ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊ឺរ៉ែន ឆេះទីណាមិនឆេះ​ មកឆេះលើសាឡាងកំពុងឆ្លង… ហួស​ចិត្ត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកដំណើរ​លើ​សាឡា​ង​ជា​ច្រើន​នាក់​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ខណៈ​រថយន្ត​ស៊ី​រ៉ែ​នរបស់​​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ទំនងជា​ឆ្លង​ចរន្ត​ភ្លើង​ បាន​ឆេះ​ចេញ​ជា​អណ្តាតភ្លើង ។ ពេល​នោះ​ក្រុម​កម្មករ​សាឡា​ង​ បាន​យកបំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ តែ​មិន​រលត់…

ខេត្តកណ្តាល ៖ អ្នកដំណើរ​លើ​សាឡា​ង​ជា​ច្រើន​នាក់​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ខណៈ​រថយន្ត​ស៊ី​រ៉ែ​នរបស់​​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ទំនងជា​ឆ្លង​ចរន្ត​ភ្លើង​ បាន​ឆេះ​ចេញ​ជា​អណ្តាតភ្លើង ។ ពេល​នោះ​ក្រុម​កម្មករ​សាឡា​ង​ បាន​យកបំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ តែ​មិន​រលត់ លុះ​សាឡា​ង​បើក​ដល់​ច្រាំង អ្នក​ដំណើរ​លើ​សាឡា​ង​ទាំងអស់​ ក៏​នាំ​គ្នា​រុញ​រថយន្ត​នោះ​ចូល​ទឹក​​ទើប​រលត់ រួច​ហើយ​សណ្តោង​រថយន្ត​ពី​ក្នុង​ទឹក​មក​ដាក់​លើគោក​វិញ ។

ហេតុការណ៍​ដែល​កម្រ​នេះ បាន​កើត​មាន​កាលពី​​ថ្ងៃ​២០ ​កក្កដា វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ស្ថិត​នៅ
​លើ​សាឡា​ង​ឈ្មោះ​វិស្ណុ​ ស្ថិត​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ។ តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​នោះ រថយន្ត​ស៊ី​រ៉ែ​ន​ខាងលើ​បាន​ឆ្លង​ពីត្រើយ​ខាង​ភ្នំពេញ​ មក​ត្រើយ​ខាង​អរិយ​ក្សត្រ​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត ។ លុះ​នៅ​ចម្ងាយ​ប្រមាណ​៤០០ ​ទៅ​៥០០​ម៉ែត្រ​ទៀត ដល់​ច្រាំង លោក​នាយ​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​ខ្សាច់កណ្តាល ដែល​ជា​អ្នក​បើករថយន្ត​នោះក៏​បាន​បញ្ឆេះ​រថយន្ត​ ដើម្បី​ត្រៀម​​បើក​ចេញពី​សាឡា​ង ។

ប្រភព​ព័ត៌មានឱ្យ​​ដឹង​ទៀត​ថា ខណៈនោះ​ស្រាប់តែ​រថយន្ត​ឆ្លងភ្លើង​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​ និង​ហុយផ្សែង​ទ្រលោម ធ្វើ​ឱ្យ​អ្នកដំណើរឆោឡោ​ពេញ​សាឡា​ង ​ដោយ​អ្នកខ្លះ​ប្រុង​លោត​ចូល​ទឹក​ថែម​ទៀត​ផង ។ ពេល​នោះ ក្រុម​កម្មករ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​តែ​មិន​រលត់ លុះ​សាឡា​ង​បើក​មក​ដល់​ក្បែរ​ច្រាំង​​អ្នកដំណើរ​នៅ​លើ​សាឡា​ង​ ក៏​នាំ​គ្នា​រុញ​រថយន្ត​ចូល​ទឹក​ទើប​រលត់ រួច​ហើយ​សណ្តោង​រថយន្ត​ពី​ក្នុង​ទឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ។

ទោះបីជា​បែប​ណា ករណី​ខាងលើ​នេះ​ មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ គឺ​ខូចខាត​តែ​រថយន្ត​១​គ្រឿង​នេះ​ប៉ុណ្ណោះ ។ រថយន្ត​ដែល​ឆេះ​នេះ ម៉ាក​កាម​រី​គូទ​ហើម អាច​ស៊េរី​ឆ្នាំ​១៩៩២ ​ឬ​១៩៩៣ ៕

អត្ថបទសរសេរ ដោយ