រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៥ មីនា ២០១១ សាលាខណ្ឌដូនពេញ បានបង្កើតគណៈកម្មការចម្រុះដឹកនាំដោយលោកហែម ឫទ្ធី នាយករងរដ្ឋបាលខណ្ឌដូនពេញ ចុះបិទការដ្ឋានសំណង់លេខ១៧ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ សង្ស័យបង្កអគ្គីភ័យឆេះផ្ទះពីរល្វែង កាលពីថ្ងៃព្រហស្បតិ៍ និងធ្វើឱ្យយុវតីម្នាក់រងរបួស ។
លោកហែម ឫទ្ធី បានឱ្យដឹងថា កាលពីថ្ងៃទី៣ មីនា ២០១១ វេលាម៉ោង៩និង៣០នាទីមានករណីអគ្គីភ័យឆាបឆេះនៅផ្ទះលេខ៧២Eo និងផ្ទះលេខ៧៣Eo ផ្លូវលេខ១៣៦ ភូមិទី១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដែលមានមនុស្សចំនួន៧គ្រួសារ កំពុងរស់នៅបង្កឡើងដោយការដ្ឋានសំណង់ដីឡូត៍លេខ១៧ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដែលមានឈ្មោះទេស អែតដា ភេទប្រុស និងឈ្មោះវាំង វណ្ណី ភេទស្រី ជាប្រពន្ធ ។ នៅថ្ងៃកើតហេតុ មេជាងបានប្រើកម្មករឱ្យរៀបចំពុម្ព ដើម្បីចាក់ធ្នឹមសំណង់ ដោយពុំមានការប្រុងប្រយ័ត្ន ធ្វើឱ្យពុម្ពដែកធ្លាក់មកលើឈ្មោះឡោ ម៉ារ៉ានី ភេទស្រីអាយុ២០ឆ្នាំ ជាសិស្ស បណ្តាលឱ្យបែកក្បាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមា ក្រោយមកខ្សែភ្លើង ដែលបានដាច់នោះក៏បានទុស្សេបង្កជាអគ្គីភ័យឆាបឆេះផ្ទះលេខ៧៣Eo រួចរាលមកដល់ផ្ទះលេខ៧១Eo ។ ក្នុងហេតុការនេះផ្ទះពីរល្វែងសង់អំពីថ្មក្រោម លើ ឈើត្រូវបានខូចខាតទាំងស្រុង គឺផ្ទះលេខ៧១Eo ដែលអ្នកជួលឈ្មោះប៉ែន ម៉ាឡា ភេទស្រី អាយុ៤១ឆ្នាំ អ្នកលក់ដូដែលជួលពីម្ចាស់ដើមឈ្មោះលី គឹមអាន ជាអ្នកសារព័ត៌មាន និងផ្ទះលេខ៧៣Eo មានម្ចាស់ឈ្មោះឡោ វ៉ាន់ថា ភេទប្រុស អាយុ៥៨ឆ្នាំ ជាអាជីវករលក់មាសនៅផ្សារអូឫស្សី ។
លោកនាយករងរដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ថា សាលាខណ្ឌដូនពេញបានចេញសេចក្តីសំរេចលេខ២១៥សសរ/អណ១ចុះ ថ្ងៃទី៤ មីនា ២០១១ សំរេចបិទការដ្ឋានសំណង់ក្បាលដីលេខ១៧ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ជាបណ្ដោះអាសន្ន ដោយមូលហេតុធ្វេសប្រហែសបង្កអោយមានរបួសស្នាមដល់មនុស្ស និងអគ្គីភ័យ កើតឡើងបណ្ដាលអោយឆេះផ្ទះលេខ៧១ និង៧៣Eo ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ