ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បា​ល​ព្រៃ​ឈើ​​សហ​ការ​ជាមួយ​ប៉េ​អឹម​ខេត្ត​បង្ក្រាប​ឈើ​គ្រញូង​តាម​ផ្លូវ​ទឹក

15 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ កំលាំង​ប៉េ​អឹម​ក្រុង-​ស្រុក និង​ស្នាក់​ការ​សន្តិ​សុខ​ បាន​សហ​ការ​ជាមួយ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​សេសាន​ចុះ​បង្ក្រាប​កាណូត​ប្រភេទ​ស៊ី​ឃេ​ ដឹក​ឈើ​គ្រញូង​តាម​ដង​ទន្លេ​ទាំង​ថ្ងៃ​ ទាំង​យប់​តាម​ទន្លេ​​​សេ​សាន​ និង​សេកុង​។ ការ​ដឹក​ជញ្ជូន​មិន​ឈប់​ឈរ​​នេះ​ដោយ​សារ​តម្លៃ​ហាង​ឆេង​ឈើ​គ្រញូង​បាន​ថ្លៃ​ ធ្វើ​ឱ្យ​ឈ្មួញ​ជា​ច្រើន​នាំ​គ្នា​សំរុក​ប្រមូល​ទិញ​តាម​តំរូវ​ការ​របស់​ថៅ​កែ​វៀត​ណាម​។

តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​ឈើ​គ្រញូង​ជាចំនៀរ​ ដែល​គេ​អារ​ច្រៀក​ជា​សន្លឹក​​​ភាគច្រើន​​នៅ​ស្ទឹង​ត្រែង​​​គេ​និយម​ហៅ​ថា (ប៉ាក​កេ​)​ ដែល​​ជា​ឈើ​ទុក​សំរាប់​តែ​ដុត​ដាំ​បាយ​​ហូប​ទៅ​ហើយ​ គឺ​អាច​លក់​បាន​តម្លៃ​៣.០០០​ទៅ​៤.០០០​រៀល​​ក្នុង​មួយ​គីឡូ​ក្រាម​​។ ចំពោះ​ទី​ផ្សារ​ឈើ​គ្រញូង​នៅ​តំបន់​ស​ គឺ​លក់​បាន​​តម្លៃ​៤.០០០​ទៅ​៤.៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប​ រី​ឯ​ប្រភេទ​គ្រញូង​ជា​កូន​ក្រឡឹង​​មាន​មុខ​​កាត់​​មួយ​តឹក​បួន​ជ្រុង​ប្រវែង​ប្រាំ​មួយ​តឹក​ឈ្មួញ​កណ្តាល​ក្នុង​ខេត្ត​ឱ្យ​តំលៃ​៦.០០០​ទៅ​៧.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ តែ​ពេល​ទៅ​ដល់​វៀត​ណាម​តំលៃ​៥.០០០​ទៅ​៥.៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប ហើយ​ឈើ​ប្រភេទគ្រញូងដែលមានមុខកាត់៣០×៤០ប្រវែង​​ពីរ​ម៉ែត្រ មាន​តំលៃ​រហូត​​ជាង​មួយ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។

នៅ​ថ្ងៃ​ទី​១២ មីនា ​ចាប់​តាំង​ពី​ព្រឹក​គេ​សង្កេត​ឃើញ​កាណូត​ស៊ី​ឃេ ​​ផ្ទុក​ទៅ​ដោយ​ឈើ​គ្រញូង​​ច្រក​ក្នុង​ការុង​យ៉ាងច្រើន​ដឹក​មក​ពី​ស្រុក​​សេ​សាន​ តាម​ភូមិ​មួយ​ចំនួន​ចូល​មក​កំពង់​ផែ​ខេត្ត​។ ​នៅ​ល្ងាច​​ថ្ងៃ​ដដែល ​កំលាំង​ប៉េ​អឹម​ និង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើបាន​ចុះ​បង្ក្រាប​​ចាប់​កាណូត​បាន​ចំនួន​បួន​គ្រឿង​ តែ​រត់​រួច​អស់​ចំនួន​៣​គ្រឿង​នៅ​សល់​តែ​មួយ​គ្រឿងបញ្ជូន​ទៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កសាង​សំណុំ​រឿង​ និង​រក្សា​វត្ថុ​តាង​។ ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​កំលាំង​ជំនាញ​ និង​ប៉េ​អឹម​ស្រុក​-ក្រុង​ និង​ស្នាក់​ការ​បង្ក្រាប​នោះ​ មាន​បុរស​ម្នាក់​បាន​មក​អះ​អាង​ថា ឈើ និង​កាណូត​​ស៊ីឃេ​ នេះ​ជា​របស់​គាត់។ គាត់​រក​ស៊ី​ដឹក​ឈើ​គ្រញូង​តាម​កាណូត​ស៊ី​ឃេ ​​ប៉ុណ្ណឹង​បើ​សមត្ថ​កិច្ច​ចង់​ចាប់​យក​ទៅដល់​ណា​ក៏​យក​ចុះ​ ទោះ​បី​​ចូល​តុលាការ​ចូល​គុក​ក៏​គាត់​មិន​ខ្លាច​ដែរ​ ៕