​ក្រៅ​សាទរ​ទទួល​បាន​ទ្វារ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ស្រែ​ជិត​១០០​ហិ​កតា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទ្វារ​ទឹក​ដែល​កំពុង​សាងសង់​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ទ្វារ​ទឹក លោក តា ស៊​ត់ ត្រូវ​បាន​សាងសង់​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ទ្វារ​ទឹក​ដែល​កំពុង​សាងសង់​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ទ្វារ​ទឹក លោក តា ស៊​ត់ ត្រូវ​បាន​សាងសង់​ចាប់ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​រយៈពេល​៣​ខែ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៥០០​គ្រួសារ ទទួលផល​ប្រើប្រាស់​ទឹក​ពី​សំណង់​ទ្វារ​ទឹក​នេះ បន្ទាប់​ពី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ និង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ក៏​ត្រ​វ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួយ​សាងសង់​ទ្វារ​ទឹក​មួយ​កន្លែង​ដើម្បី​គ្រប់គ្រង​និង​ស្ដុក​ទឹក​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ផង​ដែរ ។

អ្នកជំនាញ​ពន្យល់​ថា ទ្វារ​ទឹក​ថ្មី​នេះ​មាន​ទីតាំង​ក្នុង​អូរ​ខ្លូត នៅ​លើ​ទំនប់​ចាស់​ដែល​អ្នក​ភូមិ​ហៅ​ថា ទំនប់​លោក តា ស៊​ត់ នឹង អាច​គ្រប់គ្រង​ទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ចម្ការ​និង​ដំណាំ​ផ្សេង​ៗ​របស់​ពលរដ្ឋ​ជិត​១០០ ហិ​កតា ។

លោក ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ទ្វារ​ទឹក​ដែល​សង់​ថ្មី​នេះ គឺ​ធ្វើ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ស្ដុក​ទឹក​ប្រើប្រាស់​ពេល​គ្មាន​ទឹកភ្លៀង ឬ​ក្នុង​រដូវប្រាំង ។ មួយវិញទៀត លោក សុ​ឃី​ម បាន​បន្ថែម​ថា នេះ​ជា​គម្រោង​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ផង​ដែរ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​អង្គរ និង​ក្រុង​សៀមរាប ព្រមទាំង​ដើម្បី​រក្សា​ទឹក​ក្រោម​ដី​ក្នុង​តំបន់​អង្គរ ។

ទ្វារ​ទឹក​នេះ​មាន​បណ្តោយ​ជាង ២០​ម៉ែត្រ និង​ទទឹង​ប្រមាណ ១៨​ម៉ែត្រ ហូរ​កាត់​អូរ​ខ្លូត ដែល​រំដោះ​ទឹកភ្លៀង​ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក ។ កន្លង​មក​អ្នក​ភូមិ​មាន​ទំនប់​មួយ​ឈ្មោះ ទំនប់​លោកតា ស៊​ត់ ដែល​គ្មាន​បច្ចេកទេស​ទ្វារ​ទឹក​ត្រឹមត្រូវ ហើយ​អាច​ត្រឹមតែ​ទប់ទឹក តែ​មិន​មាន​ប្រព័ន្ធ​បង្ហូរ​ចេញ​ឡើយ ដូច្នេះ​ពេល​ខ្លះ​ធ្វើ​ឱ្យ​ជន់​លិច​ភូមិ​ក្បែរ ពេល​ទឹក​ជន់​ឡើង​ខ្លាំង ។

គួរ​បញ្ជាក់​ថា តាម​ការ​លើក​ឡើង​របស់​លោក សុ​ឃី​ម ទឹកភ្លៀង​នៅ​ឆ្នាំ​នេះ​ក្នុង​តំបន់​អង្គរ មាន​ភាព​យឺតយ៉ាវ​ជាង​ឆ្នាំ​មុន​បន្ដិច ប៉ុន្តែ​ការ​គ្រប់គ្រង​ទឹក​គ្មាន​បញ្ហា​ចោទ​ឡើយ​។ ក្នុង​នោះ​ដែរ អ្នកជំនាញ​ទឹក បញ្ជាក់​ថា ក្រោយ​មានការ​ស្ដារ ប្រព័ន្ធ​បង្ហូរ​នានា​ចាប់ពី​ឆ្នាំ​២០១២​មក ក្រុង​អង្គរ និង​ក្រុង​សៀមរាប មិន​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ឡើយ គឺ​ជន់​នៅ​តំបន់​ជាយក្រុង ឬ​នៅ​ផ្នែក​ខាងក្រោម​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ