ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ម្រេច​កំពតខូចខាត​ប្រមាណ​១៥% ស្រប​ពេល​ទីផ្សារ​កំពុងចង្អៀត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អំឡុង​ពេល​ភ្លៀង​បន្ត​ធ្លាក់​កាន់តែ​ខ្លាំង​នៅ​តាម​តំបន់​មាត់សមុទ្រ ខេត្តកំពត ដែល​ល្បី​ខាង​ដំណាំ​ម្រេច កំពុង​ជួប​បញ្ហា​ក្នុង​ការ​ប្រមូល​ផល​ម្រេច ព្រោះតែ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា បណ្ដាល​ឲ្យ​ផលិតផល​ម្រេច​ត្រូវ​ខូច​ទាំងស្រុង ឬ​ខូចគុណភាព​មិន​សម​ស្រប​ទៅ​តាម​ស្តង់ដា​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ។…

ខេត្តកំពត ៖ អំឡុង​ពេល​ភ្លៀង​បន្ត​ធ្លាក់​កាន់តែ​ខ្លាំង​នៅ​តាម​តំបន់​មាត់សមុទ្រ ខេត្តកំពត ដែល​ល្បី​ខាង​ដំណាំ​ម្រេច កំពុង​ជួប​បញ្ហា​ក្នុង​ការ​ប្រមូល​ផល​ម្រេច ព្រោះតែ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា បណ្ដាល​ឲ្យ​ផលិតផល​ម្រេច​ត្រូវ​ខូច​ទាំងស្រុង ឬ​ខូចគុណភាព​មិន​សម​ស្រប​ទៅ​តាម​ស្តង់ដា​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ។

បើ​តាម​លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ផលិតផល​ម្រេច​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា ចំពោះ​កសិករ ឬ​ម្ចាស់​ចម្ការ​ដែល​ប្រមូល​ផល​បាន​មុន ការ​ប៉ះពាល់​មិន​មាន​នោះ​ទេ​ទៅ​លើ​ផលិតផល​ម្រេច ក៏​ប៉ុន្តែ​សម្រាប់​កសិករ ឬ​ម្ចាស់​ចម្ការ​ដែល​មិន​ទាន់​បាន​ប្រមូល​ផល​អស់ពី​ចម្ការ នឹង​ជួប​បញ្ហា​ប្រឈម ដោយ​វា​ជ្រុះ​នៅ​នឹង​ដើម​ផង ហើយ​មិន​មានកំ​ដៅ​ថ្ងៃ​គ្រប់គ្រាន់​សម្រាប់​ហាល​ម្រេច​ឲ្យ​ស្ងួត ដើម្បី​ឲ្យ​ក្លាយជា​ម្រេច​ស្តង់ដា​ទៅ​តាម​ការ​បញ្ជា​ទិញ ឬ​ចង់បាន​របស់​ក្រុមហ៊ុន ។ លោក​និយាយ​ថា ៖«​ក្នុង​ពេល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បែប​នេះ ចំពោះ​ផលិតផល​ម្រេច​អាច​និយាយ​ថា ខូច​ក៏​បាន មិន​ខូច​ក៏​បាន ។ វា​មាន​ន័យ​ថា មិន​ខូច ចំពោះ​អ្នក​ដែល​គេ​ប្រមូល​ផល​រួចរាល់ និង​បាន​ហាល​ស្ងួត​ត្រឹមត្រូវ​រួច​ហើយ តែ​សម្រាប់​អ្នក​ដែល​ខូច​ដោយសារ​តែ​ប្រមូល​មិន​ទាន់​អស់ពី​ចម្ការ និង​មិន​ទាន់​បាន​ហាល​ស្ងួត​ត្រឹមត្រូវ » ។

លោក​បន្ត​ថា បើ​និយាយ​ជា​រួម ការ​ខូចខាត​ផលិតផល​ម្រេច​ដែល​បណ្ដាល​មក​ពី​ភ្លៀង​នេះ អាច​មាន​ទំហំ​ប្រមាណ​១៥% ពីព្រោះ​អី​ខែ​នេះ កសិករ និង​ម្ចាស់​ចម្ការ​ម្រេច​ភាគច្រើន​បាន​ប្រមូល​រួចរាល់​ខ្លះ​ៗ និង​សល់​តែ​បន្តិចបន្តួច​។ ម្យ៉ាងទៀត ការ​ធ្លាក់​ភ្លៀង​បែប​នេះ ក៏​ធ្វើ​ឲ្យ​កសិករ​ចំណេញ​កម្លាំង​សម្រាប់​ស្រោច​ទឹកបាន​មួយ​ចំនួន​ដែរ តែ​យ៉ាងណា​ក៏​ដោយ ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ក៏​បណ្ដាល​ឲ្យ​ផ្កា​ម្រេច​ជ្រុះ​ច្រើន​ដែរ អីចឹង នៅ​ឆ្នាំ​ក្រោយ វា​នឹង​អាច​ទទួល​ទិន្នផល​តិច​ជាង​ឆ្នាំ​នេះ ។ លោក​បន្ថែម​ថា បើ​និយាយ​ពី​ទីផ្សារ​ផលិតផល​ម្រេច​កំពត​នា​ពេល​នេះ​វិញ វា​ហាក់ដូចជា​ចង្អៀត​បន្តិច​ហើយ ព្រោះ​ផលិតផល​បាន​កើន​ឡើងជា​បន្តបន្ទាប់ ក៏​ព្រោះតែ​កសិករ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ផង និង​មាន​ក្រុមហ៊ុន​ធំ​ៗ​ពី​ភ្នំពេញ ដែល​ជា​អ្នកមាន​ទុន​ច្រើន មក​វិនិយោគ​ដាំ​ដំណាំ​ម្រេច​ផ្ទាល់​ផង​ដែរ​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​នេះ​។ លោក​និយាយ​ថា ៖« កាលពីមុន យើង​មាន​ផលិតផល​តិច បណ្ដា​ក្រុមហ៊ុន​នានា​ដែល​ប្រមូល​ទិញ​នាំ​ចេញ បាន​សម្រុក និង​ដណ្ដើម​គ្នា​ដាក់​កក់​ចុះ​កិច្ចសន្យា​ទិញ​ម្រេច​ពី​យើង តែ​នៅ​ពេល​ដែល​យើង​មាន​ផលិតផល​កាន់តែ​ច្រើន បែរជា​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​ធ្វើ​ដូច​កាលពីមុន​ទេ ពោល​គឺ​គេ​ចង់បាន​ពេល​ណា គេ​មក​ពេល​ហ្នឹង ហើយ​គេ​យក ក៏​មិន​បាន​ច្រើន​ដូច​កាលពីមុន​ទៀត​នោះ​ទេ » ។ លោក​បន្ថែម​ថា បើ​ទោះបីជា​ទីផ្សារ​ផលិតផល​ម្រេច​ចង្អៀត​ក្តី តែ​តម្លៃ​ផលិតផល​មួយ​នេះ​មិន​បាន​ចុះថ្លៃ​ទេ គឺ​តម្លៃ​នៅ​ដដែល​ក្នុង​រយៈពេល​២-៣​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​នោះ​ម្រេចខ្មៅ​១៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គីឡូក្រាម​, ម្រេច​ក្រហម​២៥​ដុល្លារ​អា​មេ​រិ​ក និង​ម្រេចស ២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គីឡូក្រាម ។

លោក សោម សុខា ផលិតករ​ម្រេច​កំពត​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ទីផ្សារ​ម្រេច​កំពត​វា​រាង​ចង្អៀត​បន្តិច​ហើយ ហើយ​រាល់​ផលិតផល​ដែល​ផលិត​បាន មួយ​ភាគ​លក់​ទៅ​សមាគម និង​មួយ​ភាគ​ទៀត ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ដែល​លក់​ជូន​ទៅ​សមាគម ។ លោក​ថា ៖« បញ្ហា​ទីផ្សារ​ម្រេច​កំពត បាន​កើតឡើង​ចាប់តាំងពី​មាន​ក្រុមហ៊ុន​ធំ​ៗ​មក​បណ្ដាក់ទុន​នៅ​លើ​ទឹកដី​ខេត្តកំពត ដើម្បី​ដាំ​ម្រេច​ដោយ​ខ្លួនឯង ហើយ​នាំ​ចេញ​ដោយ​ខ្លួនឯង​វិញ » ។

លោក​បន្ត​ថា ដំណាំ​ម្រេច​ខុស​ពី​ដំណាំ​ផ្សេង​។ ដំណាំ​ម្រេច​ប្រៀប​បាន​នឹង​កូនង៉ែត​អីចឹង គឺ​ត្រូវ​មានការ​ថែទាំ​ដិត​ដល់​ណាស់ ហើយ​អ្នក​ដាំ​ត្រូវ​ទៅ​មើលថែ​វា​រាល់ថ្ងៃ នៅ​ជាមួយ​វា​រាល់ថ្ងៃ មិន​អាច​ទុក​ចោល​ដូច​ដំណាំ​ផ្សេង​ៗ​បាន​ឡើយ ។ ម្យ៉ាងទៀត ការ​វិនិយោគ​លើ​ដំណាំ​ម្រេច ក៏​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ដែរ ដូច្នេះ បើសិនជា​អ្នក​មិន​មាន​ដើមទុន​ច្រើន​ទេ គឺ​ត្រូវការ​ខ្ចី​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ជាដើម​ទុន ។

គួរ​បញ្ជាក់​ថា ម្រេច​កំពត ត្រូវ​បាន​ចាត់ទុកជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ​របស់​កម្ពុជា ហើយ​វា​បាន​ធ្វើ​ឲ្យ​ផលិតផល​នេះ​កាន់តែ​មាន​ភាព​ល្បី និង​ទទួលស្គាល់​ពី​បណ្ដា​ទីផ្សារ​ក្នុង​និង​ក្រៅ​ស្រុក រហូត​ធ្វើ​ឲ្យ​អ្នក​ដាំ​ដំណាំ​នេះ កាន់តែ​មាន​ភាព​ជីវភាព​ធូរធារ និង​នាំ​គ្នា​ដាំ​ច្រើន​នៅ​ក្នុង​ខេត្តកំពត ។ បច្ចុប្បន្ន បើ​ទោះបីជា​ផលិតផល​ម្រេច​នៅ​បណ្ដា​ខេត្ត​ផ្សេង​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ក៏​ដោយ ក៏​ម្រេច​កំពត​នៅ​តែ​រក្សា​តម្លៃ​ដដែល គ្រាន់តែ​ទីផ្សារ​ហាក់​ចង្អៀត​ដោយសារ​តែ​ការ​ផលិត​មាន​ច្រើន​ជាង​ពី​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ