អ្វីទៅដែលហៅថាធុរៈ? ធុរៈគឺជាដំណើរជំពាក់ដោយកិច្ចនីមួយៗ ឬអាចហៅថា កិច្ចរវល់ជាប្រក្រតី។ បើនិយាយពីការងារអ្នកណាមិនដាក់ធុរៈចោល អ្នកនោះឈ្មោះថាជាមនុស្សជោគជ័យក្នុងអាជីព ។
ហេតុអ្វីបានជាហ៊ានពោលដូច្នោះ ព្រោះពាក្យថា មិនដាក់ធុរៈចោល នោះ គឺការងារណាដែលប្រារព្ធធ្វើហើយ មិនត្រូវបោះបង់ចោលទេ គឺត្រូវប្រឹងតស៊ូ ក្រាញ ននៀល ឈ្មុសឈ្មុលរកឧបាយ រកច្រកដើរទៅមុខជាដរាប គឺតស៊ូឲ្យទាល់តែការងារនោះសម្រេចផល ។
រីឯការតស៊ូចំពោះការងារដែលធ្វើនោះ គួរយកតម្រាប់តាមបែបឫសដើមស្វាយ។ តាមធម្មតាឫសស្វាយតែដុះចាក់តម្រង់ទៅទិសណាហើយ មិនចេះរាថយក្រោយទេ បើទុកណាជាវាដុះចាក់ទៅចំនឹងដុំថ្មក្ដី ដុំសិលាក្ដី ក៏វាមិនព្រមរាថយក្រោយដែរ គឺវាស៊ូក្រាញរួញបែកខ្នែងក្រញាញ់ហើយវាពង្រីកខ្លួនឲ្យធំ ឲ្យរឹងមាំប្រឹងផ្សំកម្លាំងឲ្យបានខ្លាំង យូរៗទៅក៏នឹងអាចរុញច្រានដុំថ្ម ដុំសិលានោះឲ្យរបើកបាន ។
យ៉ាងណាមិញ ការតស៊ូចំពោះការងារដែលបាននិងកំពុងធ្វើ មិនបោះបង់ចោលប្រឹងតស៊ូ ព្យាយាមដរាបដល់កិច្ចការនោះបានសម្រេចប្រយោជន៍ដល់ខ្លួនក៏យ៉ាងនោះដែរ ។
ចែករំលែកព័តមាននេះ