ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ជំរុញ និង​លើក​ស្ទួយ​ទេសចរណ៍​ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​ជាតិ​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​តាម​តំបន់​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​ប្រទេស​កើន​ឡើងជា​បន្ដបន្ទាប់ គិត​ជា​មធ្យម​៦%​ក្នុង​១​ឆ្នាំ ដែល​បាន​បង្កើត​ការងារ និង​ផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន ។ ដោយ​មើលឃើញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​សារសំខាន់​ក្នុង​ការ​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​សង្គម ក្រសួងទេសចរណ៍​បាន​និង​កំពុង​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​កើនឡើង​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​ជាតិ​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​តាម​តំបន់​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូ​ទាំង​ប្រទេស​កើន​ឡើងជា​បន្ដបន្ទាប់ គិត​ជា​មធ្យម​៦%​ក្នុង​១​ឆ្នាំ ដែល​បាន​បង្កើត​ការងារ និង​ផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន ។

ដោយ​មើលឃើញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​សារសំខាន់​ក្នុង​ការ​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​សង្គម ក្រសួងទេសចរណ៍​បាន​និង​កំពុង​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​កើនឡើង​ថែម​ទៀត ស្រប​តាម​ចក្ខុវិស័យ​កម្ពុជា​ទទួល​បាន​ទេសចរ​ក្នុងស្រុក ចំនួន​១៩​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក លើក​ទី​១ ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​២០ កក្កដា នៅ​កោះ​ពេជ្រ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ទេសចរណ៍​ក្នុងស្រុក​ជា​ច​លករ​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ពី​សក្តានុពល និង​ចេះ​ស្រឡាញ់​ទឹកដី ។ ទន្ទឹម​នឹង​នេះ ទេសចរណ៍​ក្នុងស្រុក​ជា​ឧបករណ៍​ធ្វើ​ឱ្យ​តំបន់​ទេសចរណ៍​ថ្មី​ៗ​ដែល​មិនសូវ​មាន​ភាព​ល្បីល្បាញ ទទួល​បានការ​ចាប់អារម្មណ៍ និង​ដំណើរការ​ទៅ​មុខ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ។

លោក​បន្ដ​ថា ៖« ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ជំរុញ​ទេសចរ​ក្នុងស្រុក​ឱ្យ​កើនឡើង​ដល់​១៩​លាន​នាក់​ក្នុង​ឆ្នាំ​២០២៥ ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ កំពុង​សិក្សា​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ​កម្មវិធី «​កម្ពុជា​មាតុភូមិ​ខ្ញុំ​» ក្រោម​ពាក្យស្លោក «​ទាំងអស់​គ្នា​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​» និង​បង្កើត​កម្មវិធី​ប័ណ្ណ​ដំណើរ​កម្សាន្ត ដែល​មាន​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​មាន​តម្លៃ​សមរម្យ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​-​និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ កម្មករ​-​កម្មការិនី និង​កីឡាករ​-​កីឡាការិនី អាច​ធ្វើ​ដំណើរ​កម្សាន្ត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​១​ដង​ក្នុង​១​ឆ្នាំ » ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​ពាក់ព័ន្ធ សមាគម​បាន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​នេះ ក្រោម​ប្រធានបទ «​កំណប់ទ្រព្យ​ទេសចរណ៍​កម្ពុជា​»​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ឈ្វេងយល់​កាន់តែ​ច្បាស់ និង​ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ និង​ពង្រីក​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​២៥​ខេត្ត​-​ក្រុង ។

លោក​ជំទាវ​ថ្លែង​ថា ៖« ពិព័រណ៍​នេះ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ឈ្វេងយល់​បន្ថែម​ពី​សក្តានុពល និង​ទទួល​បាន​ព័ត៌មាន​ពី​បច្ចុប្បន្នភាព​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស ក៏​ដូច​ជា​ការ​ប្រមូលផ្តុំ​រវាង​អ្នក​ផលិត​ជួប​អ្នក​ផលិត អ្នក​ផ្គត់ផ្គង់​ផ្ទាល់​ជាមួយ​អ្នក​ផ្គត់ផ្គង់​បន្ត និង​ជាមួយ​អ្នក​ប្រើប្រាស់​សេវាកម្ម​ផ្ទាល់ » ។
តំណាង​បណ្តាញ​ស្ត្រី​អាជីវកម្ម​ខ្នាត​តូច​ខេត្តក្រចេះ​បានឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សហគមន៍​អេកូ​ទេសចរណ៍​នៅ​ប៉ែក​ឦសាន ទទួល​បានការ​គាំទ្រ​គួរ​ឱ្យ​កត់សម្គាល់​ពី​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ។

កញ្ញា ប៊ុ​ន ណា​រុំ តំណាង​បណ្ដាញ​ស្ត្រី​រូប​នេះ​បាន​និយាយ​ថា ៖« ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​កើនឡើង ធ្វើ​ឲ្យ​ការ​អាជីវកម្ម​ខ្នាត​តូច​នៅ​តាម​តំបន់​មួយ​ចំនួន​មាន​សកម្ម​ភាពល្អ​ប្រសើរ ក្នុង​នោះ​ខេត្តក្រចេះ​មាន​ផលិតផល​ដូច​ជា ក្រូចថ្លុង​ដែល​ទើបនឹង​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​កាលពី​ពេល​ថ្មី​ៗ​នេះ​, ណែម និង​នំក្រឡាន​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​ភាគ​ចូល​ចិត្ត​ទទួលទាន និង​ទិញ​ផ្ញើ​បងប្អូន »​។ កញ្ញា​បន្ដ​ថា ៖« ភ្ញៀវ​ទេសចរ​ជាតិ ពិតជា​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​តំបន់​គោលដៅ​ទេសចរណ៍​តាម​រយៈ​ការ​បែងចែក​ចំណូល និង​ផល​ចំណេញ និង​បន្ថែម​គុណ​តម្លៃ​ឲ្យ​តំបន់​ទាំងនោះ »​។
យោង​តាម​ក្រសួងទេសចរណ៍ កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ជា​មធ្យម​៦%​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៥ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង​៩,៦​លាន​នាក់ កើន​ដល់​ជាង​១០​លាន​នាក់​នៅ​ឆ្នាំ​២០១៦ និង​ជិត​១១​លាន​នាក់​នៅ​ឆ្នាំ​២០១៧ ហើយ​ជា​ចក្ខុវិស័យ​ក្រសួងទេសចរណ៍​រំពឹង​ថា នឹង​មាន​ទេសចរ​ប្រមាណ​១៩​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ