ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ដុំ​ធំ រាង​កាយ​មាំមួន ជា​អ្វី​ដែល​បុរស​ចង់បានមែនទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​បុរស​ដែល​មាន​រាង​ស្អាត គឺ​មាន​សាច់​ដុំធំ​ទាំង​ដៃជើង និង​ដងខ្លួន ព្រម​ទាំង​ក្បាលពោះ​៦​ផ្នត់ ឬ​ហៅ​ថា 6Pack ។ បុរស​រាង​បែប​នេះ​…

រាជធានី​ភ្នំពេញ ៖ ​បុរស​ដែល​មាន​រាង​ស្អាត គឺ​មាន​សាច់​ដុំធំ​ទាំង​ដៃជើង និង​ដងខ្លួន ព្រម​ទាំង​ក្បាលពោះ​៦​ផ្នត់ ឬ​ហៅ​ថា 6Pack ។ បុរស​រាង​បែប​នេះ​ មានការ​ចាប់អារម្មណ៍​ពី​មនុស្ស​ទូទៅ ជាពិសេស​ទាក់ភ្នែក​នារីៗ ។

នា​ពេល​បច្ចុប្បន្ន​បុរស​ជា​ច្រើន​និយម​ទៅ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​តាម​ទី​ហាត់​កីឡា ឬ​អ្នក​ទូទៅ​និយម​ហៅ​ថា​ កន្លែង​លើក « អាល់​ទែ​រ » ដើម្បី​បាន​រូបរាង​ស្អាត ដោយ​មាន​សាច់​ដុំ ធំ​ៗ តាំងពី​ដើម​.​ក រហូត​ដល់​ចុងជើង មើលទៅ រាង​កាយ​មាំមួន និង​សុខភាព​ល្អ ។ ទី​ហាត់​​កីឡា ឬ កន្លែង​លើក «​អាល់​ទែ​រ​» មាន​ដុំ​ដែក​ជា​ច្រើន​សណ្ឋាន​ចាប់ពី​៥​គីឡូក្រាម​ដល់​១០០​គីឡូក្រាម ។

ជា​ទូទៅ​គេ​សង្កេត​ឃើញ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ទាល់តែ​សោះ គឺ​ពេល​ដែល​​ចូល​ទៅ​លើក​ដុំ​ដែក​ដំបូង តែងតែ​លើក​ដុំ​ដែក​មាន​ទម្ងន់​ត្រឹមតែ​៥​គីឡូក្រាម ដល់​១០​គីឡូក្រាម​ប៉ុណ្ណោះ ដោយ​ពួក​គេ​មិន​អាច​លើក​លើស​ទម្ងន់​ជាង​នេះ​បាន​ឡើយ ព្រោះ​វា​ត្រូវការ​ការ​ប្រើប្រាស់​ចលនា​សាច់​ដុំ​ខ្លាំង ។ ដោយឡែក ចំពោះ​អ្នក​ដែល​ឧស្សាហ៍​ទៅ​ហាត់​ជា អន្លើ​យ​ៗ​វិញ គឺ​ពួក​គេ​តែង​លើក​ដុំ​ដែក​ទម្ងន់​ចាប់ពី​៣០​គីឡូក្រាម​ដល់​៥០​គីឡូក្រាម​ឯណោះ ។

លំ​ហាត់ប្រាណ​របស់​ពួក​គេ គឺ​ហាត់​ក្នុង​ថេរវេលា​ចាប់ពី​១​ម៉ោង ដល់​៣​ម៉ោង ខណៈ​អ្នក​ដែល​ទើបនឹង​ចាប់ផ្តើម​ហាត់​ដំបូង​អាច​ទ្រទ្រង់​កម្លាំង​របស់​ខ្លួន​ក្នុង​ថេរវេលា​បាន​តែ​១៥ ទៅ​២០​នាទី​ប៉ុណ្ណោះ ។

បុរស​ម្នាក់​ដែល​មាន​រាង​ស្អាត​សាច់​ដុំ ធំ​ៗ និង​ឆ្លងកាត់​ការ​ហាត់​ជាង​៣​ឆ្នាំ​កន្លង​ទៅ ឈ្មោះ​រិ​ទ្ធិ ណា​លិ អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ បាន​ថ្លែងប្រាប់​កោះ​សន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ៖ មុន​ពេល​លោក​មិន​ទាន់​ទៅ​លើក​អាល់​ទែ​រ លោក​នៅ​រាង​ស្គម មាន​ទម្ងន់​តែ​៥២​គីឡូក្រាម​ប៉ុណ្ណោះ ។

លុះ​ក្រោយមក​ដោយសារ​តែ​កត្តា​ហូប​ច្រើន​យ៉ាងណា​ក៏​នៅ​តែ​មិន​ទទួល​បាន​រាង​ធំ​ស្អាត​នោះ លោក​ក៏​សម្រេចចិត្ត​ទៅ​លើក​អាល់​ទែ​រ ដោយពេល​ចាប់ផ្តើម​លើក​ដំបូង គឺ​គាត់​ទទួល​អាការ​ហាក់​ឈឺចាប់​ខ្លាំង​ពេញ​ខ្លួនប្រាណ​តែ​ម្តង ពិសេស​ត្រង់​ចំណុច​ដៃ និង​ឆ្អឹងខ្នង ក្រោយ​ពេល​ហាត់​រួច ។ លោក​នៅ​តែ​មិន​ចុះចាញ់​នោះ​ឡើយ ដោយ​ព្យាយាម​ហាត់​ជា​បន្តបន្ទាប់​រហូត​បាន​ជាង​២​ស​ប្តា​ហ៍ អាការ​ឈឺចាប់​ក៏​បាត់​ទៅ​វិញ ព្រោះសាច់​ដុំ​ស៊ាំ​នឹង​ទម្ងន់​ដែក ។

តាំងពី​ពេល​នោះមក លោក​ក៏​ចាប់ផ្តើម​លើក​ដុំ​ដែក​ដែល​មាន​ទ​ម្ង​ន់ធ្ងន់​ទៅ​ៗ ជា​បន្ត​បន្ទាប់ រហូត​ទទួល​បាន​រូបរាង​ស្អាត និង​មាន​ទម្ងន់​ដល់​៧៨​គីឡូក្រាម ។ គីឡូ​នេះ​ជា​គីឡូ​ដែល​សមសួន​ជាមួយនឹង​រូបរាង​មនុស្ស​ប្រុស ហើយ​រូបរាង​បែប​នេះ​មើលទៅ​ក៏​សង្ហា និង​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

បុរស​ដដែល​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​លោក​ហាត់​១​ពេល​ប៉ុ​ណ្ណោះ​គឺ​នៅ​ពេល​ល្ងាច ដោយ​ហាត់​ចំនួន​៣​ម៉ោង ហើយ​ក្នុង​មួ​យស​ប្តា​ហ៍​ហាត់​៦​ថ្ងៃ​ប៉ុ​ណ្ណោះ គឺ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​សៅរ៍ ដោយ​​ឈប់​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិ​ត្រ​ដើម្បី​អាច​ឱ្យ​សាច់​ដុំ​បាន​សម្រាក និង​ទទួល​ការ​លូត​លាស់​បាន ។ មួយ​រយៈ​ក្រោយ​មកនេះ លោក​ពុំ​សូវ​មាន​ពេលវេលា​ច្រើន​ដើម្បី​ទៅ​ធ្វើ​លំ​ហាត់​​ដូច​ពេល​មុន​ទៀត​នោះទេ ព្រោះជាប់រវល់​ការងារ​ផ្ទាល់ខ្លួន​ច្រើន​ណាស់ ដូច្នេះ​ហើយ​​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ទៅ​ហាត់​បាន​តែ ២​ថ្ងៃ​ប៉ុ​ណ្ណោះ ហើយ​បើ​ស​ប្តា​ហ៍​ខ្លះ​រវល់​ច្រើន​វិញ អាច​នឹង​មិន​បាន​ហាត់​ទាល់តែ​សោះ​ក៏​មាន​ដែរ ។

ដោយឡែក​បុរស​សាច់​ដុំ ធំ​ៗ ម្នាក់​ទៀត ឈ្មោះ​ជា បញ្ញា​រ៉ា អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​នគរ​បាល​​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ថ្លែងប្រាប់​កោះ​សន្តិភាព​ឱ្យ​ដឹង​ថា ៖ ពី​មុន​លោក​មាន​រាង​ស្គម ដើរទៅ​ណា​មក​ណា ហាក់​មិនមែន​ជា​មនុស្ស​ប្រុស​ទេ ព្រោះ​គ្មាន​សាច់ឈាម​នឹង​គេ​ឡើយ ។ ការ​ស្លៀកពាក់់​អ្វី​ក៏​មិន​សមសួន​នឹង​រូបរាង​កាយ​ផង​ដែរ ។ លុះ​ក្រោយ​ពេល​ខំប្រឹង​លើក​អាល់​ទ័​រ​ជាង​១​ឆ្នាំ​កន្លង​មក ឃើញ​ថា​រូបរាង​កាយ​របស់​លោក​ហាក់​មានការ​ប្រែប្រួល​ខ្លាំង​បំផុត សឹងតែ​អាច​និយាយ​បាន​ថា មនុស្ស​ម្នាក់​អាច​ប្រែ​ទៅ​ជា​មនុស្ស​ផ្សេង​ដទៃ​វិញ ។

ក្រោយ​ពេល​ខិតខំ​ហាត់​ជាង​មួយ​ឆ្នាំ នៅ​ពេល​ដើរទៅ​ខាងក្រៅ ម្តង​ៗ មិន​ថា ទៅ​ដើរ​លេង ទៅ​ធ្វើការ ឬ​ទៅ​តាម​កម្មវិធី​តូច​ធំ ផ្សេង​ៗ​នោះឡើយ គឺ​លោក​ហាក់​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ខ្ពស់​បំផុត ដោយសារ​តែ​រូបរាង​ធំ​សមសួន​ជា​បុរស ស្លៀកពាក់​អ្វី​មើលទៅ​ក៏​សម ជា​ហេតុ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​តែង​កើត​មាន​ចំណាប់អារម្មណ៍​លើ​លោក​ច្រើន​គួរសម ។

លោក​ជា បញ្ញា​រ៉ា បន្ត​ថា បើ​ទោះ​បី​ជា​ពុំ​មាន​មាន​អ្នក​ចាប់អារម្មណ៍ ឬ​គាំទ្រ​ក៏​ដោយ ក៏​លោក​ពេញចិត្ត​ចំ​ពោះ​រូបរាង​កាយ​របស់​ខ្លួនឯង នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។

សារ​មួយ​ឃ្លា​របស់​បុរស​ទាំង​២​នាក់ នោះ​ថ្លែង​ទៅ​កាន់​អ្នក​ដែល​មាន​រាង​ស្គម ប្រសិនបើ​ចង់បាន​រូបរាង​ស្អាត មាន​សាច់​ដុំធំ​ៗ ដូច​ពួក​លោក​សូម​ព្យាយាម​អំណត់​អត់ធ្មត់​ឱ្យ​បាន​ច្រើន និង​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ ព្រោះ​វា​មិនមែន​ជួយ​ឱ្យ​រាង​កាយ​ស្អាត​តែ​មួយ​មុខ​ទេ តែ​វា​ក៏​ជា​ជ្រុង​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ថែទាំ និង​ថែរក្សា​សុខភាព​របស់​មនុស្ស​ឱ្យ​នៅ​ល្អ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ