រាជធានីភ្នំពេញ ៖ បាត់នាងក្អយឱ្យឈឹង… នាងក្អយជាប់បណ្តឹងពីបទរំលោភសេចក្តីទុកចិត្ត គឺជួលរថយន្តទំនើបរបស់គេច្រើន គ្រឿង យកទៅបញ្ចាំ និងត្រូវតុលាការចេញដីកាស្វែងរកចាប់ខ្លួនរួចហើយ ប៉ុន្តែស្ងាត់ឈឹងមិនដឹងជាគេភ្លេច? ឬខ្ជិលអនុវត្ត? វីវរហើយ ។
បុរសឈ្មោះជីព ធី ជាសិស្សមេធាវីក្បត់នឹងមនសិការ ស៊ីកូនស្រីមិត្តភក្តិដែលយកទៅផ្ញើនៅផ្ទះ គឺរំលោភសេពសន្ថវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ (ក្មេងស្រីអាយុ១៥ឆ្នាំ) ហើយប្រើល្បិចចាប់ឪពុកនាងដាក់គុកមួយប្រាវទៀត ប៉ុន្តែសំណាងអាក្រក់របស់គេ ក៏បែកការណ៍ធ្លាយរឿងពិត តុលាការរាជធានីភ្នំពេញ ក៏ចេញដីកាដោះលែងឪពុកនាងជំទង់រងគ្រោះឱ្យមានសេរីភាពវិញ ហើយចេញ ដីកាស្វែងរកចាប់ខ្លួនសិស្សមេធាវីជីប ធី ដើម្បីបើកការជំនុំជម្រះ ។
ការស្វែងរកចាប់ខ្លួនជីប ធី ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ស្ងាត់ឈឹង… មិនដឹងថា សមត្ថកិច្ចភ្លេច ឬខ្ជិលនោះទេ? បើរវល់តែខ្ជិលយ៉ាង នេះ តើឱ្យពលរដ្ឋសង្ឃឹមលើច្បាប់ដូចម្តេចទៅ?រឿងជំទាវជា រដ្ឋា អតីតរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ វាយប្រហារដោយទឹកអាស៊ីតទៅលើម្តាយមីងតារាសម្តែងអុិន សុខលីដា ដោយសារតែស្រឡាញ់ស្រីដូចគ្នា មិនបានសម្រេចនោះ ក៏ត្រូវតុលាការរាជធានីភ្នំពេញចេញដីកាស្វែងរកចាប់ខ្លួនដែរ ប៉ុន្តែស្ងាត់ឈឹងមិនដឹងថា សមត្ថកិច្ចភ្លេច ឬក៏ខ្ជិលនោះទេ?
ករណីបទល្មើស ព្រហ្មទណ្ឌខាងលើនេះ បានអូសបន្លាយពេលជាង២ឆ្នាំហើយ… បើសមត្ថកិច្ចខ្ជិល ឬមិនអនុវត្តច្បាប់ តើថ្ងៃណា ទៅ ទើបច្បាប់យុត្តិធម៌… ច្បាប់មានតម្លាភាព? អ្នកស្លូតត្រង់សង្ឃឹមលើសមត្ថកិច្ច និងច្បាប់ ចុះបើមិនអនុវត្តជាមួយអ្នកល្មើស តើឱ្យពលរដ្ឋស្លូតត្រង់សង្ឃឹមលើអ្វី?
សំណុំរឿងព្រហ្ម ទណ្ឌចោទប្រកាន់លោកជំទាវ លី ពៅ ភរិយាលោកឧកញ៉ា វែង លីតិចឡា វាយធ្វើបាបយុវជនកូនចិញ្ចឹម៤នាក់ តាំងពីកុមារភាពរហូតដល់វ័យជំទង់ និងខ្លះពេញវ័យដែលបានបែកធ្លាយ កាលពីថ្ងៃទី២២ កុម្ភៈ ២០១៣ នោះ រហូតមកដល់ពេលនេះស្ងាត់ឈឹងមិនដឹងជាគេខ្ជិលអនុវត្តច្បាប់ ឬទុកឱ្យជនត្រូវចោទរត់គេចខ្លួនសិននោះទេ ។
បើតាមការរំ លឹកឡើងវិញពីប្រវត្ដិដើមលោកវ៉ាន់ កុល ជាឪពុកធំរបស់យុវជនរងគ្រោះនិយាយថា ក្មួយកំព្រាប្រុស-ស្រីរបស់លោក៣នាក់ និងនាងផល្លីម្នាក់ទៀតត្រូវបានលោកជំទាវ លី ពៅ និងស្វាមីជាឧកញ៉ាឈ្មោះវែង លីតិចឡា វាយធ្វើបាប-ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ… ដូច្នេះសូមឱ្យសមត្ថកិច្ចអនុវត្តរឿងនេះឱ្យបានលឿន។
លោក វ៉ាន់ កុល និយាយថា ក្មួយរបស់លោកទាំង៣នាក់ ដែលត្រូវលោកជំទាវលី ពៅ វាយធ្វើទារុណកម្ម ក្នុងនាមជាកូនចិញ្ចឹមនោះ ១-ឈ្មោះសង់ សុខា ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះសង់ សុខនី ភេទស្រី អាយុ២០ឆ្នាំ និង៣-ឈ្មោះសង់គន្ធា អាយុ១៧ឆ្នាំ ពួកគេជាបងប្អូនបង្កើតកំព្រាឪពុកម្ដាយតាំងពីតូច និងនាងផល្លី អាយុ១៧ឆ្នាំម្នាក់ផងដែរ ដែលពួកគេត្រូវលោកជំទាវលី ពៅ ប្រមូលយកទៅធ្វើជាកូនចិញ្ចឹម ហើយធ្វើទារុណកម្មដូចទាសករដាច់ថ្លៃ ។
ប៉ុន្ដែលោក បញ្ជាក់ថា ក្មួយឈ្មោះសង់ សុខា និងឈ្មោះសង់ សុខនី បានរត់រួចពីភូមិគ្រឹះនោះមុន ។ លុះក្រោយមកទើបនាងគន្ធា និងនាងផល្លីរត់រួចតាមក្រោយ ទើបធ្វើឱ្យបែកធ្លាយរឿងធ្វើទារុណកម្មដ៏ព្រៃផ្សៃរបស់គ្រួសារ អ្នកមានខាងលើនេះតែម្តង ៕
ចែករំលែកព័តមាននេះ