ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​តាម​រថយន្តក្រុង ៖ បទ​ពិសោធន៍​ល្អ និង​អាក្រក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ប្រទេស​ថៃ​ជា​ប្រទេស​ជិតខាង​នឹង​គ្នា ដែល​ប្រជាពលរដ្ឋ​ទាំង​​ពីរ ប្រទេស​អាច​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​មក​តាម​មធ្យោបាយ​ជា​ជើងហោះហើរ និង​តាម​​រថយន្តក្រុង​ជាដើម សម្រាប់​ដំណើរ​កំសាន្ត​ទេសចរណ៍​សុខភាព និង​ការ​ធ្វើ​ជំនួញ​។ យ៉ាងណាមិញ​ជំរើស​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ប្រទេស​ថៃ​ជា​ប្រទេស​ជិតខាង​នឹង​គ្នា ដែល​ប្រជាពលរដ្ឋ​ទាំង​​ពីរ ប្រទេស​អាច​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​មក​តាម​មធ្យោបាយ​ជា​ជើងហោះហើរ និង​តាម​​រថយន្តក្រុង​ជាដើម សម្រាប់​ដំណើរ​កំសាន្ត​ទេសចរណ៍​សុខភាព និង​ការ​ធ្វើ​ជំនួញ​។

យ៉ាងណាមិញ​ជំរើស​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ គឺ​មាន​ទាំង​បទ​ពិសោធន៍​ល្អ​ៗ និង​បទ​ពិសោធន៍​មិនល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ពី​កម្ពុជា​ទៅ​ថៃ និង​ពី​ថៃ​មក​កម្ពុជា ។ សម្រាប់​អត្ថបទ​មួយ​នេះ យើង​នឹង​លើកយក​នូវ​ចំណុច​វិជ្ជមាន និង​អវិជ្ជ​មាន​ពី​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ សុខភាព​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ដូច្នេះ​លោក​អ្នក​អាច​ធ្វើការ​សម្រេចចិត្ត​មួយ​បាន​ត្រឹមត្រូវ​ថា​ជម្រើស​មួយ​ណា​ល្អ​សម្រាប់​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ដំណើរ​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ ។

អ្នក​នាង វង្ស រក្សា ដែល​តែងតែ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក តាម​រថយន្តក្រុង បាន​ឲ្យ​ដឹង ថា សម្រាប់​ការ​ចុះឡើង​ពិនិត្យ​សុខភាព ក៏​ដូច​ជា​ការ​បន្ត​ការ​រក្សា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ នា​ជាយក្រុង​បាងកក អ្នក​នាង​អះអាង​ថា ចំណុច​ពិសេស​មួយ​នៃ​ការ​ធ្វើ​ដំណើរ​​តាម​ឡានក្រុង​នោះ គឺ​ការ​ចំណាយ ទាប​មែនទែន បើ​ប្រៀបធៀប​នឹង​ការ​ចំណាយ​​តាម​រយៈ​ជើងហោះហើរ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ ។

ក -ចំណុច​វិជ្ជមាន​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ភ្នំពេញ​-​បាងកក​តាម​រយៈ​ឡានក្រុង ៖

១ – ចំំ​ណាយ​តិច ៖ តម្លៃ​សំបុត្រ​ឡានក្រុង​ធូ​ថ្លៃ ៖ (​ប្រមាណ​ពី ២១-២៥ ដុល្លារ​សហរដ្ឋ អា​មេ​រិ​ក​) សម្រាប់ one-way trip ។

២ – គ្មាន​ភាព​ស្មុគស្មាញ​នៃ​នីតិ​វី​ធី​ឆ្លង​ព្រំដែន ៖ ជា​ធម្មតា​ឡានក្រុង​នឹង​ទម្លាក់​អ្នកដំណើរ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ បន្ទាប់​មក​អ្នកដំណើរ​មិន​ចាំបាច់​បំពេញ​ឯកសារ​អ្វី​នោះ​ទេ គឺ​លោក​អ្នក​នឹង​ដើរទៅ​តម្រង់​ជួរ​សម្រាប់​ឲ្យ​សមត្ថកិច្ច​ថៃ​ត្រួតពិនិត្យ​លិខិត​ឆ្លង​ដែន និង​វ៉ៃ​ត្រា​អនុញ្ញាតិ​ជូន​លោក​អ្នក ។ បន្ទាប់​មក​ភ្នាក់ងារ​ខាង​ក្រុមហ៊ុន​ឡានក្រុង​នឹង​រៀបចំ​ឲ្យ​អ្នកដំណើរ​ធ្វើ​ដំណើរ​ជាមួយនឹង​រថយន្ត​ថៃ ១២ កៅអី​ពី​ផ្សារ​រ៉ុ​ង​គ្រឿ​ថៃ រួច​បន្ត​ដំណើរ​ទៅ​ទីក្រុង​បាងកក​តែ​ម្តង ។

៣ – ទស្សនា​ទេសភាព​តាម​ដងផ្លូវ ៖ បើ​លោក​អ្នក​ជ្រើសរើស​ធ្វើ​ដំណើរ​នៅ​ពេល​ថ្ងៃ (​ចេញពី​ភ្នំពេញ​ម៉ោង ៨ ព្រឹក និង​ទៅ​ដល់​បាងកក​នៅ​អំឡុង​ម៉ោង ១០ យប់​) ។ ដូច្នេះ​ឡានក្រុង​នឹង​ឈប់​តាម​ដងផ្លូវ (Rest Area) ៣ ទៅ ៤ កន្លែង​ផ្សេង​ពី​គ្នា ដែល​ជា​ឱកាស​សម្រាប់​លោក​អ្នក​សម្រួល​ឥរិយា​បទ និង​ភ្លក់​រសជាតិ​អាហារ​តាម​តំបន់​ទាំងនោះ​ផង​ដែរ ជា​ពិសេស​លោក​អ្នក​ក៏​អាច​គយគន់​ទេសភាព​តាម​ដងផ្លូវ​នៅ​តាម​បណ្តា​ខេត្ត​នៅ​កម្ពុជា និង​ប្រទេស​ថៃ​ផង​ដែរ ។

យ៉ាងណាមិញ​សម្រាប់​បទ​ពិសោធន៍​របស់​អ្នក​នាង រក្សា គឺ​អ្នក​នាង​តែងតែ​ជ្រើសរើស ការ​ធ្វើ​ដំណើរ​ពេល​យប់ (​ចេញពី​ភ្នំពេញ​ម៉ោង ៨៖០០ នាទី​យប់ នឹង​ទៅ​ដល់​បាងកក​នៅ​វេលា​ម៉ោង ៦៖០០​នាទី​ព្រឹក​) អ​ញ្ចឹ​ង​លោក​អ្នក​អាច​គេង​លើ​ឡានក្រុង ហើយ​ភ្ញាក់​ឡើង​គឺ​ដល់​បាងកក ប្រទេស​ថៃ​តែ​ម្តង ។

៤ – ឥ​វ៉ា​ន់​អត់​មាន​កំណត់​គីឡូ ៖ ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​សម្រាប់​ការ​ឆ្លង​ប្រទេស គឺ​មានការ​កំណត់​គី​ឡួស​ម្រា​ប់​វ៉ា​លី​ស​ដែល​លោក​អ្នក​ត្រូវ​ផ្ញើ ជាក់ស្តែង​ក្រុម​ហ៊ុន​អាកាសចរណ៍​ខ្លះ គឺ​អនុញ្ញាតិ​ត្រឹម ២០ ទៅ ៣០ គីឡូក្រាម​តែ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​តាម​ឡានក្រុង​វិញ គឺ​លោក​អ្នក​អាច​យក​វ៉ា​លី​សបាន​ដល់​ទៅ ៣ ឬ​ច្រើន​ជាង​នេះ ដូច្នេះ​លោក​អ្នក​អាច​ទិញ​ឥ​វ៉ា​ន់​ពី​ទីក្រុង​បាងកក​បាន​ច្រើន ។

ខ – ចំណុច​អវិជ្ជមាន​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ភ្នំពេញ​-​បាងកក​តាម​រយៈ​ឡានក្រុង ៖

១ – ចំណាយពេល​យូរ ៖ ការ​ធ្វើ​ដំណើរ​តាម​ឡានក្រុង​ពី​ភ្នំពេញ​ទៅ​បាងកក គឺ​មាន​រយៈ​ពេល​​ប្រមាណ​ជាង ១០ ម៉ោង ដូច្នេះ​លោក​អ្នក​អាច​នឹង​ធុញទ្រាន់​នឹង​ការ​អង្គុយ​យូរ​ពេក​លើ​ឡានក្រុង ។ វា​កាន់តែ​អាក្រក់​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ឡានក្រុង ប្រសិនបើ​លោក​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​ទទួល​ការ​ព្យាបាល​ឆាប់​ៗ ។

២ – ត្រូវ​ឈរ​តម្រង់​ជួរ​យូរ​នៅ​ច្រកព្រំដែន ៖ ការ​ធ្វើ​ដំណើរ​តាម​ឡានក្រុង លោក​អ្នក​តម្រូវ​ឲ្យ​ចុះ​ដើរ​ដើម្បី​ឆ្លង​ព្រំដែន​ពី​ប៉ោយ​ប៉ែ​ត ទៅ​កាន់​ទឹកដី​ប្រទេស​ថៃ ដូច្នេះ​ត្រូវ​ឈរ​តម្រង់​ជួរ​យូរ​ម៉ោង​ក្រោម​កំ​ដៅ​ថ្ងៃ (​បើសិនជា​ធ្វើ​ដំណើរ​ពេល​ថ្ងៃ​) ជា​ពិសេស​ការ​ជ្រើសរើស​ធ្វើ​ដំណើរ​នា​ចុង​ស​ប្តា​ហ៍​តាម​ឡានក្រុង​គួរតែ​ជៀសវាង ព្រោះ​អ្នក​អាច​ត្រូវ​ឈរ​តម្រង់​ជួរ​ជាមួយ​ហ្វូង​មនុស្ស​រាប់រយ​នាក់ ព្រោះ​ភាគច្រើន​អ្នក​ទេសចរណ៍​ថៃ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ពេល​ព្រឹក ហើយ​ល្ងាច​វិល​ត្រឡប់​ទៅ​វិញ អ​ញ្ចឹ​ង​អ្នក​ត្រូវ​ឈរ​តម្រង់​ជួរ​យ៉ាង​វែង ហើយ​ប្រឈម​នឹង​ក្លិន​មិនសូវ​ល្អ​ពីក្រោម​ស្ពាន​ផង​ដែរ ។

៣ – ត្រូវ​កាន់​ឥ​វ៉ា​ន់​រញ៉េរញ៉ៃ​ច្រើន ៖ ដំណើរ​ឆ្លង​ព្រំដែន​ពី​បាងកក​មក​កម្ពុជា​វិញ គឺ​ពិបាក សម្រាប់​លោក​អ្នក​ដែល​ជាវ​ឥ​វ៉ា​ន់​ច្រើន​វ៉ា​លី​ស ព្រោះ​អ្នក​ត្រូវ​អូស​ឥ​វ៉ា​ន់​យ៉ាងច្រើន​តាម​ខ្លួន​អ្នក ឬ​ត្រូវ​តាម​មើល​ឥ​វ៉ា​ន់​ដើម្បី​កុំ​ឲ្យ​មានការ​បាត់បង់ ខណៈ​ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ គឺ​លោក​អ្នក​អាច​ផ្ញើ​វ៉ា​លី​ស​ធំ​បាន​ចំនួន ១ ឬ ២ តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​ហោះហើរ​នីមួយ​ៗ ។

អ្នក​នាង​វង្ស រក្សា យ៉ាងណាមិញ​ជូន​ជា​យោបល់​ថា ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង គឺ​ល្អ​សម្រាប់​អ្នកមាន​សុខភាព​ល្អ ឬ​មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ ព្រោះ​ករណី​របស់​អ្នក​នាង​ពេល​ត្រូវ​ឡើង​ទៅ​វះកាត់​ស្បូន នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​បាងកក គឺ​អ្នក​នាង​ជ្រើសរើស​មធ្យោ​បាយ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ ព្រោះ​ខាង​មន្ទីរពេទ្យ​ក៏​បាន​រៀបចំ​ទទួល​អ្នក​នាង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ​តែ​ម្តង ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា និង​ប៉ះពាល់​សុខភាព​មុន​ពេល​ទទួល​ការ​វះកាត់​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ