ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​៧​កំពុង​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ​ចំនួន​២

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខេត្ត​ទាំង​៧​ដែល​កំពុង​រង​គ្រោះ​នោះ​រួម​មាន ខេត្តកោះកុង ប៉ៃលិន បាត់ដំបង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខេត្ត​ទាំង​៧​ដែល​កំពុង​រង​គ្រោះ​នោះ​រួម​មាន ខេត្តកោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះ​សីហ​នុ កែប និង​ខេត្តកំពង់ស្ពឺ ។ ក្នុង​នោះ​ខេត្តកំពង់ស្ពឺ​រង​ប៉ះពាល់​ខ្លាំង​ជាងគេ ពិសេស​នៅ​ស្រុក​ភ្នំស្រួច មាន​ឃុំ​៨ រង​ផល​ប៉ះពាល់ ដែល​មាន​ប្រជាជន​២៣០​គ្រួសារ​រង​គ្រោះ ស្រូវ​១១៥៧​ហិ​កតា និង​ចំការ​ស្វាយ​២៣២​ហិ​កតា​រង​ការ​លិចលង់ ។

បច្ចុប្បន្ន​កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​កម្រិត​ទឹក​នៅ​ស្ថានីយ៍​ពាម​ឃ្លៃ​ដែល​ឡើង​ដល់​៨,៣០​ម៉ែត្រ​(​កម្រិត​ទឹកជំនន់​) និង​ទំនប់​រលាំង​ជ្រៃ​ដោយ​កម្រិត​ទឹក​ឡើង​ដល់​៧,៦០​ម៉ែត្រ​គិត​ត្រឹម​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៩ ខែកក្កដា (​បើ​ឡើង​ដល់​៧,៨០​ម៉ែត្រ​នឹង​លិច​ផ្សារ​កំពង់ស្ពឺ​) ។

ចំណែក​ខេត្ត​ព្រះ​សីហ​នុ ចំណុច​ដែល​ប្រឈម​ខ្លាំង​គឺ​នៅ​ត្រង់​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា​ដែល​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ទឹក​លិច​ថ្នល់ជាតិ​លេខ​៤ ប្រវែង​ប្រមាណ ៩០០​ម៉ែត្រ មាន​កម្ពស់​ទឹក​១,៧០​ម៉ែត្រ​ហើយ​រហូត​ដល់​វរ​លា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​ទឹកបាន​ស្រក​នៅ​ត្រឹម​កន្លះ​ម៉ែត្រ ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប៉ះពាល់​ចំនួន​៣​ភូមិ​ស្មើ​ប្រ​ណា​ណ​៩០០​គ្រួសារ ។

ដោយឡែក ខេត្តកំពត មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤១ ទឹក​ជន់​លិច​ពេញ​តាម​ដងផ្លូវ​។ គិត​ត្រឹម​ម៉ោង ៧​ល្ងាច​ថ្ងៃ​ទី​១៨ ខែកក្កដា រដ្ឋបាល​ខេត្តកំពត បាន​ប្រកាស​អាសន្ន​នូវ​គ្រោះ​ទឹកជំនន់​ក្នុងភូមិ​អណ្តូង​ជី ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ទឹក​ឡើង​ដល់​កម្ពស់ ៨,២​ម៉ែត្រ ។

ខេត្តកោះកុង មាន​ឃុំ​៥ ក្នុងស្រុក​ចំនួន​៤ រង​ការ​លិច​លង មាន​ប្រជាជន​ប្រមាណ ៥៥១​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។ ខេត្ត​ប៉ៃលិន មាន​ភ្លៀង​ធ្លាក់​ច្រើន ស្ទឹង អូរ ព្រែក មានទឹក​ពេញ​ទាំងអស់ ដោយសារ​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ (​ខេត្ត​ត្រា​ត​)​។

ចំណែក​ខេត្ត​កែប ស្ថានការណ៍​ទឹកភ្លៀង​អាច​គ្រប់គ្រង​បាន ។ រីឯ​ខេត្តបាត់ដំបង មានស្រុក​មួយ​ចំនួន​រង​គ្រោះ ដូច​ជា​ស្រុក​សំឡូត លិច​ភូមិ​ចំនួន​៤ និង​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ គឺ​ឃុំ​ព្រែក​នរិន្ទ ឃុំ​ព្រែក​ខ្ពប និង​ឃុំ​ព្រែក​ហ្លួង​។

ជំនន់​ទឹក​នេះ បាន​ធ្វើ​ឲ្យ​ស្រូវ​កំពុង​ហាល​ផ្កា​៥០​ហិ​កតា ខូចខាត​ទាំងស្រុង និង​ប្រឈម​ខូចខាត​ជាង​១,០០០​ហិ​កតា និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ ១០៩​ខ្នង នៅ​ស្រុក​ឯក​ភ្នំ ។ កម្ពស់​ទឹក​នៅ​ទំនប់​សេក​សក និង​ទឹក​ទំនប់​គ​ង្ហ​ត កំពុង​មានការ​ព្រួយបារម្ភ ។ ចំណែក​ស្ពាន​បឹង​អូរ​ជាង ឃុំ​កំ​រៀង ស្រុក​កំ​រៀង​មាន​ប្រេះ​ដី​នៅ​គល់​ស្ពាន និង​មានការ​បាក់​ច្រាំង​ស្ទឹង​សង្កែ​ប្រមាណ​១០០​ម៉ែត្រ ។
ជំនន់​ទឹកភ្លៀង គឺ​បង្ក​ឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ សុ​ន ទី​ញ កំពុង​រំ​កឹ​ល​ទៅ​ក្បែរ​ដីគោក​ក្រុង​ហាណូយ ស្រប​ពេល​ដែល​ព្យុះ​ទី​១០ កំពុង​វិ​វត្ដ​កើតមក​ឡើង ។

គួ​របញ្ជាក់​ផង​ដែរ​ថា ដើម្បី​ឆ្លើយ​តប ក្នុង​ការ​សង្គ្រោះ​បន្ទាន់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ មុន​រដូវវស្សា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​បង្ការ​ខ្ពស់ ចំពោះ​គ្រោះ​ធម្មជាតិ ដូច​ជា ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ ដែល​អាច​កើត​មាន​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ជំនាញ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ ផលដំណាំ និង​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ