ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មានធម៌​៤​យ៉ាង​បាន​នាម​ថា​សប្បុរស

5 ឆ្នាំ មុន

ទ្រឹស្តី​ពុទ្ធសាសនា​តែង​ប្រដៅ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ និង​លោក​ខាង​មុខ​តរៀង​ទៅ​។ ទ្រឹស្តី​ទាំងនេះ​រួម​នៅ​ត្រឹម​គោល​ធម៌​៤​យ៉ាង​គឺៈ ១-​សប្បុ​រិ​សូប​សំ​សេវៈ សេពគប់​សប្បុរស គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ…

ទ្រឹស្តី​ពុទ្ធសាសនា​តែង​ប្រដៅ​មនុស្ស​មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ចាក់​ដោត​គ្នា មិន​ឱ្យ​ចងពៀរ​គ្នា និង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ និង​លោក​ខាង​មុខ​តរៀង​ទៅ​។ ទ្រឹស្តី​ទាំងនេះ​រួម​នៅ​ត្រឹម​គោល​ធម៌​៤​យ៉ាង​គឺៈ

១-​សប្បុ​រិ​សូប​សំ​សេវៈ សេពគប់​សប្បុរស គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី

២- សទ្ធម្ម​ស្សវនៈ ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ដោយ​គោរព

៣-​យោនិសោមនសិកា​រៈ ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ

៤- ធ​ម្មា​នុ​ធម្មប្បដិបត្តិ ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ហើយ​។

សប្បុរស​ក្នុង​ទី​នេះ​លោក​សំដៅយក​បុគ្គល​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ប៉ុន្តែ​សម្រាប់​ក្នុង​ទី​ដទៃ​លោក​សំដៅយក​បុគ្គល​អ្នកមាន​សន្តាន​ចិត្តស្ងប់​រម្ងាប់​ក៏​មាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ​បុគ្គល​ដែល​នឹង​បាន​នាម​ថា សប្បុរស​នោះ​គឺជា​មនុស្ស​ល្អ អ្នក​ប្រព្រឹត្ត​តែ​អំពើ​សុចរិត សូ​ម្បី​តាម​រូប​ស័ព្ទ​ក៏​បាន​កំណត់​យក​ថា បុរស​ល្អ ឬ​មនុស្ស​ល្អ​។ ពាក្យ​ថា​ល្អ​នោះ គឺ​មនុស្ស​មិនអាក្រក់ ពោល​គឺ​មិន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ សេចក្តី​នាំ​ឱ្យ​វិនាស ជា​អ្នក​ប្រព្រឹត្ត​ល្អគួរ​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង បុគ្គល​ប្រភេទ​នេះ​ហៅ​ថា សប្បុរស​។

ពាក្យ​ថា សេពគប់​ក្នុង​ទី​នេះ​អ្នក​សិក្សា​គប្បី​ជ្រាប​ថា មិនមែន​សេពគប់​ដោយ​ឋានៈ ជា​មិត្តភក្តិ ពួកម៉ាក​នោះ​ទេ​។ លោក​សំដៅយក​ការ​សេពគប់​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ឋានៈ​ជា​គ្រូអាចារ្យ ដែល​គួរ​គោរព​បូជា​។
ពាក្យ​ថា ស្តាប់​ពាក្យ​ប្រដៅ​របស់​លោក​ដោយ​គោរព​នោះ​គឺ​តាំងចិត្ត​ស្តាប់​ក្នុង​ពេល​ដែល​កំពុង​ស្តាប់​មិន​បញ្ជូន​ចិត្ត ឱ្យ​រាយមាយ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ៗ ហើយ​ត្រូវ​តម្រង់​ចិត្ត​ឱ្យ​មានដំណើរ​ឆ្ពោះទៅ​កាន់​ក្រសែ​នៃ​សេចក្តី​នោះ​តែ​ប៉ុណ្ណោះ នេះ​ឈ្មោះ​ថា ស្តាប់​ដោយ​គោរព ។

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​លោក​ឱ្យ​ត្រិះ​រិះ​ពិចារណា​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ត្រិះ​រិះ​ដោយ​វិចារណញ្ញាណ​យ៉ាង​សុខុម ពោល​គឺ​កាលបើ​បាន​ស្តាប់​ពាក្យ​ប្រៀនប្រដៅ​ហើយ គប្បី​ត្រិះ​រិះ​ពិចារណា​ថា គួរ​ប្រតិបត្តិ​ធម៌​នោះ​យ៉ាងដូចម្តេច​ទើប​សមគួរ​ដល់​តួនាទី​របស់​ខ្លួន​។

នៅ​ពេល​ពិចារណា​ឃើញ​ហេតុផល​ច្បាស់​ប្រាកដ​ហើយ ត្រូវ​អនុវត្ត​ជាក់ស្តែង​តាម​ឧបាយ​នោះ​ពោល​គឺ បុគ្គល​ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​អបាយ​គប្បី​រៀន​លះ​កម្ម​ចាស់​(​សំដៅ​អំពើអាក្រក់​)​នោះ​ចោល ហើយ​ទាញ​ចិត្ត​ងាក​មក​រក​ផ្លូវ​សុចរិត​វិញ ។

ចំណែក​អ្នក​ដែល​ធ្លាប់តែ​ធ្វើ​សេចក្តី​ល្អ​ស្រាប់​ហើយ ត្រូវ​តាំងចិត្ត​ឱ្យ​មាំ​ឆ្ពោះទៅ​រក​ផ្លូវត្រូវ​ឱ្យ​កាន់តែ​មុត​គត់​ថែម​ទៀត​។