ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុជា​ច​លករ​ក្នុង​ការ​លើកកម្ពស់ការ​ប្រើប្រាស់​ប្រាក់​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ឲ្យ​កាន់តែ​ទូលំទូលាយ ស្រប​ពេល​បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកទឹកចិត្ត និង​ដាក់​បទ​ប្បញ្ញតិ​នានា​ដល់​បណ្ដា​គ្រឹះស្ថាន​ធនាគារ…

រាជធានី​ភ្នំពេញ ៖ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ឲ្យ​កាន់តែ​ទូលំទូលាយ ស្រប​ពេល​បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកទឹកចិត្ត និង​ដាក់​បទ​ប្បញ្ញតិ​នានា​ដល់​បណ្ដា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឲ្យ​មានការ​ផ្ដល់​កម្ចី និង​បញ្ញើ​ជា​ប្រាក់​រៀល ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​កាន់តែ​សម្បូរ​បែប ។

លោក ហុង ហៀ​ប នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​នៃ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​ថា ធនាគារ​របស់​លោក​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​គ្រឹះស្ថាន​ធនាគារ ដោយ​នាំ​យក​ផលិតផល​ធនាគារ​ជា​ប្រាក់​រៀល​ដ៏​សម្បូរ​បែប​ទាំង​ប្រភេទ​កម្ចី និង​ប្រាក់​បញ្ញើ​ដល់​អតិថិជន ។ លោក​ថ្លែង​ថា ៖« ការ​ទូទាត់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​ការ​បង់ពន្ធ​ជា​ប្រាក់​រៀល​ជាដើម​នោះ អតិថិជន​ពិតជា​ទទួល​បាន​នូវ​អត្ថ​ប្រ​យោន៍​ច្រើន ដូច​ជា អាច​កាត់​បន្ថយ​លើ​ការ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ប្រាក់​ចំណេញ​បាន​ច្រើន នៅ​ពេល​ដែល​ពួក​គេ​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ស្រាប់ ដោយ​កាត់​បន្ថយ​នូវ​ហានិភ័យ​ពី​អត្រា​ប្តូរ​ប្រាក់ ។ ជាមួយ​គ្នា​នេះ សម្រាប់​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល អតិថិជន​ក៏​ទទួល​បាន​អត្រា​ការ​ប្រាក់​ល្អ​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ » ។

លោក​បន្ដ​ថា ៖« ស្រប​តាម​ការ​លើកទឹកចិត្ត និង​បទ​ប្បញ្ញត្តិ​របស់​ធនាគារជាតិ​នៃ​កម្ពុជា យើង​នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​សារសំខាន់ និង​រួមចំណែក​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ទាំង​ក្នុង​វិស័យ​ធនាគារ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ទាំងមូល​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត » ។
លោក​បន្ថែម​ថា តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ ពី​សំណាក់​ធនាគារជាតិ​នៃ​កម្ពុជា ប្រាក់​រៀល​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ចរាចរណ៍​កើន​ឡើងជា​លំដាប់​នៅ​ក្នុង​ប្រទេស ដែល​នឹង​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ ។ ដោយឡែក ធនាគារជាតិ​នៃ​កម្ពុជា នឹង​មាន​លទ្ធភាព​កាន់តែ​ច្រើន ក្នុង​ការ​គ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ហើយ​ប្រសិនបើ​ប្រាក់​រៀល​ជា​រូបិយ​វត្ថុ​ចម្បង​នោះ ក៏​នឹង​លើកកម្ពស់​កិត្យានុភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​ជាតិ​ផង​ដែរ ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​បាន​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ទូលំទូលាយ​ទៅ​តាម​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នោះ​បណ្ដា​មីក្រូហិរញ្ញវត្ថុ​នានា​បាន​លើកទឹកចិត្ត​អតិថិជន​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន ។ ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន បាន​ផ្ដល់​ការ​ប្រាក់​ខ្ពស់​ចំពោះ​អតិថិជន​ណា​ដែល​យក​ប្រាក់​រៀល​មក​ដាក់​បញ្ញើ ។ លោក​ថ្លែង​ថា ៖« ការ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​ចំពោះ​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល​ទទួល​បានការ​ប្រាក់​ច្រើន​ជាង​ការ​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​ដុល្លារ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ទូលំទូលាយ » ។

គួរ​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា តែងតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង ក្នុង​នោះ​ដែរ ស្ថាប័ន​មួយ​នេះ​ក៏​តែងតែ​ធ្វើ​យុទ្ធនាការ​ស្រឡាញ់​ប្រាក់​រៀល ដោយ​ប្រកាស​ឲ្យ​សាធារណជន​ដែល​មាន​ប្រាក់​រៀល​ទក់ រហែក ឬ​ដាច់ មក​ប្តូរ​យក​ប្រាក់​រៀល​ដែល​ថ្មី​ទៅ​ប្រើប្រាស់​វិញ ។ ទាំងនេះ គឺជា​ការ​យកចិត្តទុកដាក់​មួយ​លើ​ការ​លើក​ស្ទួយ​ការ​ប្រើប្រាស់​ប្រាក់​រៀល ។ បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ធនាគារជាតិ​បាន​ចាក់​បញ្ចូល​ប្រាក់​រៀល​នៅ​ក្នុង​ទីផ្សារ​ប្រមាណ​៣,៧​ពាន់​លាន​រៀល ដែល​ស្មើនឹង​ប្រាក់​ដុល្លារ​ប្រមាណ​៩១៥​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ