ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ទៅ​ផឹកទឹកសម្បថ​… មុខ​អ្នកស្រុក​រាប់រយ​នាក់​ដែល​កំពុង​ខ្លាចរអារ​ពួក​គាត់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​ភូមិ​៣​នាក់​ ដែល​អ្នកស្រុក​រាប់រយ​នាក់​ចោទ​ថា ​ចេះ​អំពើ​អាប​ធ្មប់ ត្រូវ​បាន​គេ​នាំ​ទៅ​ផឹក​ទឹក​សម្បថ​នៅ​មុខ​បារមី​ព្រះ​អង្គ​វត្ត​ដងទង់ ដែល​ល្បីល្បាញ​ថា ​មាន​ឫទ្ធិ​បារមី​ស័ក្តិសិទ្ធិ​ ដើម្បី​បញ្ជាក់​ថា ពួក​គាត់​មិន​ចេះ​អាប​ធ្មប់​…

ខេត្តកំពត ៖ អ្នក​ភូមិ​៣​នាក់​ ដែល​អ្នកស្រុក​រាប់រយ​នាក់​ចោទ​ថា ​ចេះ​អំពើ​អាប​ធ្មប់ ត្រូវ​បាន​គេ​នាំ​ទៅ​ផឹក​ទឹក​សម្បថ​នៅ​មុខ​បារមី​ព្រះ​អង្គ​វត្ត​ដងទង់ ដែល​ល្បីល្បាញ​ថា ​មាន​ឫទ្ធិ​បារមី​ស័ក្តិសិទ្ធិ​ ដើម្បី​បញ្ជាក់​ថា ពួក​គាត់​មិន​ចេះ​អាប​ធ្មប់​ ដូច​ការ​ចោទរបស់​អ្នក​ភូមិ​ឡើយ ។ អ្នក​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់​ត្រាចប្រមាណ​២០០​នាក់ ខ្លះ​ជិះ​រថយន្ត ខ្លះ​ជិះ​ម៉ូតូ បាន​ទៅ​មើល​ការ​ផឹកទឹកសម្បថ​ នៅ​មុខ​ព្រះ​អង្គ​វត្ត​ដង​ទង់ ក្នុងស្រុក​ដងទង់ ។

ការ​នាំ​គ្នា​ទៅ​ផឹកទឹកសម្បថ​នៅ​មុខ​ព្រះ​បដិមានេះ​វត្ត​ដងទង់ ដែល​គេ​ជឿ​ថា ​មាន​បារមី​ស័ក្តិសិទ្ធិត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ។ ក្នុង​ពេល​ចេញដំណើរ​របស់អ្នក​ភូមិ​ប្រមាណ​២០០​នាក់ រួម​ទាំង​អ្នក​ទាំង៣​នាក់​ដែល​អ្នក​ភូមិ​សង្ស័យ​ថា​ ចេះ​អំពើ​អាបធ្មប់​នេះ ក៏​មាន​រថយន្ត​បំពាក់​សុ​ី​រ៉ែ​ន​របស់​នគរ
បាល​ស្រុក​កំពង់ត្រាច និង​រថយន្ត​របស់​កង​រាជអាវុធហត្ថ​ស្រុក រួម​ទាំង​នគរបាល​និង​កង​រាជ​អាវុ​ធ​ហត្ថ​ស្រុក​ដងទង់ ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដែរ ក្នុង​ចេតនា​ការពារ​សុវត្ថិភាព​អ្នក​ភូមិ​ទាំង​៣​នាក់ ព្រោះ​ខ្លាច​កើត​មាន​អំពើ​ហិង្សា ។

មុន​ពេល​ធ្វើ​ពិធី លោក​អាចារ្យ​បាន​សួរ​ដេញដោល​ភាគី​ទាំង​ចុងចោទ​និង​ដើមចោទ និង​ឱ្យ​ប្រគំ​ភ្លេង​ពិណ​ពាទ្យ​ដែល​ស្តាប់​ទៅ​ព្រឺក្បាល​ដែរ ដោយសារ​តែ​លាន់​រំពង​ខ្ទ័រ​ព្រះ​វិហារ ។ អ្នក​ភូមិ​ទាំង​៣​នាក់​ដែល​អ្នក​ជាប់​ចោទ​ថា​ចេះ​អំពើ​អាប​ធ្មប់​មាន ១-​ឈ្មោះ កោះ សុខ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ២-​ឈ្មោះ វ៉ា​ន់ ស្រី​មុំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​៣-​ឈ្មោះ តឹ​ប ឌឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​នេះ ជា​សាច់ញាតិ​នឹង​គ្នា រស់នៅ​ភូមិ​កណ្ដាល​ទួល ។

ពួក​គាត់​ទាំង​៣​នាក់ បាន​ស្បថ​នៅ​មុខ​ព្រះ​អង្គ​ថា ខ្លួន​មិន​បាន​ចេះ​អាប​ធ្មប់​ដូច​គេ​ចោទ​ទេ ហើយ​បើ​ខ្លួន​ចេះ​មែន សូម​ឱ្យ​ព្រះ​អង្គ​មាន​បារមី​ដ៏​សក្តិ​សិទ្ធិ​ដាក់​ទណ្ឌកម្ម​ចុះ ។ រីឯ​អ្នក​ភូមិ​ជា​ច្រើន​នាក់​សុទ្ធតែ​និយាយ​ថា ពួក​គេ​ទាំង​៣​នាក់​នេះ​ចេះ​អំពើ​អាប់​ធ្មប់ ព្រោះ​អ្នក​ភូមិ​បាន​ស្លាប់​ម្នាក់ អ្នកខ្លះ​ឈឺ និង​ខ្លះ​ទៀត​ត្រូវ​ខ្មោច​អាប​ធ្មប់​ចូល​សណ្ឋិត​ធ្វើ​ឱ្យ​ខ្លាច​ស្ត្រី​ឈ្មោះ​«​សុខ​»​នេះ​ស្ទើរតែ​គ្រប់​គ្នា ។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ភូមិ​ម្នាក់​ឈ្មោះ មុំ យ៉េ​ត អាយុ​៦៩​ឆ្នាំ ។

ទោះបីជា​បែប​ណា លោក ស សេង អនុប្រធាន​ភូមិ​កណ្ដាល​ទួល បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេលនេះ​អ្នក​ភូមិ​ស្ងប់​ចិត្ត​ហើយ បន្ទាប់​ពី​បាន​ទៅ​ផឹកទឹកសម្បថ​ទាំង​អ្នក​ដើមចោទ​និង​ចុងចោទ ហើយ​អ្នក​ភូមិ​នាំ​គ្នា​ជិះ​រថ​យន្ត​ទាំង​ភ្លៀងរលឹម​ត្រឡប់​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

គួរ​រំឭក​ថា ពី​មុន​មាន​ស្ត្រី​តែ​ម្នាក់​ទេ​ដែល​អ្នកភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ចោទ​ប្រកាន់​ថា ចេះ​ធ្វើអំពើ​អាប​ធ្មប់ និង​ចេះ​មន្តអាគម​អូ​ម​អាម​(​ផ្លូវ​ងងឹត​) ដោយអះអាង​ថា កន្លង​មក​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​និង​ស្លាប់​ជា​បន្តបន្ទាប់ ។ ដោយសារ​មានរឿង​កើតឡើង​ផ្ទួន​ៗ​បែប​នេះ ទើប​អ្នក​ភូមិ​ចេះ​តែ​នាំ​គ្នា​សរសេរ​បង្ហោះ​ហ្វេ​សបុ​៊​ក​ចោទប្រកាន់​លើ​ស្ត្រី​ម្នាក់​នោះ​ថា ជា​អ្នក​ធ្វើអំពើ​មក​លើ​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​ឈឺ​រាំ​ុ​រ៉ៃ​មើល​មិនជា រហូត​ដល់​មាន​អ្នកខ្លះ​ស្លាប់​ជា​បន្តបន្ទាប់​ទៀត​ផង ។

ដោយសារ​មានការ​ចោទប្រកាន់​បែប​នេះ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា អ្នក​ភូមិ​ខាងលើ​នេះ​ជា​ច្រើន​គ្រួសារ មាន​ប្រតិកម្ម​ជា​ចំហរហូត​ឈាន​ដល់​ប្រមូលគ្នា​ស្ទើរ​មួយ​ភូមិ​ទៅ​សាលា​ឃុំ​កំពង់ត្រាច​ខាងលិច និង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ខណៈ​ដឹង​ថា​ស្ត្រី​ដែល​គេ​សង្ស័យ​ថា​ចេះ​អំពើ​អាប​ធ្មប់​នោះ ត្រូវ​បាន​កោះហៅ​មក​កាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ​ពី​រឿង​ថា​ចេះ​អាប​ធ្មប់​នេះ ។ ចំពោះ​មនុស្ស​២​នាក់​ទៀត ដែល​មក​ស្បថ​ជាមួយ​ស្ត្រី​ឈ្មោះ កោះ សុខ ជា​សាច់ញាតិ​នឹង​គ្នា ក៏​ត្រូវ​បាន​ចោទ​ដែរ ។

ទាក់ទិន​នឹង​ស្ត្រី​ឈ្មោះ កោះ សុខ នេះ​អ្នក​ភូមិ​ខាងលើ​រៀបរាប់​ទៀត​ថា កាលពី​មុនគេ​ធ្លាប់តែ​ឮ​ថា​ដូន​ចាស់​ជា​ម្តាយ​របស់​ស្ត្រី​រូប​នេះ​បាន​រៀប​អាសនៈ មាន​រៀប​បាយសី​យ៉ាង​ធំ​នៅ​ក្នុងផ្ទះ ហើយម្តាយ​របស់​ស្ត្រី​រូប​នេះ​ជា​អ្នកចេះ​វិជ្ជា​តាម​ផ្លូវ​ងងឹត​។ មុន​ពេល​គាត់​ស្លាប់ បាន​ផ្ទេរ​មន្តអាគម​នេះ​ទៅ​ឲ្យ​កូនស្រី​ឈ្មោះ កោះ សុខ បន្ត​រហូត​ដល់​សព្វថ្ងៃ ទើប​ពួក​គាត់​មានការ​សង្ស័យ​ថា ស្ត្រី​រូប​នេះ​ពិតជា​ចេះ​វេទមន្ត​ផ្លូវ​ងងឹត​នេ​ោះ ។

ក្រោយ​ពី​មានការ​សាកសួរ​ពី​សមត្ថកិច្ច ស្ត្រី​ឈ្មោះ កោះ សុខ បាន​បដិសេធ​ថា គាត់​មិន​ចេះ​ធ្វើអំពើ​អាប​ធ្មប់​អ្វី​ទេ ហើយ​ការ​ចោទប្រកាន់​បែប​នេះ​គាត់​មិន​អាច​ទទួលយក​បាន​ឡើយ ។ ជាមួយ​គ្នា​នេះ អ្នក​ភូមិ​កណ្តាល​ទួល បាន​សុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​ធ្វើ​ជា​សាក្សី និង​ជួយ​ជំរុញ​ឲ្យ​ស្ត្រី​ឈ្មោះ កោះ សុខ ទៅ​ធ្វើ​ពិធី​ស្បថ​ស្បែ និង​ធ្វើ​សច្ចាប្រណិធាន​នៅ​មុខ​ព្រះ​ពុទ្ធរូប​ក្នុង​វត្ត​ដងទង់ ដែល​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​បំផុត ។ហេតុនេះ​ហើយ ទើប​អ្នក​ភូមិ​កណ្តាល​ទួល​និង​ស្ត្រី​ឈ្មោះ កោះ សុខ បាន​ព្រមព្រៀង​សន្យា​ទៅ​រៀបចំ​ពិធី​ស្បថស្បែរ​នេះ នៅ​ឯ​វត្ត​ដងទង់ ។

ទាក់ទិន​នឹង​អំពើ​ផ្លូវ​ងងឹត​បែប​ជំនឿ​អរូបីខាងលើ​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​មាន​ជំងឺ​ផ្សេង​ៗ​នៅ​តាម​ស្រុកស្រែ​ចម្ការពលរដ្ឋ​មួយ​ភាគ​តូច​តែងតែមាន​ជំនឿ​លើ​បារមី ឬ​ការ​បែ​បន់​ខ្មោច​ព្រាយ​បិសាច ជួនកាល​មានការ​បញ្ជាន់​អារក្ខ និង​ការ​ថ្វាយ​តង្វាយ​ដោយ​លេងភ្លេង​ពិណពាទ្យ​ជាដើម​ជំនួស​ថ្នាំសង្កូវ ។ ចំណែក​អ្នក​រស់នៅ​តាម​ទីប្រជុំជន ភាគច្រើន​ជឿ​លើ​ផ្នែក​វេជ្ជសាស្ត្រ ហើយ​អ្នកជំងឺ​តែងតែ​ពឹងផ្អែក​លើ​គ្រូពេទ្យ​ព្យាបាល​ជំងឺ គឺ​គេ​មិនសូវ​ជឿ​លើ​អបិយ​ជំនឿ​ឡើយ ។

យ៉ាងណាមិញ ការ​ជឿ​ស៊ប់​លើ​ជំនឿ​អរូបី​ដូច​ខាងលើ បើ​រឿង​នេះ​មិន​ពិតប្រាកដ​វិញ អាច​ជា​ករណី​លាប​ពណ៌​រវាង​គ្នា​នឹង​គ្នា ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​កាន់តែ​ខ្លាំង បង្ក​ជា​ករណី​គុំកួន​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​នាំ​ឲ្យ​បែកបាក់​សាមគ្គី​ពី​ក្រុម​គ្រួសារ​មួយ​ទៅ​ក្រុម​គ្រួសារ​មួយទៀត រហូត​បែកបាក់​សាមគ្គី​រវាង​ពលរដ្ឋ​ក្នុងភូមិ​ជាមួយ​គ្នា​ផង​ដែរ ។

ជុំវិញ​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ​ថា ស្ត្រី​រូប​នេះ​ចេះ​អាប​ធ្មប់ ធ្វើអំពើ​សម្លាប់​មនុស្ស​នេះ គប្បី​រក​ឱ្យ​ឃើញ​ថា តើ​រាល់​អ្នក​ដែល​ស្លាប់​នោះ​ជាស​ត្រូវ​របស់​ស្ត្រី​រូប​នេះ​ឬ​ក៏​អត់? មិនមែន​នៅ​សុខ​ៗ​ចេះ​តែ​ធ្វើ​មន្តអាគម​សម្លាប់​មនុស្ស​បែប​នេះ​ឡើយ ។ ក្នុង​សម័យ​ទំនើប​ដែល​មនុស្ស​ឡើង​ហួស​ឋាន​ព្រះចន្ទ្រ​ទៅ​ហើយ​នោះ តើ​អបិយ​ជំនឿ​ដែល​បាន​កើតឡើង​នេះ គប្បី​មាន​ជំនឿ​បែប​ការ​សង្ស័យ​ចោទប្រកាន់​នេះ​តទៅ​ទៀត​ឬ​បែប
​ណា ?

កន្លង​មកនេះ មាន​អ្នក​រង​គ្រោះ​ច្រើន​នាក់​ហើយ​ដែល​ត្រូវ​មនុស្ស​ខ្វះ​ការ​ពិចារណា​ព្រោះតែ​ជឿ​ស៊ប់​ទៅ​លើ​អបិយ​ជំនឿ​នេះ ឈាន​ទៅ​ដល់​ការ​សម្លាប់​ជា​បន្តបន្ទាប់ ហើយ​ក៏​មាន​ជន​ដៃដល់​ជា​ច្រើន​នាក់​ផង​ដែរ ត្រូវ​បាន​ចាប់ខ្លួន​ផ្តន្ទាទោស ។ និយាយ​រួម អបិយ​ជំនឿ​បែប​នេះ​ប្រតិកិរិយា​ពេក​ហើយ ៕ ​

អត្ថបទសរសេរ ដោយ