ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះគ្រាន់តែដើមខែកក្កដាទេ… មើលការរង​គ្រោះដោយ​​​ជំនន់ទឹកភ្លៀង​នៅ​បណ្តាខេត្ត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨​នេះ ជំនន់​ទឹកភ្លៀង​ទូ​ទាំង​ប្រទេស​បាន​បណ្ដាលឱ្យ​ខេត្ត​ព្រះ​សីហ​នុ កំពត…

រាជធានី​ភ្នំពេញ ៖ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨​នេះ ជំនន់​ទឹកភ្លៀង​ទូ​ទាំង​ប្រទេស​បាន​បណ្ដាលឱ្យ​ខេត្ត​ព្រះ​សីហ​នុ កំពត កោះ​កុង កំពង់ស្ពឺ និងបាត់ដំបង សរុប​មាន​១២​ស្រុក ដែល​មានប្រជាពលរដ្ឋ​សរុប​៣.៨២៦​គ្រួសារ​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ចំនួន​១.០៧៩គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ។

នៅ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​ដែរ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​៦​ខ្នង សាលារៀន​៨​កន្លែង វត្ត​២ និង​វិហារ​ខ្មែរ
​អ៊ិ​ស្លា​ម​២ ។ ក្រៅពី​នេះ បាត់គោ​១៤​ក្បាល ទឹក​ជន់​លិច​ដីស្រែ​ចម្ការ​សរុប​៣.៩២៥ហិ​កតា ក្នុង​ចំនួន​នេះ​ខូច​ខាត​​៤៣​ហិ​កតា ស្ពាន​១​ក្នុង​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​៧ ខូចខាត​២ បាត់​ទូក​២​គ្រឿង ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ខេត្ត​ទាំង​៥​មាន ខេត្តកំពត កោះកុង និង​កំពង់ស្ពឺ រង​ប៉ះពាល់​ខ្លាំង​ជាងគេ ពីព្រោះ​ទឹក​ទើបតែ​ជន់​លិច ខណៈ​ដែល​ខេត្ត​ដទៃ​ទៀត​ទឹកបាន​ស្រក ។រីឯ​ទឹក​ហូរ​ជន់​លិច​ផ្លូវ​នេះ​ដែរ ផ្លូវលំ​មួយ​ចំនួន​ដែល​មាន​ពី​៧០​ទៅ​៨០​ខ្សែ ក៏​រង​ផល​ប៉ះពាល់​ដែរ ។ បញ្ហា​នេះ​ក្រសួង​ជំនាញ​បាន​ចុះ​ពិនិត្យ​ហើយ តែ​ការ​វាយតម្លៃ​ទំហំ​នៃ​ការ​ខូចខាត​គឺ​នៅ​ពេល​ដែល​ទឹក​ស្រក​អស់ ទើប​វាយតម្លៃ​បាន ។

ក្រៅពី​ខេត្ត​ទាំង​៥​ខាងលើ ក៏​មាន​ខេត្ត​មួយចំនួន​ទៀត​រង​ការ​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​បន្តិចបន្តួច​ដែរ​ដូច​ជា ប៉ៃលិន កែប និងរតនគិរី ។ ជាមួយ​គ្នា​នេះ ខេត្ត​ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផងដែរ ដោយសារ​ទឹកទន្លេ​មេគង្គ​កើនឡើង​ច្រើនបណ្ដាល​មក​ពី​ប្រព័ន្ធ​រង​សម្ពាធ​ទាប ធ្វើ​ឱ្យ​មាន
ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​លើ ។ ដូច្នេះដើម្បី​ចៀសវាង​ជាយថាហេតុ​ណាមួយ ក្រសួងពាក់ព័ន្ធ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន បាន​ចេញ​សេចក្ដី​ប្រកាស ឬ​ជូន​ជា​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​មុន ។

លោក កែវ វី បញ្ជាក់​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ​ទេ ដោយសារ​កម្ពស់​ទឹក​នៅ​មិន​ទាន់​ឡើង​ដល់​ចំណុចត្រូវ​ប្រកាស​អាសន្ន ហើយ​កម្ពស់​ទឹក​អាច​ឡើង​ពី​២​ទៅ​៣​ម៉ែត្រ​ទៀត អាច​ដល់​ចំណុច​ត្រូវ​ប្រុងប្រយ័ត្ន ។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​ធ្លាប់​ចេញ​សេចក្ដី​ប្រកាស​រួច​មក​ហើយ ចំពោះ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ទំនាប​ទន្លេមេគង្គ​លើ ត្រូវ​រួសរាន់​ប្រញាប់​ប្រមូល​ផល កុំឱ្យ​មានការ​ខូចខាត​ច្រើន​ពេល​ទឹក​ជន់​ឡើង​ធំ ។

ទឹក​ជន់​ឡើង​តាម​ដងព្រែក អូរ តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ភាគច្រើន​មក​ពី​ទឹកភ្លៀង ហើយ​ទន្លេមេគង្គ​លើ​ដែល​នៅ​កម្ពុជា​ឡើង ជា​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ពី​អាង​ទន្លេមេគង្គ ពី​ប្រទេស​ថៃ និង​ឡាវ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​ឡើង​ពី​១០​សង់ទីម៉ែត្រ​ទៅ​៥០​សង់ទីម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ។ទឹកទន្លេ​មេគង្គ​នឹង​ចាប់ផ្ដើម​ស្រក​ទៅ​វិញ​នៅ​ដើមខែតុលា ។ ចំពោះ​វិធានការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ អាជ្ញាធរ
មូលដ្ឋាន​ក៏​ដូច​ជា​រាជរដ្ឋាភិបាល បាន​ត្រៀមកម្លាំងបម្រុង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជា​មុន​គ្រប់​ម​ធ្យោ
បាយ នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង មាន​ស្បៀង​និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន ។

គួរ​រំឭក​ថា ដើម្បី​ឆ្លើយ​តប​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​បង្ការ​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​ដូច​ជា ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ ដែល​អាច​កើត​មាន​តាម​ការ​ព្យាករ​របស់​ក្រសួង​ជំនាញ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​និង​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ ផលដំណាំ​និង​អាយុជីវិត ៕ ​

អត្ថបទសរសេរ ដោយ