ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​នៅ​ភ្នំពេញ​កើន​ជាង​16%​ក្នុង​ឆមាស​ទី​1

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​រាជធានី​ភ្នំពេញ មាន​ចំនួន​៧៥.៣៩១​នាក់ កើនឡើង​ប្រមាណ​១៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧​កន្លង​ទៅ ខណៈ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១៩៩.១៤៦​នាក់ ថយ​ចុះ​៤២,៦%…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​រាជធានី​ភ្នំពេញ មាន​ចំនួន​៧៥.៣៩១​នាក់ កើនឡើង​ប្រមាណ​១៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧​កន្លង​ទៅ ខណៈ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១៩៩.១៤៦​នាក់ ថយ​ចុះ​៤២,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​រាជធានី​ភ្នំពេញ​មានការ​កើនឡើង ខណៈ​ដែល​ទូ​ទាំង​រាជធានី​ភ្នំពេញ មាន​សេវាកម្ម​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​សរុប​ចំនួន​៣.១៥៩​កន្លែង រួម​ទាំង​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​ៗ​ចំនួន​១៥​កន្លែង ហើយ​រមណីយដ្ឋាន​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាងគេ​នោះ រួម​មាន ព្រះ​បរមរាជវាំង​, សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​, មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​សារមន្ទីរ​ជាតិ ជាដើម ។

លោកស្រី គឹ​ម វ​ណ្ណា មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ៖« មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ចំនួន​៣១ ក្នុង​នោះ​ផ្កាយ​១​មាន​ចំនួន​៣, ផ្កាយ​២​មាន​ចំនួន​៤, ផ្កាយ​៣​មាន​ចំនួន​១២, ផ្កាយ​៤​មាន​ចំនួន​៦ និង​ផ្កាយ​៥​មាន​ចំនួន​៦ ដែល​មាន​បន្ទប់​សរុប​ចំនួន​៣.៤៣១​បន្ទប់ សម្រាប់​បម្រើភ្ញៀវ​ទេសចរ ។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ចំនួន​១០​គោលដៅ ក្នុង​នោះ​រួម​មាន ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​, ស្ថានីយ​រថភ្លើង​, ស្ថានីយ​ដឹក​អ្នកដំណើរ​តាម​កាណូត​លឿន​, រថយន្តក្រុង​សាធារណៈ​, នាវា​ដឹក​ជញ្ជូន​អ្នកដំណើរ​ព្រែក​ព្នៅ​-​តា​ខ្មៅ​, សួនច្បារ​សាធារណៈ​, ផ្សារ​ទំនើប​, អគារ​ពាណិជ្ជកម្ម​, តំបន់​កម្សាន្ដ និង​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ជាដើម »​។

ទន្ទឹម​នឹង​នោះ លោកស្រី​ប​ន្ថេ​ម​ថា រាជធានី​ភ្នំពេញ ក៏​មាន​តំបន់​ទេសចរណ៍​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ ដូច​ជា រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​, សួនសត្វ​ភ្នំ​តា​ម៉ៅ​, រមណីយដ្ឋាន​ទន្លេបាទី​, រមណីយដ្ឋាន​ភ្នំ​ជី​សូរ​, រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ខណៈ​ដែល​ផ្លូវ​គមនាគមន៍​ទៅ​កាន់​តំបន់​ទាំង​អស់នោះ​មាន​ភាព​ងាយស្រួល ។ យ៉ាងណា​ក៏​ដោយ លោកស្រី​ថ្លែង​ថា វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ ក៏​ប្រឈម​នូវ​បញ្ហា​មួយ​ចំនួន ដែល​ត្រូវ​រួម​គ្នា​ដោះស្រាយ​ផង​ដែរ​ដូច​ជា ការ​កកស្ទះ​ចរាចរណ៍ បញ្ហា​បរិស្ថាន អនាម័យ បញ្ហា​ជនខិលខូច​មួយ​ចំនួន​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរ បញ្ហា ពេស្យាចារ និង​ការ​ចរាចរ​គ្រឿងញៀន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​រាជធានី ភ្នំពេញ ។ ប៉ុន្តែ​អាស្រ័យ​ដោយ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស វិស័យ​ទេសចរណ៍ ដោយ​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​បន្តបន្ទាប់​គួរ​ជាទី​មោ​ទ​នៈ ។

លោកស្រី​សង្កត់ធ្ងន់​ថា ៖« កត្តា​សន្តិភាព សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និង​ភាព​សម្បូរ​បែប​លើ​ធនធានធម្មជាតិ​វប្បធម៌ ក៏​ដូច​ជា​ស្ថាបត្យកម្ម ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​រាជធានី​ភ្នំពេញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ