ខេត្ដប៉ៃលិន ៖ ដើម្បីរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈការបោះឆ្នោតថ្នាក់ ជាតិខិតជិតមកដល់ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្រាប់តែប្រទះឃើញមានកាំភ្លើងខ្លី១ដើមរបស់មន្ត្រីយោធាម្នាក់ អត់មានលិខិតបេសកកម្មប្រើប្រាស់ និងបន្តឃាត់បានគ្រឿងញៀន១កញ្ចប់ផងដែរ ។ ហេតុការណ៍ចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក ស៊ុម សុផល ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា សមត្ថកិច្ចនគរបាលចម្រុះបានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ចរាចរណ៍ និងគ្រឿងញៀននៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូតាវៅ ក្រុងប៉ៃលិន ។
រហូតមកទល់រសៀលថ្ងៃខែឆ្នាំដដែល ក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យបានដកហូតអាវុធខ្លី K45 ០១ដើម គ្មានលិខិតបញ្ជាក់ ជារបស់មន្ត្រីយោធាធ្វើការនៅខេត្តបន្ទាយមានជ័យម្នាក់ ។ ក្រោយមកទៀត ខាងនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន រួមជាមួយម៉ូតូ០១គ្រឿង ថ្នាំញៀន០១កញ្ចប់ និងផាកពិន័យរថយន្តចំនួន០២គ្រឿងជិតផុតកំណត់ ។
លោកបញ្ជាក់ថា បន្ទាប់ពីពិភាក្សាជាមួយក្រុមការងារបញ្ជាការឯកភាពរួចមក ក៏សម្រេចប្រគ ល់កាំភ្លើងខ្លីនោះជូនទៅមន្ត្រីយោធាម្នាក់នោះវិញ រីឯជនសង្ស័យប្រើប្រាស់គ្រឿងញៀនត្រូវបាននគរបាលបញ្ជូនទៅធ្វើកំណត់ហេតុសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ