ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ អំបិល​ឡើងថ្លៃ ខណៈ​ការ​ផលិត​ក្នុងស្រុក​ធ្លាក់​ចុះ​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ភ្លៀង​ធ្លាក់​តាំងពី​ដើមឆ្នាំ​រហូត​មក និង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​របស់​កម្ពុជា ត្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ត្រូវ​ពឹង​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដើម្បី​មក​បំពេញតម្រូវការ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ភ្លៀង​ធ្លាក់​តាំងពី​ដើមឆ្នាំ​រហូត​មក និង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​របស់​កម្ពុជា ត្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ត្រូវ​ពឹង​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដើម្បី​មក​បំពេញតម្រូវការ ស្រប​ពេល​តម្លៃនៅលើទីផ្សារ​បាន​ចាប់ផ្ដើម​ឡើង​ស្រឺ​ត​ៗ ព្រោះតែ​ការ​ផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ ។

យោង​តាម​លោក ខាត់ សា​មឿ​ន ផលិតករ​អំបិល​លើ​ផ្ទៃដី​ជាង​៣០​ហិ​កតា​នៅ​ខេត្តកំពត បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ឆ្នាំ​នេះ ទិន្នផល​អំបិល​ដែល​ផលិត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ស្ទើរតែ​ធ្លាក់​ដល់​សូន្យ ខណៈ​ឆ្នាំ​មុន​ៗ​ទទួល​បាន​លើស​ផែនការ​របស់​សហគមន៍​កំណត់ ។ លោក​ថា ៖« ការ​ផលិត​អំបិល​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ទៅ​តាម​ប្រពៃណី​សុទ្ធសាធ ដែល​ត្រូវ​ពឹង​លើ​កំ​ដៅ​ថ្ងៃ ហើយ​បើសិនជា​អាកាសធាតុ​មិន​អំណោយផល មិន​មានកំ​ដៅ​ថ្ងៃ​គ្រប់គ្រាន់ ជា​ពិសេស ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ដូច​បច្ចុប្បន្ន គឺ​អំបិល​មិនកើត​នោះ​ទេ ហើយ​បើ​ទោះបីជា​ទទួល​បាន ក៏​មិនល្អ​ដែរ » ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​មុន​ៗ ទិន្នផល​អំបិល​ហាក់​មាន​ភាពល្អ​ប្រសើរ ដោយ​ក្នុង​១​ហិ​កតា​អាច​ទទួល​បាន​ប្រមាណ​៣​តោន ឬ​លើស​នេះ តែ​បច្ចុប្បន្ន ផ្ទៃដី​ផលិត​អ​បិ​ល​របស់​លោក​ជាង​៣០​ហិ​កតា ទទួល​បាន​តែ​ជាង​៣​តោន​ប៉ុណ្ណោះ ។ ដូចនេះ គឺ​ធ្លាក់​ចុះ​ខ្លាំង និង​ទាមទារ​ឲ្យ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដើម្បី​មក​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ។ លោក​បន្ថែម​ថា ស្រប​ពេល​ដែល​ទិន្នផល​អំបិល​បាន​ធ្លាក់​ចុះ​ខ្លាំង​ដូចនេះ បាន​ធ្វើ​ឲ្យ​តម្លៃ​អំបិល​កើនឡើង​ខ្ពស់​ផង​ដែរ ។ ជាក់ស្ដែង​កាលពីមុន ក្នុង​១​បាវ​តម្លៃ​ត្រឹមតែ​១២.០០០​ឬ​១៣.០០០​រៀល​ប៉ុណ្ណោះ តែ​ពេល​នេះ វា​បាន​កើនឡើង​ដល់​ជិត​២០.០០០​រៀល ឬ​លើស​ពី​នេះ​ក្នុង​១​បាវ ខណៈ​ដែល​ឃ្លាំង​របស់​ផលិតករ​ស្ទើរតែ​គ្រប់​គ្នា នៅ​ពេល​នេះ​ត្រូវ​បាន​បញ្ចេញ​លក់​អស់ហើយ ។

លោក លី សេង សហ​ប្រធាន​សហគមន៍​ផលិត​អំបិល​ខេត្តកំពត បាន​មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​នេះ ផលិតករ ក៏​ដូច​ជា​សហគមន៍ កំពុង​តែ​បញ្ចេញ​លក់​អំបិល​ដែល​នៅ​សេសសល់​កាលពី​ឆ្នាំ​មុន​ៗ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក ក៏​ប៉ុន្តែ​អំបិល​ដែល​នៅ​សេសសល់​នោះ​មិន​អាច​គ្រប់គ្រាន់ ឬ​ផ្គត់ផ្គង់​បាន​គ្រប់​១​ឆ្នាំ​ពេញ​ទេ ។ អីចឹង ត្រូវការ​នាំ​ចូល​ពី​ខាងក្រៅ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់ ។ លោក​និយាយ​ថា ៖« អំបិល​ដែល​នៅ​សេសសល់​អាច​ផ្គត់ផ្គង់​បាន​យ៉ាង​យូរ​ត្រឹម​ខែតុលា​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​នេះ រដូវវស្សា​អាច​អូស​បន្លាយពេល​យូរ ដូចនេះ ការ​ចាប់ផ្ដើម​ផលិត​អំបិល អាច​នឹង​អូស​បន្លាយ​ទៅ​តាម​នោះ​ដែរ » ។

លោក​បន្ត​ថា ឆ្នាំ​នេះ ផលិតករ​ផលិត​អំបិល​ក្នុង​ខេត្តកំពត កំពុង​តែ​ខាតបង់​យ៉ាងច្រើន ដោយសារ​តែ​យក​លុយ​ពី​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​មក​រៀបចំ​ស្រែ​ផលិត​អំបិល ក៏​ប៉ុន្តែ​ក្រោយ​ពេល​ដែល​បាន​រៀបចំ​ស្រែ និង​បញ្ចូល​ទឹក​រួចរាល់​ហើយ ក៏​ស្រាប់តែ​ភ្លៀង​បន្ត​ធ្លាក់​ជាប់​ៗ​គ្នា​តាំងពី​ដើមឆ្នាំ​មក ទើប​ធ្វើ​ឲ្យ​អំបិល​ក្នុង​ស្រែ ដែល​ហៀបនឹង​ប្រមូល​ផល​ទៅ​ហើយ នោះ ត្រូវ​ខូចខាត​ទាំងស្រុង ។ លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​អំបិល​ឡើងថ្លៃ ក្នុង​ពេល​ដែល​ទិន្នផល​អំបិល​ឆ្នាំ​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក គឺជា​រឿង​ធម្មតា ព្រោះ​បើកាលណា​ផលិតផល​តិច តែ​មាន​តម្រូវការ​ច្រើន នឹង​ធ្វើ​ឲ្យ​ផលិតផល​នោះ​ឡើងថ្លៃ ។ ម្យ៉ាងវិញទៀត ការ​ឡើងថ្លៃ​ប៉ុណ្ណេះ ក៏​ជា​ដំណោះស្រាយ​មួយ​ដែល​អាច​ជួយ​ឲ្យ​ផលិតករ​ទប់ស្កាត់​នឹង​ការ​ខាតបង់​សម្រាប់​ឆ្នាំ​នេះ​ដែរ ។

លោក​បន្ថែម​ថា ៖« បច្ចុប្បន្ន​នេះ អំបិល​ដែល​លក់​ចេញពី​ឃ្លាំង អាច​មាន​តម្លៃ​រហូត​ដល់​៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន ហើយ​វា​នឹង​ឡើងថ្លៃ​ថែម​ទៀត បើសិនជា​តម្រូវការ​កាន់តែ​ខ្ពស់ ស្រប​ពេល​ផលិតផល​កាន់តែ​តិច » ។ យោង​តាម​ប្រធាន​ការិយាល័យ​រដ្ឋបាល​អំបិល​កំពត​-​កែប លោក អ៊ុំ ឈុ​ន បាន​ប្រាប់​កោះសន្តិភាព​កន្លង​មក​ថា ៖« ឆ្នាំ​នេះ សមាគម​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​នាំ​ចូល​អំបិល​មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស ដោយ​យើង​បាន​ពិភាក្សា​គ្នា​ជាមួយ​ខេត្ត​ថា នឹង​ដាក់​ស្នើ​ទៅ​ប្រទេស​ថៃ ចំនួន​៣​ទៅ​៤​ម៉ឺន​តោន ខណៈ​ពេល​ដែល​អំបិល​សព្វថ្ងៃ មាននៅ​ក្នុង​ស្តុក​ប្រហែលជា​៤​ទៅ​៥​ម៉ឺន​តោន​ប៉ុណ្ណោះ » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អំបិល​កម្ពុជា ក៏​ត្រូវ​ទទួលស្គាល់​ជា​អំបិល​ដែល​មានគុណ​ភាព និង​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ ដូច​ជា ទីផ្សារ​ប្រទេស​អង់គ្លេស ស្វ៊ី​ស និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ជាដើម ក៏​ប៉ុន្តែ​ការ​នាំ​ចេញ​នោះ គឺ​តែ​ផលិតផល​ផ្កាអំបិល​ប៉ុណ្ណោះ ដែល​ជា​ផលិតផល​កម្រ និង​មានគុណ​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ