ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ក្នុងចំណោម៨នាក់បានត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដី សហការជាមួយនគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ខ្លួន នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ មីនា ខណៈពេលពួកគេកំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀនក្នុងចេតិយវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
មុខសញ្ញាប្រើប្រាស់ថ្នាំញៀនទាំង៥នាក់ដែលឃាត់ខ្លួនបាន ១-ឈ្មោះផាត រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះលាស់ ហូសេន ភេទប្រុស អាយុ២០ឆ្នាំ, ៣-ឈ្មោះជុ លី ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះជុ អែល ភេទប្រុស អាយុ២៣ឆ្នាំ និង៥-ឈ្មោះលាស់ ហារ៉ាហ្វីន ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម។ ទាំង៥នាក់មានទីលំនៅក្នុងភូមិបណ្តុះសណ្តែក និងភូមិអ៊ិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
លោកអនុសេនីយ៍ទោ សែត វណ្ណលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដីឱ្យដឹងថា មុខសញ្ញាខាងលើនេះសមត្ថកិច្ចបានតាមប្រមាញ់ជាយូរមកហើយ ប៉ុន្តែចាប់ភស្តុតាងមិនបាន ព្រោះថាបញ្ហាគ្រឿងញៀននេះលំបាកក្នុងការបង្ក្រាបណាស់ ទាល់តែមានភស្តុតាងជាក់ស្តែងទើបចាប់ខ្លួនបាន។ លោកឱ្យដឹងថា នៅថ្ងៃកើតហេតុនោះវេលាម៉ោង៨និង៣០នាទីយប់ លោកបានទទួលព័ត៌មានតាមទូរស័ព្ទថា មានក្រុមក្មេងប្រមាណជិត១០នាក់ កំពុងនាំគ្នាជក់ថ្នាំញៀនក្នុងចេតិយវត្តបន្ទាយដី។ ពេលនោះកម្លាំងរបស់លោកដែលកំពុងដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនបានទៅដល់ចំណុចខាងលើព័ទ្ធចាប់បាន៥នាក់ ដោយដកហូតបានដបទឹកសុទ្ធ បំពង់បឺត កំប៉ុងទឹកក្រូច និងម៉ូតូ១គ្រឿងផងដែរ។
លោកអនុសេនីយ៍ឯក ម៉ែន សុវណ្ណា អធិការរងនគរបាលក្រុងពោធិ៍សាត់ទទួលបន្ទុកព្រហ្មទណ្ឌមានប្រសាសន៍ថា ចំពោះបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀននេះលោកបានដាក់បទបញ្ជាដល់ប៉ុស្តិ៍នគរបាលទាំង៧ ត្រូវចាត់វិធានការដូចភ្លៀងរលឹមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបតាមទិសដៅផែនការរបស់លោកវរសនីយ៍ត្រី ប៊ិន វណ្ណា អធិការនគរបាលក្រុងពោធិ៍សាត់ ក្នុងសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្នាំ២០១០ និងលើកទិសដៅឆ្នាំ២០១១ កន្លងទៅនេះ។
មុខសញ្ញាទាំង៥នាក់បានសារភាពថា នៅល្ងាចនោះពួកខ្លួនបានរៃលុយគ្នាបាន៥ដុល្លារ ក៏ជិះម៉ូតូទៅទិញម៉ាទឹកកកបាន១កញ្ចប់នៅកោះតៃវ៉ាន់ ខាងមុខបន្ទាយទាហានភូមិបាក់រទេះ សង្កាត់ព្រៃញី រួចហើយនាំគ្នាមកពួនសំងំជក់ក្នុងចេតិយក៏ត្រូវប៉ូលិសព័ទ្ធចាប់បានតែម្តង។ ពួកគេទើបតែអនុវត្តបានចំនួន៥លើក ហើយកន្លងមកថ្នាំញៀនទិញពីឈ្មោះធី, ឈ្មោះដា និងឈ្មោះចាន់ ធឿន នៅស្រុកភ្នំក្រវាញ៕
ចែករំលែកព័តមាននេះ