ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បីពីរ​ដួង​ថា ​ស្ត្រី​មាន​ស្វាមី​ហើយមិន​គួរ​បោះបង់​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​បុរាណ​មក​ស្ត្រី​ខ្មែរ​ភាគច្រើន​មិនសូវ​គិត​ពី​បញ្ហា​ថែទាំ​សម្រស់​ដូច​កាល​នៅ​ក្រមុំ ឬ​គេ​ហៅ​ថា​ដាក់ខ្លួន ក្នុង​ពេល​ដែល​ខ្លួន​មាន​ស្វាមី និង​កូន ទៅ​ហើយ​នោះ ។ ស្ត្រី​ខ្មែរ​មិនសូវ​យកចិត្តទុកដាក់​ថែ​សម្រស់​គឺ​អាច​មក​ពី​មូលហេតុ​គិតតែ​ពី​កិច្ចការ​ផ្ទះ និង​ថែទាំ​កូនចៅ…

រាជធានី​ភ្នំពេញ ៖ តាំងពី​បុរាណ​មក​ស្ត្រី​ខ្មែរ​ភាគច្រើន​មិនសូវ​គិត​ពី​បញ្ហា​ថែទាំ​សម្រស់​ដូច​កាល​នៅ​ក្រមុំ ឬ​គេ​ហៅ​ថា​ដាក់ខ្លួន ក្នុង​ពេល​ដែល​ខ្លួន​មាន​ស្វាមី និង​កូន ទៅ​ហើយ​នោះ ។ ស្ត្រី​ខ្មែរ​មិនសូវ​យកចិត្តទុកដាក់​ថែ​សម្រស់​គឺ​អាច​មក​ពី​មូលហេតុ​គិតតែ​ពី​កិច្ចការ​ផ្ទះ និង​ថែទាំ​កូនចៅ ។

បញ្ហា​មួយទៀត​ស្ត្រី​ខ្លះ​តែង​គិត​ថា ប្រសិនបើ​ខ្លួន​មាន​ស្វាមី​ហើយ នៅ​ធ្វើខ្លួន​ឡូយឆាយ​ដូច​នៅ​ក្រមុំ​ទៀត នោះ​មិន​អាច​គេច​ផុត​ពី​ការ​ពេបជ្រាយ​ពី​អ្នក​ជិតខាង​នោះ​ឡើយ ។ ស្ត្រី​ខ្លះ​បាន​យក​មូលហេតុ​នៃ​ជីវភាព​ក្រីក្រ​មក​ដាក់​នៅ​ខ្លួន ។

បញ្ហា​ទាំងនោះ​ត្រូវ​ស្ត្រី​ខ្មែរ​ធ្វើ​តាម​គ្នា​ជា​រៀង​រហូត​មក ទើបតែ​មក​ដល់​នា​យុគសម័យ​ដ៏​ទំនើប​និង​មាន​សម្ភារ​ប្រើប្រាស់​គ្រប់​បែប​យ៉ាងណា​នេះ ស្ត្រី​ខ្មែរ​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ចាស់​ចោល ដោយ​មាន​អ្នកខ្លះ​បាន​ថែរក្សា​សម្រស់​ខ្លួន​ឲ្យ​នៅ​ស្រស់​ស្អាត​ជា​និច្ច បើ​ទោះបីជា​ខ្លួន​មានកូន និង​ស្វាមី​រួច​ហើយ​ក៏​ហើយ ។

អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ជាតា​រា​មួយ​រូប​ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ថែរក្សា​សម្រស់​របស់​ខ្លួន​បាន​ល្អ បើ​ទោះបីជា​មានកូន​២​រួច​ទៅ​ហើយ​នោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា នាង ទទួលស្គាល់​អ្វី​ដែល​បាន​លើក​ឡើង​ថា ស្ត្រី​ខ្មែរ​តែងតែ​ដាក់ខ្លួន​នៅ​ពេល​មាន​ស្វាមី និង​កូន ។

ស្ត្រី​ខ្មែរ​មួយ​ចំនួន​តែង​គិត​ថា ខ្លួន​មាន​ស្វាមី​រួច​ហើយ​មិន​ចាំបាច់​ថែខ្លួន​ឡើយ ដោយ​គិតតែ​ពី​ការ​ថែទាំ​កូន​ឲ្យ​ស្អាតបាត ទោះជា​ខ្លួនឯង​យ៉ាង​មេ​៉​ច​ក៏​មិន​ខ្វល់​ព្រោះ​ស្វាមី​ស្រឡាញ់​កូន ។ ផ្ទុយ​ទៅ​វិញ​បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម «​យើង​ជា​ភរិយា​គួរ​គិត​ថា ប្តី​ស្រឡាញ់​កូន ហើយ​ប្តី​ក៏​ស្រឡាញ់​យើង អ៊ីចឹង​យើង​ត្រូវ​ថែទាំ​រូប​សម្រស់​របស់​យើង​ទៅ​តាម​របៀប ផ្សេង​ៗ ដើម្បី​ផ្គាប់ចិត្ត​ស្វាមី​យើង​ផង​ដែរ ខណៈ​ពេល​សម័យនេះ​មានការ​ណែនាំ​ពី​ការ​ថែទាំ​សម្រស់​ច្រើន ។ តាម​បទ​ពិសោធន៍​ការ​ថែទាំ​សម្រស់​របស់ខ្ញុំ គឺ​តែងតែ​គិតគូរ​ជា​និច្ច​ចំពោះ​សុខភាព ដោយ​ទទួលទាន​បែប​ណា​ដើម្បី​ការពារ​មិន​ឲ្យ​ឡើង​គីឡូ ខណៈ​ពេល​ដែល​នាង​ខ្ញុំ​មិន​ដែល​ទទួលទាន​ស្រា​ឡើយ »​។

ចំណែក​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឌី សា​វ៉េ​ត បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​គឺ​អ្នកស្រី​តែងតែ​គិត​ជា​និច្ច​ពី​ការ​ថែទាំ​សុខភាព និង​សម្រស់ បើ​ទោះបីជា​ពេល​នេះ​អ្នកស្រី​មានកូន និង​មាន​វ័យ​កាន់តែ​ចាស់​ក៏​ដោយ ។ ស្ត្រី​ខ្មែរ​ភាគច្រើន​មាន​កាតព្វ​កិច្ច​ធ្ងន់​នៅ​ពេល​មានគ្រួសារ ទាំង​ការ​ថែទាំ​កូន និង​មើល​ទុកដាក់​ផ្ទះសម្បែង និង​បម្រើ​ស្វាមី ដែល​កិច្ចការ​ទាំងអស់​នេះ​ស្ត្រី​ខ្មែរ​ភាគច្រើន​មិន​អាច​គេច​រួច​ឡើយ ។ តែ​ទោះជា​យ៉ាងណា​ក្តី​មិន​គួ​មើល​រំលង​អំពី​រការ​ថែទាំ​សុខភាព និង​សម្រស់​របស់​ខ្លួនឯង​ឡើយ បើ​ទោះបីជា​យើង​មាន​ស្វាមី​និង​មាន​កួន​ក៏​ដោយ ព្រោះ​សម្រស់​ជា​ភាព​ចាំបាច់​មួយ​សម្រាប់​ផ្គាប់ចិត្ត​ស្វាមី​ផង​ដែរ បន្ទាប់​ពី​កាតព្វកិច្ច​ជា​មេផ្ទះ ។

អ្នកស្រី​ឌី សា​វ៉េ​ត លើក​មូលហេតុ​ពី​ការ​ធ្លាក់​ចុះ​រូប​សម្រស់​របស់​ស្ត្រី​នៅ​ពេល​មាន​ស្វាមី​ថា «​ស្ត្រី​ខ្លះ​គិតតែ​ពី​ការ​ប្រចែ​ចណ្ឌ​ស្វាមី គិតតែ​ពី​រឿង​ការ​នឿយហត់ និង​ភាព​ក្រីក្រ ហើយ​​ចេះ​តែ​បណ្តោយ​ខ្លួន ដែល​បញ្ហា​ទាំង​អស់នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ ។ យើង​មិន​ត្រូវ​យក​រឿងរ៉ាវ​ទាំង​អស់នេះ​មក​ដាក់ខ្លួន​ពេក​ទេ យើង​ត្រូវ​ចេះ​អំណត់​ខ្លះ ព្រោះ​អ្នក​ណា​ក៏​មានរឿង​រ៉ាវ​ដូច​គ្នា សំខាន់​យើង​ត្រូវ​ចេះ​បន្លប់​វា ដោយ​ការ​អាន​សៀវភៅ និង​មើល​ទូរទស្សន៍​ជាដើម ។ ក

រ​រស់នៅ​គឺ​ត្រូវ​មានការ​សប្បាយ​ច្រើន​ជាង​ការ​គិត និង​កើតទុក្ខ ហើយ​ការ​សប្បាយ​នោះ​ទៀត​សោត​មិនមែន​ការ​ដើរ​លែង​ប៉ាតណាប៉ាតណី​នោះ​ឡើយ ពោល​គឺ​ការ​ដើរ​លែង​ជា​លក្ខណៈ​គ្រួសារ និង​ការ​ជួបជុំ​បងប្អូន​សាច់ញាតិ ជជែក​លែង​ពី​រឿង សប្បាយ​ៗ​។

ប្រសិន​បើ​ការ​រស់នៅ​របស់​យើង​សុខសាន្ត​ហើយ​នោះ​សម្រស់​របស់​យើង​ក៏​មិន​ងាយ​ចាស់​មុន​អាយុ​ឡើយ ហើយ​ស្វាមី និង​កូន​ក៏​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា » ។

បើ​តាម​អ្នកស្រី​ឌី សា​វ៉េ​ត ការ​ថែទាំ​សម្រស់​មិន​ទាល់តែ​ចាំបាច់​ប្រើប្រាស់​ថ្នាំ ឬ​ការ​លាប​ផលិតផល ផ្សេង​ៗ​ឡើយ ពោល​គឺ​សំខាន់​ឲ្យ​តែ​យើង​ចេះ​ថែរក្សា​សុខភាព​បាន​ល្អ និង​កុំ​យក​ភាព​មួម៉ៅ ក្តៅក្រហាយ និង​គិត​ច្រើន ។ ការ​ថែទាំ​សុខភាព និង​សម្រស់ គឺ​អ្នកស្រី​តែងតែ​ទទួលទាន​បន្លែ ផ្លែ​ឈើ និង​ត្រី ដោយ​ក្នុង​នោះ​អ្នកស្រី​ទទួលទាន​សាច់​តិចតួច​ប៉ុណ្ណោះ ។

ជា​ទូទៅ​ពេល​ទៅ​ណា​មក​ណា​អ្នកស្រី​តែងតែ​បើកឡាន​ដោយ​ខ្លួនឯង ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ព្រោះ​នៅ​ពេល​ដែល​អ្នកស្រី​ចូល​ឡាន​គឺ​អ្នកស្រី​មិន​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម​ឡើយ ដោយ​អ្នកស្រី​ចំហ​កញ្ចក់​មួយសន្ទុះ​សិន ។ បើ​យើង​ចូល​ឡាន​ហើយ​បើក​ម៉ាស៊ីន​ត្រជាក់​ភ្លាម​នោះ​វា​នឹង​មានការ​ប្រឆាំង​គ្នា​រវាង​ម៉ាស៊ីនត្រជាក់ និង​កម្តៅថ្ងៃ ដូចនេះ​អ្នកស្រី​តែងតែ​ចំហ​កញ្ចក់​ប្រហែលជា​កន្លះ​ម៉ោង ទៅ​មួយ​ម៉ោង ទើប​អ្នកស្រី​ចាប់ផ្តើម​បើក​ម៉ាស៊ីនត្រជាក់​ក្នុង​រថយន្ត​។ ការ​បើ​ម៉ាស៊ីនត្រជាក់​ហើយ ត្រូវ​មើល​ថា វា​មាន​ភាព​ត្រជាក់​សម​ល្មម​ហើយ​នោះ គឺ​អ្នកស្រី​នឹង​បិទ​ម៉ាស៊ីនត្រជាក់​នោះ​វិញ ហើយ​ចំហ​កញ្ចក់​រថយន្ត ។

ដោយឡែក​សម្រាប់​ការ​ចូល​គេង អ្នកស្រី​ឌី សា​វ៉េ​ត មិនសូវ​ជា​ទម្លាប់​បើក​ម៉ាស៊ីនត្រជាក់​មួយ​យប់​ទល់​ភ្លឺ​ទេ ពោល​មុន​ចូល​គេង​គឺ​អ្នកស្រី​តែង​បើក​ម៉ាស៊ីនត្រជាក់​ទុក​ប្រហែលជា​កន្លះ​ម៉ោង​យ៉ាង​យូរ ព្រោះ​ការ​ត្រជាក់​ពេក​នោះ​គឺ​ធ្វើ​ឲ្យ​ឈាម​របស់​យើង​មិន​អាច​ដើរ​ស្រួល​​ឡើយ ។

អ្នកស្រី​ឌី សា​វ៉េ​ត បាន​អះអាង​ថា ការ​ហាត់ប្រាណ​គឺជា​សំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សុខភាព​និង​រូប​សម្រស់ ព្រោះ​ការ​បែកញើស​នេះ​បាន​ធ្វើ​ឲ្យ​យើង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន និង​នាំ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ