ព្រះបរមសាស្តា ទ្រង់ត្រាស់ទៅកាន់ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់ប្រាប់អ្នករាល់គ្នាអំពីបញ្ញា៧យ៉ាងដើម្បីជួយអ្នកដទៃឲ្យមានជ័យជម្នះលើការភ្លេចភ្លាំងផង និងទទួលបានពន្លឺនៃការងារទាំងឡាយផង។ បញ្ញាទាំង៧យ៉ាងនោះគឺៈ
១-មានបញ្ញាយល់ដឹងថា ភាពក្រលំបាកពិតជាបង្កើតឲ្យមានសេចក្តីស្អប់ខ្ពើមនិងកំហឹង ។ បុគ្គលដើរតាមមាគ៌ាធម៌ ពេលសិក្សា អាចពិចារណាឃើញថា មនុស្សគ្រប់រូប ទោះបីជាមិត្តសម្លាញ់ក្តី ជាសត្រូវក្តី សុទ្ធតែមានសភាពដូចៗគ្នា មានសិទ្ធិស្មើៗគ្នា និងមិនទាំងផ្តន្ទាទោសដល់ជនដែលប្រព្រឹត្តខុសពីពេលមុនមក និងមិនទាំងស្អប់ដល់ជនដែល ធ្វើឲ្យអន្តរាយនាពេលបច្ចុប្បន្នគឺជាអ្នកតាំងចិត្តជាកណ្តាល ។
២-គប្បីដឹងថា យើងរស់នៅក្នុងលោកនេះគប្បីជួយទូន្មាន និងសង្គ្រោះដល់អ្នកដទៃ ដូច្នេះយើងមិនត្រូវ ជាប់ជំពាក់ជាមួយនឹងវត្ថុលោកិយទេ បុគ្គលដែលចាក ចោលផ្ទះសម្បែងហើយទៅបួស មានសិទ្ធិទទួលកម្មសិទ្ធិ តែស្បង់ ចីវរ សង្ឃាដី និងបាត្រ១ប៉ុណ្ណោះ ។ បុព្វជិតអង្គនោះ រស់នៅតាមសភាពធម្មតា និងមើលទៅកាន់សព្វសត្វ លោកទាំងអស់ ដោយក្តីមេត្តាជានិច្ច ។
៣-ដោយបញ្ញាយល់ថា ការរស់នៅធម្មតា និងការមានប្រាថ្នាតិចតួច នាំឲ្យមានសេចក្តីស្ងប់ សេចក្តីរីករាយ និងសុភមង្គល ។ ការរស់នៅធម្មតា អាចមានពេលវេលា និងការសញ្ជឹងគិតបានច្រើន ដើម្បីនឹងហាត់រៀនចំណេះវិជ្ជាទូទៅ និងព្រះធម៌វិន័យ ហើយអាចជួយដល់អ្នកដទៃបានទៀត ។
៤-យល់ថា មានតែការខិតខំប្រឹងប្រែងដោយការព្យាយាមប៉ុណ្ណោះ ដែលអាចនាំឲ្យទៅដល់ពន្លឺនៃការសម្រេចផលធំធេងបាន។ ការខ្ជិលច្រអូស និងការឈ្លក់វង្វេងក្នុងតម្រេកតណ្ហា ជាឧបសគ្គធំបំផុតចំពោះការសិក្សាលើវិជ្ជាផ្សេងៗ ។
៥-ធម៌ទាំងអស់ មានសភាពមិនទៀងទាត់ មិនតាំងនៅយូរជាអនិច្ចំ និងមានសេចក្តីវិនាស ទៅវិញជាធម្មតា។ ដោយសារការចំរើន ភាវនា អ្នកនឹងអាចគេចចេញផុតអំពីសេចក្តីទុក្ខ និងបានទទួលនូវពន្លឺសុភមង្គលដ៏ក្រៃលែងដោយសេចក្តីស្ងប់កាយ ស្ងប់ចិត្ត និងសេចក្តីរីករាយ ។
៦-គឺការដឹងថា មានតណ្ហាច្រើន នឹងនាំមកនូវទុក្ខក៏ច្រើន ។ ការលំបាកវេទនាទាំងអស់ ពិតជាកើតឡើងពីតណ្ហានិងលោភៈនេះជាមេបាប ។
៧-អវិជ្ជាជាប្រភពនៃការវិលកើតវិលស្លាប់ មិនចេះចប់មិនចេះហើយ អ្នកត្រូវតែចងចាំជានិច្ច ចំពោះការស្តាប់ និងការសិក្សា ដើម្បីពង្រឹងការយល់ដឹង និងសំនួនវោហារ របស់អ្នក ។
ទោះជាទៅដល់ទីណាក៏ដោយ ព្រះពុទ្ធតែងតែប្រើបញ្ញាទាំង៧ប្រការនេះ ដើម្បីបើកចិត្តគំនិត បើកភ្នែក និងអប់រំអ្នកដទៃឲ្យរកឃើញផ្លូវនៃសុភមង្គលដោយការកម្ចាត់បង់នូវអំទុច្ចរិតចេញឱ្យអស់ ។
ចែករំលែកព័តមាននេះ