ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ធុង មិន​ត្រឹម​តែ​​កំប្លែងទេ ចិត្ត​​សប្បុរសធម៌ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នាយ​ធុង គឺជា​តារា​កំប្លែង​វ័យក្មេង​មាន​ទម្ងន់​ប្រមាណ​២២០​គីឡូក្រាម កំពុង​តែ​ត្រដែត​ខ្លួន និង​កាក់កប​ក្នុង​ពិភព​សិល្បៈ ។  នាយ​ធុង ឈ្មោះ​ពិត​ម៉ាត់ ចាន់​ថន…

រាជធានី​ភ្នំពេញ ៖ ​នាយ​ធុង គឺជា​តារា​កំប្លែង​វ័យក្មេង​មាន​ទម្ងន់​ប្រមាណ​២២០​គីឡូក្រាម កំពុង​តែ​ត្រដែត​ខ្លួន និង​កាក់កប​ក្នុង​ពិភព​សិល្បៈ ។  នាយ​ធុង ឈ្មោះ​ពិត​ម៉ាត់ ចាន់​ថន មាន​​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ តែងតែ​បង្ហាញខ្លួន​ជា​ញឹកញាប់​តាម​ឆាក​តន្ត្រី​នានា ជា​ពិស​សេស​តាម​កម្មវិធី​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ជា​បន្តបន្ទាប់ ដ្បិត​នាយ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ចំពោះ​មាឌធំ​នេះ​តែ​ម្តង ។

ថ្លែងប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​កំប្លែង​វ័យ​២៧​ឆ្នាំ​នាយ​ធុង​បាន​ឲ្យ​ដឹង​ថា នាយ​បាន​ចាប់​អាជីព​សិល្បៈ​ប្រមាណ​ជាង​៦​ឆ្នាំ​មក​ហើយ ដោយសារ​នាយ​មាន​​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​តាំងពី​នៅ​តូច ។ ការ​ចូល​សិល្បៈ​ដំបូង​របស់​នាយ គឺ​តាម​រយៈ​អតីត​តារា​សម្តែង​ស្រី​ម្នាក់ ។

នាយ​ធុង​និយាយ​ថា «​ពី​ដំបូង​ខ្ញុំ​មិន​ចេះ​កំប្លែង​ទេ តែ​គាត់​បាន​ហៅ​អ្នកដឹកនាំ​កម្មវិធី​៩​នាទី​នៃ​​សំណើច​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​និយាយ​កំប្លែង ។ បន្ទាប់​​ពី​បាន​ចេញ​មុខ​នោះ​រួច​មក​ខ្ញុំ ក៏​បាន​ចូល​ក្លឹ​ប​ហាត់រៀន​សិល្បៈ ហើយ​ក៏​មានការ​ងារ​សិល្បៈ បន្តិច​ម្តង​ៗ​ចាប់ពី​ពេល​នោះ​មក »​។

នាយ​ធុង ពី​ដំបូង​បាន​ចូល​លេង​កំប្លែង​ជាមួយ​នាយ​សាន ម៉ៅ នាយ​សង់​សេត និង​ក្រោយ​មក​បាន​តា​ព្រីង ហៅ​ចូល​ទៅ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​បុប្ផា​ជាយ​ដែន រយៈពេល​៤​ឆ្នាំ ។

នាយ​ធុង មិន​ភ្លេចគុណ​ចេះ​លេង​កំប្លែង​ដោយសារ​បាន​ទទួល​ការ​ណែនាំ បង្ហាត់បង្រៀន​ពី​រៀមច្បង ចាស់​ៗ​ជា​ច្រើន​នាក់ ជា​ពិសេស​នាយ​សង់ ស៊ី​ស ដែល​គាត់​បាន​បង្ហាត់​បង្រៀន​មុនគេ ។

ស្នាដៃ​សិល្បៈ​របស់​នាយ​ធុង រហូត​ដល់​សព្វ​ថ្ងៃនេះ មាន​ដូច​ជា​ចូលរួម​សម្តែង​ភាពយន្ត​បាន​ប្រមាណ​៦​ទៅ​៧​រឿង ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន និង​លែង​កំប្លែង​តាម​បណ្តា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន ។ សព្វថ្ងៃ​នាយ​ធុង ជា​អ្នក​កំប្លែង​ក្នុង​ក្រុម​ជាមួយ​លោក​ខាត់ ចំរើន និង​នាយ​ស្វិត ។

នាយ​ធុង ក្នុង​នាម​ជាតា​រា​កំប្លែង​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌​ផង​ដែរ តាម​រយៈ​​ការ​ចូលរួម​ក្នុង​កម្មវិធី​«​មូលនិធិ​ប្រគំ​តន្ត្រី​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជួយ​ក្មេង​កំព្រា និង​ជួយ​ចាស់ជរា »​។ នាយ​ធុង បំពេញការងារ​នេះ​នៅ​តាម​ទី​សាធារណៈ​នា​នា​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ គេ​តែងតែ​ឃើញ​ឆាក​តន្ត្រី​អង្គាសប្រាក់​ដែល​នាយ​ធុង ចូលរួម​ម្តង​នៅ​ទី​នេះ ម្តង​នៅ​ទីនោះ គឺ​ចល័ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

មហាជន​ដែល​តែងតែ​ឃើញ​វត្តមាន​នាយ​ធុង អង្គាសប្រាក់​សប្បុរសធម៌​នៅ​តាម​ដងផ្លូវ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​នាយ និង​ក្រុមការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ